សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាស​ខេត្ត​កំពង់​ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែក​បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ​ នាព្រឹកនេះ!

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ខេត្ត​កំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង​ចែក​បណ្ណ​កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។

សូមជម្រាបជូនថា​ ភ្លើងសង្គ្រាម ជម្លោះ និងការបែកបាក់របស់កម្ពុជាក្នុងពេលអតីតកាល បានបង្កការលំបាក និងភាពស្មុគស្មាញជាច្រើនក្នុងដំណើរ​ការគ្រប់​គ្រង និងដឹកនាំ​ជាតិ​។ វិបត្តិរបស់កម្ពុជាក្នុងគ្រាអតីតកាលនោះ មិន​ត្រឹម​​តែបង្កជាឧបសគ្គក្នុងការកសាងសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ការគ្រប់​គ្រង​ដីធ្លីក៏បង្កជាបញ្ហាដល់ការដឹកនាំរដ្ឋផងដែរ ព្រោះពុំមានការគ្រប់​គ្រងមួយបានច្បាស់លាស់នោះឡើយ។ ជាពិសេសនៅក្នុងប្រទេស​កម្ពុជា ធ្លាក់ចូលក្នុងរបបកម្ពុជាប្រជាធិបតី ដីកម្មសិទ្ធិរបស់ប្រជាពល​រដ្ឋត្រូវបានរឹបអូសដាក់ជាទ្រព្យសម្បតិរួម មិនមានឡើយកម្មសិទ្ធិឯក​ជន។

ទោះបីរបបប្រល័យពូជសាសន៍ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែ​មក​រា ឆ្នាំ១៩៧៩យ៉ាងណាក្តី កម្ពុជាបន្តអនុវត្តការគ្រប់គ្រងដីធ្លីជាសមូ​ហ​ភា​ព ពោលជាការគ្រប់គ្រងដីធ្លីរួម ដោយមិនមានការបែង​ចែកកម្ម​សិទ្ធិ​ដីធ្លីឡើងវិញនោះឡើយ។ ដោយមើលឃើញពីឧបសគ្គក្នុងការកសាង​សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានក្រុមប្រឹក្សារដ្ឋ ក៏បានសម្រេចធ្វើ​ទម្រង់​លើការគ្រប់គ្រងដីធ្លីនេះ ដែលជាការសម្រេចចិត្តប្រកបដោយភាព​ប្រឈម​​ជាច្រើនលើកិច្ចការកំណែទម្រង់ដីធ្លីនេះ។ នៅឆ្នាំ១៩៨៩ រដ្ឋា​ភិបាលកម្ពុជាបានផ្តួចផ្តើមឱ្យមានកម្មសិទ្ធិដីធ្លីជាលើកទី១ ឡើងវិញ ដោយរៀបចំបង្កើតស្ថាប័នដីធ្លី ដែលផ្លាស់ប្តូរនាយកដ្ឋានគ្រប់គ្រង​គោល​នយោ​បាយសេដ្ឋកិច្ចកសិកម្មទៅជានាយកដ្ឋានសុរិយោដី​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសម្រេចទទួល​បាន​ពាក្យស្នើសុំកាន់កាប់ដីធ្លីទូទាំងប្រទេស បានប្រមាណ ៧០ភាគរយ​នៃក្បាលដីសរុប។

នៅពាក់កណ្តាលទសវត្សរ៍ទី៩០ រាជរដ្ឋាភិបាលបានខិតខំប្រឹង​ប្រែង​បើក​យុទ្ធនាការ​ដ៏ធំក្នុងការចុះបញ្ជីក្បាលដីចំនួន ៤,៥លានក្បាលដី និងការអភិវឌ្ឍនូវប្រព័ន្ធសុរិយោដី និងការចុះបញ្ជីដីធ្លីជាលក្ខណៈ​ប្រព័ន្ធ​ជា​បន្ត​បន្ទាប់។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ដែលមាន​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បាន​បន្ត​នូវគោលនយោបាយនៃការចុះបញ្ជីដីធ្លី។ ការបញ្ចប់ការវាស់​វែង​ដីធ្លីមានលក្ខណៈជាប្រព័ន្ធនឹងបម្រើឧត្តមប្រយោជន៍ របស់ប្រជាជន​គ្រប់រូប និងតជំនាន់ ជាមួយគ្នានេះវាជាមូលដ្ឋានច្បាប់ដ៏រឹង​មាំដែលនឹង​ចូលរួមកាត់បន្ថយ និងបញ្ចប់វិវាទទាំងឡាយ និងចូលរួមបង្កើតបរិយា​កាស​គ្មានវិវាទសម្រាប់សង្គមជាតិ ដែលជាឫសកែវនៃសុខសន្តិភាព។

ម្យ៉ាងវិញទៀតការបញ្ចប់ការវាស់វែងដីធ្លីនឹងអនុញ្ញាតឱ្យរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លា​សា​ធារណៈ ប្លង់គោលប្រើប្រាស់ដីធ្លី និងពង្រីក កំណើនជីវភាព​ប្រជា​ពល​រដ្ឋឱ្យកាន់តែប្រសើរឡើង។

