ដុតភ្លើងក្រោមគ្រែយកកម្តៅឲ្យម្តាយរងាប៉ើងកម្ទេចភ្លើងប៉ះជញ្ជាំងស្លឹកឆេះផ្ទះបណ្តាលឲ្យម្តាយជរាឆេះរលាកពេញខ្លួន

ចែករំលែក៖

ខេត្តកណ្តាល ៖ លោកយាយជរាម្នាក់បន្ទាប់ពីមានអាការៈរងាឲ្យកូនដុតភ្លើងពីក្រោមគ្រែដើម្បីយកកម្តៅ តែភ្លេចខ្លួន ខ្យល់រំភើយប៉ើងកម្ទេចភ្លើងទៅប៉ះជញ្ជាំងស្លឹក បង្កជាអគ្គិភ័យឆាបឆេះផ្ទះ លោកយាយជរាម្នាក់រងរបួសធ្ងន់ ឆេះរលាកពេញខ្លួន ។

ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ច ជួយអន្តរាគមន៍ រំដោះដូនចាស់ចេញពីភ្លើង កាលពីម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិមាត់បឹង ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា លោកយាយរងរបួស មានឈ្មោះ គួន ទៀង អាយុ៧២ឆ្នាំ ជរា រស់នៅផ្ទះកើតហេតុ សង់ពីឈើប្រក់ស្លឹកត្នោត ជញ្ជាំងបាំងស័ង្កសី ទំហំ៤ម៉ែត្រx៦ម៉ែត្រ ។

បើតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ខណៈដែលលោកយាយមានអាការៈរងា ហើយបានឱ្យកូនដុតភ្លើងនៅក្រោមគ្រែដើម្បីយកកម្តៅ ដោយភ្លេចខ្លួន ស្របពេលដែលខ្យល់បក់រំភើយ ធ្វើឱ្យប៉ើងកម្ទេចភ្លើងទៅប៉ះស្លឹកកណ្តបជញ្ជាំងផ្ទះ បណ្តាលឱ្យឆាបឆេះផ្ទះ ផ្អើលអ្នកភូមិ កម្លាំងអាជ្ញាធរ សមត្ថកិច្ចជួយអន្តរាគមន៍ រំដោះជនរងគ្រោះចេញពីភ្លើង ឆេះរលាកពេញខ្លួនរបួសធ្ងន់ ។

បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបាន ក្រុមគ្រួសារ អាជ្ញាធរ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ។ គ្រោះអគ្គិភ័យនេះដែរបាន្តាលឲ្យខូចខាតឆេះសំយ៉ាបផ្ទះ និងខូចខាតសម្ភារៈអស់មួយចំនួន តែមិនរាលដាលទៅផ្ទះជិតខាងឡើយ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print