សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើ «យុទ្ធសាស្រ្តផ្ការីក» មានន័យបែបណាចំពោះរាជរដ្ឋាភិបាល?

ចែករំលែក៖

ខេត្តកណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា យុទ្ធសាស្រ្តផ្ការីករបស់ក្រុមប្រឆាំងគឺមានន័យថា ផ្តួលរដ្ឋាភិបាល បង្កើតសង្រ្គាម ដើម្បីដណ្តើមអំណាច ប៉ុន្តែផ្ការីកចំពោះរដ្ឋាភិបាលគឺជាការដាំគ្រាប់ផ្កានៃការអភិវឌ្ឍ ហើយដាក់ការអភិវឌ្ឍវិស័យឯកជនដើម្បីរីកលូតលាស់ ហើយនាំកន្លែងផ្សេងទៀតឱ្យមានការអភិវឌ្ឍកាន់តែច្រើន ពោលគឺប្រែក្លាយតំបន់ដែលស្ងាត់ និងពិបាកតភ្ជាប់ទៅជាកន្លែងដែលអាចតភ្ជាប់ និងជាកន្លែងដែលមានមនុស្សរស់នៅច្រើន ព្រមទាំងបម្រើដល់សេវាកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ផ្ការីកដែលប្រជាពលរដ្ឋចង់បានគឺផ្ការីកនៃសន្តិភាព ព្រោះថា ផ្លែផ្កានៃសន្តិភាពនឹងអាចឱ្យយើងមានការរីកចម្រើនប្រកបដោយសុខុដុមនីយកម្ម និងបានផលទៅដល់ប្រជាពលរដ្ឋគ្រប់រូប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «បើកការដ្ឋានគម្រោងអភិវឌ្ឍន៍ក្រុងរណបនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ៖ សម្តេចតេជោ ហ៊ុន សែន វីរបុរសសង្គ្រោះជាតិ និងជាបិតាសន្តិភាពកម្ពុជា បានចំណាយពេលជាង១៩ឆ្នាំ គិតពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៩៧ រហូតដល់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដើម្បីស្វែងរកការឯកភាពជាតិមួយពេញលេញ។ ជាភ័ព្វសំណាងរបស់កម្ពុជា នៅថ្ងៃទី២៩ធ្នូ១៩៩៨ សម្តេចតេជោ ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវការឯកភាពជាតិរវាងខ្មែរនិងខ្មែរ ពីច្រើនក្រុម ច្រើនពណ៌ មកជាខ្មែរតែមួយ រហូតនាំមកនូវសុខសន្តិភាពពេញលេញ ការឯកភាពជាតិជាធ្លុងមួយដ៏រឹងមាំ រហូតមកដល់សព្វថ្ងៃនេះ។
ដូច្នេះទិវាសន្តិភាពនៅកម្ពុជា ថ្ងៃទី២៩ធ្នូ គឺជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលកម្ពុជាទទួលបានសន្តិភាពពេញផ្ទៃប្រទេសទាំងស្រុង ក្រោមរូបមន្តឈ្នះ-ឈ្នះ គឺឈ្នះទាំងអស់គ្នា។
សន្តិភាពមានតម្លៃលើសលុប ដែលមិនអាចកាត់ថ្លៃបាន ប្រជាជនកម្ពុជាបានរស់នៅក្នុងសេចក្តីសុខសាន្តរហូតមកដល់សព្វថ្ងៃនេះ ក៏ព្រោះតែការបញ្ចប់បាននូវសង្គ្រាមទាំងស្រុង និងការរកឃើញនូវការឯកភាពជាតិមួយពេញលេញ។ ជាមួយគ្នានេះ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលស្រលាញ់សន្តិភាព និងចង់ថែរក្សាសន្តិភាពឱ្យបានគង់វង្សយូរអង្វែងតរៀងទៅ រាជរដ្ឋាភិបាលបន្តវេន្ត ដែលដឹកនាំដោយ  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានចក្ខុវិស័យថែរក្សាសន្តិភាពពីថ្នាក់ដឹកនាំជំនាន់មុនឱ្យបានស្ថិតស្ថេរគង់វង្សទោះក្នុងតម្លៃណាក៏ដោយ ដូច្នេះនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី បានចេញអនុក្រឹត្យកំណត់ យកថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ជាថ្ងៃឈប់សម្រាកសាធារណៈចាប់ពីឆ្នាំ២០២៤តទៅ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print