ឈរលើមូលដ្ឋានខាង​លើរាជរដ្ឋា​ភិបាល ក្រោមការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ឱ្យអនុវត្តនូវគោល​នយោ​បាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី ដែលជាជំហានមួយ​នៃ​កំណែទម្រង់ស៊ីជម្រៅក្នុងវិស័យដីធ្លី ដើម្បីដោះស្រាយស្ថានភាពកាន់​កាប់ដីធ្លីពីការកាន់កាប់ដីធ្លីមិនច្បាស់លាស់ ឬមិនទាន់ស្របច្បាប់​របស់​ប្រជាពលរដ្ឋឱ្យមកជាការកាន់កាប់ដោយច្បាស់លាស់ មានមូលដ្ឋាន​ច្បាប់រឹងមាំ ដោយសុវត្ថិភាពផ្លូវច្បាប់ សន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់​អចលនទ្រព្យរបស់ប្រជាពលរដ្ឋឈានទៅកសាងសង្គមកម្ពុជាជាភូមិឋានក្សេមក្សាន្ត ដោយរដ្ឋធ្វើប្រទានកម្មឱ្យប្រជាពលរដ្ឋមាន​កម្មសិទ្ធិ​ពេញលេញ ជាសម្បទានដីសេដ្ឋកិច្ចខ្នាតតូច ឬជាសម្បទានដី​សង្គម​កិច្ច សេដ្ឋកិច្ច សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លីឱ្យ​មានប្រសិទ្ធ​ភាព តុល្យភាព និងរក្សាបាននិរន្តរភាពបរិស្ថាន និងធនធានធម្មជាតិ។

ខេត្តកំពង់ចាម ជាខេត្តគោលដៅមួយក្នុងចំណោមខេត្តគោលដៅ​ទាំង​២១ ត្រូវបានចាត់តាំងអនុវត្តបទបញ្ជាលេខ ០១បប ចាប់ផ្តើមពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ បានអនុវត្តនៅលើស្រុកគោលដៅចំនួន ៥ស្រុក គឺស្រុកស្ទឹងត្រង់ ស្រុកតំបែរ, ស្រុកត្បូងឃ្មុំ, ស្រុកអូររាំងឪ និងស្រុកមេមត់ ដោយមាន​ក្រុមការងារចូលរួម ២០ក្រុម ស្មើនឹងចំនួនមនុស្ស ២៥៣នាក់ ក្នុងនោះ​ស្រ្តីមានចំនួន ៤៦នាក់ ដែលរួមមាន៖ យុវជនស្ម័គ្រចិត្តសម្តេចតេជោ មាន១០ក្រុម ស្មើនឹង១២០នាក់ (ស្រី ៣១នាក់) មន្រ្តីបច្ចេកទេស មាន ១០ក្រុម ស្មើនឹង ១០០នាក់ (ស្រី ១៥នាក់) គ្រូពេទ្យ មាន ១៦នាក់ និងអ្នកបើកបររថយន្ត មាន១៧នាក់។ ក្នុងយុទ្ធនាការនោះ បានសម្រេចលទ្ធផលដូចខាងក្រោម៖
* ប្រកាសតំបន់វិនិច្ឆ័យបានចំនួន ២០ឃុំ ស្មើនឹង ១០៥ភូមិ ក្នុងនោះ ស្រុកស្ទឹងត្រង់ មានឃុំចំនួន ៦ ស្មើនឹង២៨ភូមិ
* បំពេញសាលប័ត្រ បានចំនួន ៧០,៣២៧ក្បាលដី

* វាស់វែងក្បាលដី បានចំនួន ៧០,៣២៧ក្បាលដី
* គូរនិងបញ្ជូលទិន្នន័យ បានចំនួន ៦៩,៦១៥ក្បាលដី
* បិទផ្សាយជាសាធារណៈ បានចំនួន ៦៩,៦១៥ ក្បាលដី មានទំហំ ១០២.២១៣,៦១ ហិកតា ស្មើនឹង៣៨,១៤៥គ្រួសារ
* ចែកបណ្ណ បានចំនួន ៦៦,៩៩៩ ក្បាលដី មានទំហំ ៩១,៨៣៤.១៧ហិកតា ស្មើនឹង ៣៥,៩៧៦គ្រួសារ។

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ នៅក្នុងបរិវេណវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បានផ្តល់ កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលជាការចែកបណ្ណកម្មសិទ្ធលើកទី១ នៃការអនុវត្តបទបញ្ជាលេខ ០១បប ជូនប្រជាពលរដ្ឋ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្នុងការបន្តគោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី ខេត្ត​កំពង់ចាម សម្រេចបានដោយជោគជ័យនៃការចុះបញ្ជីដីធ្លីមាន​លក្ខណៈ​​ជាប្រព័ន្ធនៅទូទាំងខេត្តកំពង់ចាម ដែលជាខេត្តទី១​ក្នុង​ចំណោមរាជធានីខេត្តទាំង២៥ ដែលបានបញ្ចប់ទាំងស្រុងការចុះ​បញ្ជីដីធ្លីមាន​លក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ ដោយចាប់ដំណើរការតាំងពីអំឡុងឆ្នាំ២០០៣ រហូតមកទល់ពេលបច្ចុប្បន្ន មានរយៈពេល ២១ឆ្នាំ)។ មកដល់ពេលេនះ បានសម្រេចការងារទាំងស្រុងដូចខាងក្រោម៖

