ភ្នំពេញ ៖ ស្ត្រីមេម៉ាយម្នាក់បានលង់ស្នេហ៍នារីកម្មការិនីរោងចក្រដូចគ្នាសង្ឃឹងថា បានរួមរស់សុខទុក្ខអស់មួយជីវិតបែរជាត្រូវនាងជើងល្អល្បួងយកលុយសរុបលុយ ១ពាន់ដុល្លារអាមេរិចនិងលុយខ្មៃរ ៣លាន១៨ម៉ឺនរៀល ហើយគេចខ្លួនបាត់សូន្យឈឹង។
បន្ទាប់ពីលែងលះជាមួយប្តីអស់រយៈពេលជាយូរហើយក្លាយជាស្ត្រីមេម៉ាយ គ្មានប្តីជាទីពឹងស្ត្រីម្នាក់នោះបានចូលបម្រើការងារាកម្មករោងចក្រ ហើយក៏បានជួបនារីម្នាក់ដែលបម្រើការងាជាមួយគ្នារហូតដល់ទន់ចិត្តស្រលាញ់សុំស្នេហានិងសន្យារស់នៅជាមួយគ្នាទៀតផង។ ដោយស្ត្រីរងគ្រោះបានដើរតួជាប្តីចំណែកនារីជើងល្អនោះដើរតួជាប្រពន្ធ។
មិនតែប៉ុណ្ណោះ នាងដែលដើរតួជាប្រពន្ធ បានលួងលោមនាងជាប្ដីឲ្យទិញគ្រឿងអលង្ការ សុំលុយកាក់ និងទូរស័ព្ទពីនាងជាប្ដីបន្តបន្ទាប់ ដែលសរុបជិត២ពាន់ដុល្លារអាមេរិក ។ បន្ទាប់ពីនារីជាប្រពន្ធល្បួងយកអ្វីដែលនាងចង់បានរួចក៏គេចខ្លួនបាត់ស្រមោលសូន្យឈឹងមិនឃើញត្រឡប់ទៅរកនាងវិញឡើយ ។ នាងបានចាំបាត់ៗស្ងាត់ឈឹងគ្មានដំណឹងសោះឡើយ ចំណែកទូរស័ព្ទបានបិទខលមិនចូលទៀត ទើបតែពេលនេះត្រូវប្រទះឃើញប្រពន្ធកំពុងស្នាក់នៅផ្ទះជួលជាមួយមិត្តភក្ដិក៏ឃាត់ខ្លួនប្រគល់ឲ្យនគរបាលតែម្ដង ។
ការឃាត់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែងក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីដែលដើរតួជាប្ដីនោះឈ្មោះ ប៊ុត ស៊ីណាត អាយុ២៦ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់បន្ទប់ផ្ទះជួលក្នុភូមិអូរដឹម សង្កាត់ចោមចៅ និងមានស្រុកកំណើតនៅក្នុងភូមិវាលអំពិល ឃុំទ្រាល ស្រុកបារាយ ខេត្តកំពង់ធំ ។ នាងបានអះអាងថា បានចាញ់បោកប្រពន្ធអស់កងដៃ១ឈុត ដែលមានតម្លៃ២លាន៨០ម៉ឺនរៀល, ចិញ្ចៀនប្លាទីនដាំត្បូងតម្លៃ៣៨ម៉ឺនរៀល, ទូរស័ព្ទដៃ១គ្រឿងតម្លៃ២៥០ដុល្លារ លុយចំនួន ៧៥០ដុល្លារ ។
ដោយឡែកនារីដើរតួជាប្រពន្ធនោះឈ្មោះ គង់ អម្ព ហៅណៃ អាយុ២៣ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលភូមិអូរដឹម សង្កាត់ចោមចៅ និងមានស្រុកកំណើតនៅក្នុងភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ស្ត្រីរងគ្រោះបានឲ្យដឹងថា ពេលរស់នៅជាមួយគ្នានារីជាប្រពន្ធបានលួងលោមសុំឲ្យនាងដែលជាប្ដីទិញគ្រឿងអលង្ការឲ្យ ព្រមទាំងសុំលុយ និងទូរស័ព្ទផង ហើយនាងបានប្រគល់ឲ្យជាបន្តបន្ទាប់ និងបានសន្យាថានឹងរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ ក្រោយពេលចប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រោយពេលដែលពួកគេវិលត្រឡប់មកពីលេងស្រុកកំណើតវិញរៀងៗខ្លួន។
ប៉ុន្តែក្រោយមកបានបាត់ស្រមោលស្រីស្រស់ទងវងសូន្យឈឹង មិនឃើញពាលពៅត្រឡប់មកវិញឡើយ ចំណែកឯទូរស័ព្ទក៏ខលមិនចូលថែមទៀត នាងរង់ចាំរយៈពេលជាង៤ខែហើយ រហូតដល់វេលាព្រឹកថ្ងៃទី១៣ ខែសីហា ទើបប្រទះឃើញប្រពន្ធកំពុងស្នាក់នៅជាមួយមិត្តភក្តិនៅផ្ទះជួល នាងក៏បានប្ដឹងនគរបាលតែម្ដង។
បន្ទាប់មកនគរបាលបានធ្វើការសាកសួរហើយនាងជាប្រពន្ធនោះបានសុខចិត្តចេញសំណងទៅខាងប្ដីក្នុង១ខែចំនួន៥០ដុល្លារ ជារៀងរាល់ខែ រហូតដល់គ្រប់ចំនួន និងបានប្រគល់លុយ ១០០ដុល្លារផ្សេងទៀតសម្រាប់ថ្លៃទិញទូរស័ព្ទម៉ាក iPhone5 ដើម្បីបញ្ចប់រឿង ៕
រូបនាងប្រពន្ធ
ដោយ៖ សុខាសែនជ័យ