ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មានករណីរថយន្តដឹកកម្មករបេះផ្លែស្វាយបែកកង់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិលេខ៤៤ ស្រុកឱរ៉ាល់ ស្លាប់និងរបួសច្រេីននាក់ កាលពីរសៀលម្សិលមិញនេះ នៅចំណុចលើផ្លូវជាតិលេខ៤៤ (៣៧-៣៨) ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ប្រភពដដែលបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡេីងរវាងរថយន្ត និងរថយន្ដ ក្នុងនោះរថយន្តដឹកកម្មករទៅបេះផ្លែស្វាយបានប៉ះជាមួយរថយន្តដឹកគ្រឿងសង្ហារិមដឹកគ្រែតុទូឈេីដេីរលក់ បណ្ដាលឱ្យគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកកម្មករបេះផ្លែស្វាយធ្លាក់ចេញពីផ្លូវជាតិលេខ៤៤ និងបណ្ដាលឱ្យរងរបួសមនុស្សជាច្រេីននាក់រហូតមានអ្នកស្លាប់បាត់បង់ជីវិតម្នាក់ផងដែរ។
ហេតុការណ៍ខាងលេី សមត្ថកិច្ចនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានចុះអន្ដរាគមន៍ជួយសម្រួលនីតិវិធី និងសង្រ្គោះអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ រីឯអ្នកស្លាប់បានតំកល់ទុកជូនសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីសាសនា។
ករណីគ្រោះថ្នាក់ខាងលេីយោងតាមមន្រ្ដីនគរបាលចរាចរណ៍ចុះផ្ទាល់ថារថយន្ត០១គ្រឿង ម៉ាកHYUNDAI MIGHTY ពណ៌ស មានផ្លាកលេខភ្នំពេញ 3F-5022 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន ក្រោយជួបគ្រោះថ្នាក់ ដោយមានអ្នករួមដំណើរប្រមាណ ១០នាក់ អ្នករងរបួសរួមមាន៖
១-ឈ្មោះ វីង ធីដាវ ភេទប្រុស អាយុ 52ឆ្នាំ ជនជាតិវៀតណាម(បាក់ជើងខាងស្ដាំ) ឃុំថ្មគោល ស្រុកល្វាឯម ខេត្តកណ្ដាល
២-ឈ្មោះ ទុំ ចិន្ថា ភេទប្រុស អាយុ 49 ឆ្នាំ(របួសស្រាល) ឃុំព្រែកតាស ស្រុកពោធិរៀង ខេត្តព្រៃវែង
៣-ឈ្មោះ ពុធ សំណាង ភេទប្រុស អាយុ 18ឆ្នាំ
៤-ឈ្មោះ ជា ហេង ភេទប្រុស អាយុ63 ឆ្នាំ(របួសស្រាល)
៥-ឈ្មោះ ឆាយ សយ ភេទប្រុស អាយុ 52ឆ្នាំ(របួសស្រាល)
៦-ឈ្មោះ ពុំ ពឿន ភេទប្រុស អាយុ 44 ឆ្នាំ(របួសស្រាល)
៧-ឈ្មោះ សុន ផល្លា ភេទប្រុស អាយុ 32 ឆ្នាំ(របួសស្រាល)
៨-ឈ្មោះ ទុំ ដានី ភេទប្រុស អាយុ 20 ឆ្នាំ(របួសស្រាល)
៩-ឈ្មោះ គង់ សារ៉ុង ភេទប្រុស អាយុ 24ឆ្នាំ(របួសស្រាល)
១០-ឈ្មោះ សែង ដានុន ភេទប្រុស អាយុ 19ឆ្នាំ (របួសស្រាល)។
តាមសាក្សីដែលឋិតក្នុងហេតុការណ៍ បញ្ជាក់ រថយន្តបើកបរក្នុងទិសដៅពីកើតទៅទិសខាងលិច បើកបរបញ្រ្ចាស់ទិសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តបែកកង់ រួចជ្រុលទៅបុករថយន្ត០១គ្រឿងម៉ាកHYUNDAI ពណ៍ខៀវ លេខកំពង់ស្ពឺ 2A-4502 ទេីបក្រឡាប់តែម្ដង ឈ្មោះ វ៉ន ឆេន ភេទប្រុស អាយុ៤៨ឆ្នាំ អ្នកបើកបរ(របួសស្រាល) អ្នករួមដំណើរម្នាក់ឈ្មោះ ម៉ក់ ដា ភេទស្រី អាយុ៣៨ឆ្នាំ (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ជាប្រពន្ធអ្នកបេីកបរ) រស់នៅភូមិព្រៃផ្តៅ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ (ស្រុកបំបែកពីស្រុកឧដុង្គ)។
បច្ចុប្បន្នសមត្ថកិច្ចនគរបាល បានធ្វើការស្ទួចយករថយន្ដខាងលេីមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដេីម្បីបន្ដនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក បន្ដ៕ ដោយ៖តារា