ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ការបង្កើតថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ ការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូនកាន់តែល្អប្រសើរមួយកម្រិតទៀត។
ទន្ទឹមនឹងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បច្ចុប្បន្ន សកលលោកមានការប្រែប្រួលលឿនជាមួយនឹងភាពមិនប្រាកដប្រជាខ្ពស់ និងបញ្ហាប្រឈមផ្សេងៗដែលបន្ទុចបង្អាក់ដំណើរការអភិវឌ្ឍ និងមានការលំបាកជាអវិជ្ជមានលើកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះហើយទើបរាជរដ្ឋាភិបាលយល់ច្បាស់អំពីភាពចំាបាច់ក្នុងការកែលម្អ ជំរុញ និងពង្រឹងការអនុវត្តការកែទម្រង់ជារចនាសម្ព័ន្ធដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិឱ្យមានសន្ទុះល្អប្រសើរប្រកបដោយបរិយាប័ន្ន ដើម្បីធានាថាប្រជាជនកម្ពុជាទទួលបានផ្លែផ្កាទំាងដោយផ្ទាល់ និងប្រយោលពីកំណើនសេដ្ឋកិច្ចសំដៅពង្រឹងភាពធន់ទៅនឹងវិបត្តិនានា ក៏ដូចជាភាពធន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិយើង។
សម្តេចបានគូសបញ្ជាក់ថា «ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់ មិនមានដាក់ថាបងប្អូនត្រូវតែចុះថ្ងៃនេះ ឬថ្ងៃនោះ ឬត្រឹមអវសានវាទនេះ ហើយទទួលបន្ទុកអ្វីទេ គឺស្ម័គ្រចិត្តទាំងស្រុង បងប្អូនឃើញបងប្អូនសិក្សាច្បាស់លាស់ថាបានផល ហើយអត់មានទទួលបន្ទុកអ្វីទេ ហើយបងប្អូនស្ម័គ្រចិត្ត ហើយនេះគឺជាគោលដែលបានណែនាំតាំងពីដើម ហើយ បានហាមដាច់ខាត កុំឱ្យមានការជំរុញឬបង្ខិតបង្ខំ គឺតាមការស្ម័គ្រចិត្ត»។
សម្តេចធិបតី បានលើកឡើងថា ការចុះឈ្មោះនេះមិនត្រឹមតែឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានអត្តសញ្ញាណផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើន និងការគាំទ្រនានាបន្ថែមទៀត។
សម្តេចបានគូសបញ្ជាក់បន្ថែមថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានផលរបរក្រោម២៥០លានរៀល ឬប្រហាក់ប្រហែល៦ម៉ឺនដុល្លារក្នុង មួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនបាច់ រៀប ចំឯកសារប្រកាសពន្ធអ្វីទាំងអស់។ នេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខ របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថាគ្មានការចំណាយ និងមិនចាំបាច់ណាមួយដែលអ្នកប្រកបរបរក្រៅប្រព័ន្ធបង់ពន្ធជូនរដ្ឋឡើយ៕
ដោយ ៖ សិលា