នៅក្នុងភូមិ Darra Adam Khel កាំភ្លើង AK-47 មួយដើមលក់ក្នុងតម្លៃ១២០ដុល្លារ គឺមានតម្លៃទាបជាងទូរស័ព្ទស្មាត់ហ្វូនមួយគ្រឿងផង។
ភូមិ Darra Adam Khel ស្ថិតនៅក្នុងប្រទេសប៉ាគីស្ថាន ជាប់ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានគេចាត់ទុកថាជាទីផ្សាងងឹតលក់កាំភ្លើងតម្លៃថោកបំផុតក្នុងតំបន់។ ក្រៅពីកាំភ្លើងអាកា នៅមានកាំភ្លើងជាច្រើនផ្សេងទៀតតាមដែលអតិថជនចង់បាន។
បច្ចុប្បន្នមានហាងលក់កាំភ្លើងរាប់រយកន្លែងនៅក្នុងតំបន់នោះ ហើយការផលិតកាំភ្លើងគឺធ្វើឡើងតកូនតចៅនៅក្នុងភូមិខាងលើ បើទោះបីជាមុខរបរខុសច្បាប់ក្តី។ ក្រៅពីកាំភ្លើងអាកានៅមានកាំភ្លើង MP5 ប្រើប្រាស់នៅក្នុងជួរកម្លាំងទាហ៊ានអង់គ្លេស ផងដែរ។ លោក Khattab Ghoul ម្ចាសហាងលក់កាំភ្លើងបានឲ្យដឹងថា គាត់ប្រកបមុខរបរនេះជាង២០ឆ្នាំមកហើយ ដោយកាំភ្លើងខ្លីលក់ក្នុងតម្លៃ៦៦ដុល្លារ ចំណែកប្រាក់ចំណាយសម្រាប់ការផលិតមានតែ៤៤ដុល្លារប៉ុណ្ណោះ។
ការលក់ដូរកាំភ្លើងចាប់ផ្តើមតាំងពីឆ្នាំ១៩៨០ ក្រោយពេលស៊ូវៀត បញ្ចូនទាហ៊ានចូលអាហ្វហ្គានីស្ថាន ប្រឆាំងនៅលោក Mujahideen មេដឹកនាំក្រុមប្រឆាំងដែលមានការគាំទ្រពីលោកខាងលិច ចង់ផ្តួលរំលំរដ្ឋាភិបាលពេលនោះ។ ពេលស៊ូវៀតដកទាហ៊ាន ក្រុមអ្នកផលិត និងលក់អាវុធចាប់ផ្តើមលក់ទៅឲ្យក្រុមតាលីបង់ ។
លោក Muzzamil Khan អ្នកផលិតកាំភ្លើងនៅទីនោះក៏បានបញ្ចាក់ផងដែរថា នៅពេលចុះក្រោយនោះមុខរបបបានថយចុះដោយសារតែតម្រូវការទិញក៏ធ្លាក់ចុះដូចគ្នា។ លោកបន្តទៀតថា ការផលិតនៅប្រព្រឹត្តទៅតាមធម្មតារហូតដល់កម្លាំងទាហ៊ានប៉ាគិស្ថានជ្រៀតជ្រែកធ្វើឲ្យអតិថជនមិនហ៊ានមកកាន់ទីនេះទិញកាំភ្លើង ធ្វើឲ្យការផលិតធ្លាក់ចុះ។
ក្រោយពេលក្រុមអ៊ិស្លាមបង្កើនការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន និងនៅក្នុងមន្ទីរពេទ្យ ទីក្រុង Quettain សម្លាប់មនុស្ស៧០នាក់ រដ្ឋាភិបាលបានចាប់ផ្តើមរឹតបន្តឹងការគ្រប់គ្រងអាវុធ ដើម្បីទប់ស្កាត់ការរីករាលដាលនៃសកម្មភាពវាយប្រហារ៕
ប្រែសម្រួល៖ ម៉ែវ សាធី