សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ហេតុអ្វីបានជារាជរដ្ឋាភិបាលប្តេជ្ញាបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ប្តេជ្ញាបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសមិទ្ធផលជាតិជាច្រើនដែលរាជរដ្ឋាភិបាលអាណត្តិមុនៗបានសម្រេចបាន ដែលបានរំលេចក្នុងបរិស្ថានគ្របដណ្តប់នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាគលាភនៃសុខសន្តិភាព បានបង្កើតនូវបរិយាកាសអំណោយផល សម្រាប់កម្ពុជានៅក្នុងការរុញច្រានការអភិវឌ្ឍលើគ្រប់វិស័យ ដែលនៅក្នុងនោះការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាអាទិភាពដ៏សំខាន់មួយដូចមានគូសរំលេចនៅក្នុងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងមានលទ្ធភាពធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធដើម្បីក្លាយជាកម្លាំងចលករដ៏សំខាន់នៅក្នុងការកែលម្អជីវភាពប្រជាពលរដ្ឋ និងរួមចំណែកជាអតិបរមាដល់ការបោះជំហានទៅមុខប្រកបដោយភាពប្រាកដនិយមសំដៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយបរិយាបន្ន ចីរភាព និងភាពធន់នឹងវិបត្តិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះ គឺដើម្បីតភ្ជាប់រវាងបងប្អូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ហើយក៏ដើម្បីងាយស្រួលជួយរកដំណោះស្រាយជួយដល់បងប្អូនដែលជួបបញ្ហាផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យក្រសួងជំនាញ ចុះអប់រំ និងធ្វើការផ្សព្វផ្សាយ បន្ថែមទៀត ដល់បងប្អូនតាមសហគមន៍ ទាក់ទងនឹងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយសម្តេចធិបតី ព្រមានចំពោះអ្នកណា ដែលបន្លំប្រជាពលរដ្ឋរត់ការ ទាក់ទងនឹងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print