ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម FUNAKOSHI Takehiro អនុរដ្ឋមន្ត្រី ក្រសួងការបរទេសជប៉ុន បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-ជប៉ុន លើក ទី២ នៅរាជធានីភ្នំពេញ។ កិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី គឺជាយន្តការដ៏សំខាន់មួយដែលត្រូវបាន បង្កើតឡើងដើម្បីពិភាក្សារិះរកផ្លូវ និងមធ្យោបាយជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេស ទាំងពីរ។
ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដែលគ្របដណ្តប់លើវិស័យជាច្រើន ក្នុង នោះរួមមានវិស័យនយោបាយ ការពារជាតិ និងសន្តិសុខ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វប្បធម៌ សកម្មភាពមីន និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើការ វិវត្តថ្មីៗក្នុងតំបន់ និងអន្តរជាតិ ជាពិសេសបញ្ហាមួយចំនួន ដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម។
ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នា គ្រប់កម្រិតជាញឹកញាប់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន និងបានវាយតម្លៃដូចគ្នាថា កិច្ចសហ ប្រតិបត្តិការទ្វេភាគីបានអភិវឌ្ឍក្នុងទិសដៅត្រឹមត្រូវ ដែលបានរួមចំណែកធ្វើឱ្យប្រទេសទាំងពីររក្សាបាននូវ ទំនាក់ទំនងដ៏កក់ក្តៅ។
ភាគីជប៉ុនបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអនុវត្តអភិក្រមថ្មីនៃកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា ដែលផ្តោតលើវិស័យសំខាន់ចំនួនបី គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម ការតភ្ជាប់សមុទ្រ និង សកម្មភាពមីនមនុស្សធម៌ និងបានគូសបញ្ជាក់ថា ជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការ អភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយទៅជាមជ្ឈមណ្ឌលក្នុងតំបន់។
ភាគីកម្ពុជា បានទទួលស្គាល់ ថា អភិក្រមថ្មីនៃកិច្ចសហប្រតិបត្តិការនេះបានគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណ-ដំណាត់ការទី១ រាជរដ្ឋាភិបាលកម្ពុជា និងបានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការជាច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្ពុជា។
ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ឯកឧត្តម FUNAKOSHI Takehiro ក៏បានចូលជួបសម្តែងការគួរ សមចំពោះឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយបានពិភាក្សាអំពីការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី និងពហុភាគី៕ដោយ៖ស តារា