ខេត្តក្រចេះ៖ ជនសង្ស័យប្រុសស្រី២នាក់ ក្នុងនោះមានម្នាក់ជាជនជាតិវៀតណាម ជាមុខសញ្ញាជួញដូរថ្នាំញៀន ទ្រង់ទ្រាយធំនៅក្នុងស្រុកស្នួល ខេត្តក្រចេះ គឺត្រូវកម្លាំងនគរបាលស្រុក ចាប់បញ្ជូនខ្លួនមកការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ក្រោយពីចាប់ឃាត់ខ្លួនបាន១ថ្ងៃ ដើម្បីមានចំណាត់ការបន្ត។
ស្រ្តីនិងបុរសជាប់សង្ស័យទាំង២នាក់នេះឈ្មោះ ស៊ុន វណ្ណារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ និងម្នាក់ទៀតឈ្មោះ ង្វៀង ធីវៀង ភេទស្រី អាយុ២៧ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅភូមិរោងចក្រ ឃុំក្បាលស្នួល ស្រុកស្នួល ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចជំនាញ បានរកឃើញថ្នាំញៀនចំនួន៣៥កញ្ចប់តូចធំ ។
លោកវរៈសេនីយ៍ទោ ចាន់ សុខគីម អធិការនគរបាលស្រុកស្នួលបានឱ្យដឹងថា ជាមួយនឹងការចាប់បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មនេះ គឺសមត្ថកិច្ចបានធ្វើឡើងជាពីដំណាក់កាល ក្រោមការសម្របសម្រួលពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។
លោកថា នៅល្ងាចថ្ងៃទី១២ខែសីហា កម្លាំងជំនាញបានស្ទាក់ចាប់បានជនសង្ស័យម្នាក់ ឈ្មោះស៊ុន វណ្ណារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ខណៈដែលជននេះកំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀន ហើយដកហូតបានថ្នាំញៀនចំនួន៦កញ្ចប់តូចធំ ។
លោកបន្តថា ជាមួយនឹងការចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់នេះរួចមកនឹងទទួលបានចម្លើយសារភាព ទើបសមត្ថកិច្ចឈានទៅដល់ការចាប់ឃាត់ខ្លួនស្រ្តីសង្ស័យម្នាក់ទៀតឈ្មោះ ង្វៀង ធីវៀង ភេទស្រី អាយុ២៧ឆ្នាំ ជាជនជាតិវៀតណាម ដែលជាមេខ្លោងធំ ហើយឆែកឆែររកឃើញថ្នាំញៀន ចំនួន២៩កញ្ចប់តូចធំ ។
នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តក្រចេះ លោក គង់ ស៊ីដន បានឲ្យដឹងថា ក្រោយពីមានការចាប់ឃាត់ខ្លួនមកសាកសួរ និងបានធ្វើកោសល្យវិច័យទៅលើថ្នាំញៀនទាំងនោះរួចមក ស្រ្តីសង្ស័យរួមនឹងថ្នាំញៀន ត្រូវកម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនខេត្ត កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៣ខែសីហានេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
ដោយ៖ កោះទ្រុង