ទី១៖ ធ្វើការប្រកាសតំបន់វិនិច្ឆ័យបាននៅគ្រប់ភូមិ ទូទាំងខេត្ត

ទី២៖ ប្រមូលទិន្នន័យ និងវាស់វែងបាន ៩១៧,៧៩៥ក្បាលដី លើចំនួន​ក្បាលដីដែលប៉ាន់ប្រមាណទូទាំងខេត្តប្រមាណ ៩២៤,៤២១ក្បាលដី គិតជាភាគរយស្មើនឹង ៩៩ភាគរយ។

ទី៣៖ បិទផ្សាយជាសាធារណៈចំនួន ៩២០,១៧៧ក្បាលដី លើចំនួនក្បាលដីដែលបានវាស់វែង និងវិនិច្ឆ័យរួចទូទាំង​ខេត្ត​កំពង់​ចាម ចំនួន ៩១៧,៧៩៥ក្បាលដី គិតជាភាគរយស្មើនឹង ១០០ភាគរយ។

ទី៤៖ បានបញ្ចប់ជាស្ថាពរនូវការចុះបញ្ជីដីធ្លីមានលក្ខណៈ​ជាប្រព័ន្ធ​ទាំង១០ក្រុង-ស្រុក នៃខេត្តកំពង់ចាម នៅថ្ងៃទី១៥-០៥–២០២៤។

ទី៥៖ ចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានចំនួន ៨៩៥.៤៩៨ ក្បាលដី លើចំនួនក្បាលដីដែលបានបិទផ្សាយរួចទូទាំងខេត្ត​កំពង​ចាម ៩១៧,៧៩៥ក្បាលដី គិតជាភាគរយ ស្មើនឹង ៩៨ភាគរយ។ ប័ណ្ណកម្មសិទ្ធចុងក្រោយចំនួន ១០៣,០១៤ ដែលសម្ដេចមហាធិបតី​នឹង​ផ្ដល់​ជូនប្រជាពលរដ្ឋ នាពេលបន្តិចទៀតនេះ ជាកិច្ចបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ចាម។

បន្ទាប់ពីបានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ចាប់ពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ត្រីបច្ចេកទេសក្រុមវាលខេត្តកំពង់ចាម មានចំនួន៦​ក្រុម​វាល ស្មើនឹង ១៦២នាក់ បានចុះសហការ និងជួយមន្ត្រីនៃមន្ទីររៀប​ចំ​ដែន​​ដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ ដើម្បីបន្ត​អនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំចំនួន៩ និងភូមិចំនួន៦២ ក្នុងស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មាន​ក្បាលដីប៉ាន់ស្មានចំនួន ៥១,២៩១ក្បាលដី។

មន្ត្រីបច្ចេកទេសក្រុមវាលខេត្តកំពង់ចាម បានសហការធ្វើការ​វាស់​វែង​រួចចំនួន ៣៣,៥៩១ក្បាលដី ក្នុងឃុំចំនួន៧ ស្មើនឹង ៣៤ភូមិ ដោយ​ឡែក​ក្បាលដីដែលនៅសល់មិនទាន់បានធ្វើការវាស់វែង មានចំនួន ១៧,៧០០ក្បាលដី ក្នុងឃុំចំនួន២ ស្មើនឹង ២៨ភូមិ។

...

នេះជាសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងស្មារតីនៃការបន្ត​អភិ​វឌ្ឍ បែងចែកផ្កាផ្លែនៃសុខសន្តិភាព ជាពិសេស ការបន្តមរតកសមិទ្ធ​ផល នៃរដ្ឋបុរសកម្ពុជា និងការបន្តដឹកនាំនាវាកម្ពុជា ដើម្បីកសាង «សង្គម​ជាតិកម្ពុជាសហសម័យ» រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោម​ការ​ដឹកនាំប្រកប ដោយទស្សនវិស័យវែងឆ្ងាយ ជាក់ស្តែង និងប្រាកដ​និយមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិង​កំពុង​បន្តបុកគ្រឹះថែរក្សា ការពារ ពូនជ្រំសមិទ្ធផលទាំងឡាយដែលសម្រេច​បានកន្លងមក និងធានាបាននូវនិរន្តរភាពការងារ ជ្រោងទង់សាម​គ្គី​ឯក​ភាពផ្ទៃក្នុង។ ជាក់ស្តែង ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់សម្តេចមហាធិបតី បានផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ សន្តិភាព​ផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ តាមរយៈ​គោល​នយោបាយនៃ «ការចុះបញ្ជីដីបង្ហើយ»៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print