តំណាង នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញទទួល និងរៀបចំពិធីជប់លៀងស្វាគមន៍ នាវាកងទ័ពជើងទឹកសាធារណរដ្ឋកូរ៉េ ឈ្មោះ Wang Geon Destroyer (DDH-978) ដែលមកបំពេញទស្សនកិច្ច៣ថ្ងៃ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត តំណាង នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញទទួល និងរៀបចំពិធីជប់លៀងស្វាគមន៍ នាវាកងទ័ពជើងទឹកសាធារណរដ្ឋកូរ៉េ ឈ្មោះ Wang Geon Destroyer (DDH-978) ដែលមកបំពេញទស្សនកិច្ច៣ថ្ងៃ ។

សូមបញ្ជាក់ថា ៖ នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ លោក នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា តំណាង លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញទទួល និងរៀបចំពិធីជប់លៀងស្វាគមន៍ នាវាកងទ័ពជើងទឹកសាធារណរដ្ឋកូរ៉េ ចំនួន០១គ្រឿង ឈ្មោះ Wang Geon Destroyer (DDH-978) ដឹកនាំដោយ វរនាវីឯក Chio Jong Soo មេបញ្ជាការនាវាកងទ័ពជើងទឹកសាធារណរដ្ឋកូរ៉េ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ចាប់ពីថ្ងៃទី១២ ដល់១៤ ខែធ្នូ ឆ្នាំ២០២៤។

ដំណើរបំពេញទស្សនកិច្ចរបស់ នាវាកងទ័ពជើងទឹកសាធារណរដ្ឋកូរ៉េ Wang Geon Destroyer ជាការពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ។ នាវាកងទ័ពជើងទឹកសាធារណរដ្ឋកូរ៉េនេះ អាចទម្ងន់ផ្ទុកសរុប៥៥៨២តោន មានបណ្តោយ១៤៩,៥ ម៉ែត្រ, ទទឹង ១៧,៤ម៉ែត្រ, កម្ពស់ ៣៩,២៤ម៉ែត្រ, ជម្រៅ ទឹក ៧,៣ម៉ែត្រ និងល្បឿន៣០kts។

តាងនាមឱ្យ លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍សូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល កងទ័ព និងប្រជាជនសាធារណរដ្ឋកូរ៉េ ដែលតែងតែឧបត្ថម្ភគាំទ្រដល់ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងការពារជាតិ ក្នុងស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ និងជាមិត្តដ៏ល្អ ក្នុងទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ និងពង្រឹងកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅកាន់តែរឹងមាំលើគ្រប់វិស័យ ជាពិសេសវិស័យការពារជាតិ រវាង ប្រទេសទាំងពីរ។ 

លោក បានបញ្ជាក់ថា ជារួមកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សាធារណរដ្ឋកូរ៉េ បន្តរក្សាចំណងមិត្តភាពល្អ និងពង្រីកពីមួយឆ្នាំទៅមួយឆ្នាំ។ ជាការពិតណាស់ កិច្ចសហប្រតិបត្តិការ រវាងកងយោធពលខេមរភូមិន្ទ និងសាធារណរដ្ឋកូរ៉េ បាននិងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការចូលសំចតលើកទី១ នាវាចម្បាំងកងទ័ពជើងទឹកសាធារណៈរដ្ឋកូរ៉េ DDH-978 នៅព្រះរាជាណាចក្រកម្ពុជា នេះគឺជា ប្រវត្តិសាស្ត្រដែលនឹងត្រូវកត់ត្រាទុក។ ឯកឧត្តមជឿជាក់កិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ នឹងបន្តរីកចម្រើនជាបន្តទៀត នៅថ្ងៃអនាគត។

ក្នុងឱកាសដ៏មានតម្លៃនេះ នាយឧត្តមសេនីយ៍រដ្ឋលេខាធិការ សូមធ្វើការកត់សំគាល់ អំពីសារៈសំខាន់ នៃដំណើទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅសាធារណរដ្ឋកូរ៉េ អំឡុងខែឧសភា ឆ្នាំ២០២៤ ដែលបានជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យឈាន ដល់ដៃគូរយុទ្ធសាស្ត្រ។ នេះគឺដំណើរទស្សនកិច្ចទទួលបានជោគជ័យប្រកបដោយផ្លែផ្កា ពោរពេញទៅដោយសេចក្តីសោមនស្សរីករាយ ដែលជំរុញឱ្យមានសហប្រតិបត្តិការលើវិសយ័យោធាជាបន្តបន្ទាប់មក។

នាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងការពារជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានជំរុញកិច្ចទំនាក់ទំនង និងកិច្ចសហប្រតិប្តិការរវាងប្រទេសទាំងពីរឈាន ដល់ដៃគូរយុទ្ធសាស្ត្រ ជាពិសេសវិស័យការពារជាតិ ក៏បានកំពុងពង្រឹងនិងពង្រីក។ ក្នុងនោះកងទ័ពជើងគោក និងវិស័យរក្សាសន្តិភាព (PKO) រវាងប្រទេសទាំងពីរបានកំពុងបោះជំហានយ៉ាងល្អប្រសើរ។

ជាថ្មីម្តងទៀត តាំងនាមក្រសួងការពារជាតិ និងប្រជាជនកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាត សូមសម្តែងអំណរគុណសាជាថ្មីម្តងទៀតជូនចំពោះ រដ្ឋាភិបាល ក្រសួងការពារជាតិ និងប្រជាជនសាធារណរដ្ឋកូរ៉េ ដែលតែងតែឧបត្ថម្ភគាំទ្រលើគ្រប់វិស័យ ជាពិសេសវិស័យយោធា ហើយលោកសូមជូនពរចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនសាធារណរដ្ឋកូរ៉េ សូមទទួលបានជោគជ័យក្នុងការងារ និងវិបុលភាព ចំរើន រុងរឿង៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print