ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់បានបង្ហើបនាព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះថា រហូតមកដល់វេលាព្រឹកថ្ងៃសៅរ៍ទី២១ ខែធ្នូ នេះ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធពុំទាន់រកមូលហេតុ និងធ្វើការសន្និដ្ឋានបាននៅឡើយទេ លើករណីអារ.កសម្លាប់អ្នកដឹកក្យូសលក់ គ្រាន់តែបញ្ជាក់អំពីហេតុករណីនេះថា ពុំមែនកើតឡើងនៅកន្លែងបង្កការភ្ញាក់ផ្អើលនោះទេ នេះបើយោងតាមការស្រាវជ្រាវប៉ុន្មានថ្ងៃនេះ ។
ប្រភពពីនគរបាលបង្ហើបទៀតថា ជនរងគ្រោះ(ស្លាប់)ដឹកក្យូសលក់ត្រូវបានគេស្គាល់ឈ្មោះ ទ្រី ឈាង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើត(ខេត្តបាត់ដំបង)បច្ចប្បន្ន មានទីលំនៅ ភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ជនរងគ្រោះមានស្នាមអារ.ក និងបាក់ជើងឆ្វេង មានប្រពន្ធឈ្មោះ លុយ តន អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ និងមានកូនម្នាក់ក្នុងគ្រូសារ ។
ប្រភពបង្ហើបបន្តទៀតថា ក្រោមការត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវនានាជុំវិញកន្លែងកើតហេតុ ជនរងគ្រោះ(ស្លាប់)បានធ្វើដំណើរដោយគោយន្តកន្រ្តៃមានដឹកក្យូសដើរលក់ចំនួន០១ ក្នុងដំណើរពីកើតឆ្ពោះទៅទិលខាងលិច លើកំណាត់ផ្លូវជាតិលេខ៥។ នៅតាមផ្លូវមានស្នាមស្រក់ឈាម(តក់)រហូតដល់ទៅចម្ងាយប្រមាណជាង១០០០ម៉ែត្រ ពីកន្លែងបង្កការភ្ញាក់ផ្អើល(ស្លាប់)ដូច្នេះសបញ្ជាក់ឲ្យឃើញថា កន្លែងកើតហេតុពិតប្រាកដមិនទាន់ជាក់លាក់នៅឡើយទេ ខណៈសមត្ថកិច្ចកំពុងមមាញឹកក្នុងការស្រាវជ្រាវយ៉ាងសកម្ម ។ យោងតាមកាមេរ៉ាសុវត្ថិភាពពីស្ថានីយប្រេងឥន្ធនៈមួយ ពិតជាឃើញគាត់បើកគោយន្តពីកើតទៅលិចពិតមែន ហើយជិះតែម្នាក់ឯងទេ ។ ប្រភពពីតូបលក់ដូរមួយ ជនរងគ្រោះបានចូលទិញស្រាបៀរគាត់ចំនួន០៦កំប៉ុង ខណៈនោះជនរងគ្រោះហាក់បីដូចជាស្រេកស្រាខ្លាំងណាស់ ព្រោះឃើញគាត់គាស់១កំប៉ុងលើកមួយដងដាច់ប៉ិត ដើរមកឡើងគោយន្តគាស់១កំប៉ុងទៀតទើបចេញដំណើរទៅទិលខាងលិចបាត់ទៅ ។ ចំណែកនៅកន្លែងកើតហេតុគេឃើញគាត់ចតគោយន្តចោល ហើយដើរទៅអង្គុយចិញ្ចើមផ្លូវក្បែរគោយន្តរាងយូរគួរសម មួយសន្ទុះក្រោយមកគាត់ងើបដើរទៅពីខាងត្បូងគោយន្ត(កណ្ដាលថ្នល់)វិញម្ដង ចៃដន្យមានរថយន្តមិនស្គាល់ម៉ាកបុក និងកិនបណ្ដាលឲ្យបាក់ជើងឆ្វេង ទើបផ្អើលឆោឡោកើតឡើងតែម្ដង ទំរាំសមត្ថកិច្ចចុះមកដល់គាត់បានដាច់ខ្យល់ស្លាប់អង្គុយយ៉ាងអាណោចអាធ័មបាត់ទៅហើយ ។
សមត្ថកិច្ចបញ្ជាក់ទៀតថា នៅលើគោយន្តមានសម្ភារផ្សេងៗ ដូចជា ចាន ឆ្នាំង ស្លាបព្រា ខោ អាវ លុយជាង៨០ម៉ឺនរៀល និងកាំបិតប្រឡាក់សុទ្ធតែឈាមចំនួន០១ ។ ក្នុងនោះស្រ្តីជាប្រពន្ធ(លុយ តន)បានប្រាប់សមត្ថកិច្ចថា គាត់ទទួលដំណឹងនេះតាមរយៈអ្នកបើកគោយន្តដឹកក្យូសលក់ដូចគ្នា ប្ដីគាត់(ទ្រី ឈាង)ចេញពីផ្ទះដឹក(ក្យូស)ចំនួន០២ ចឹងអាចល់កដាច់អស់ចំនួន០១ហើយ ប៉ុន្តែតាំងពីថ្ងៃទី១៦ ដល់ថ្ងៃកើតហេតុនេះទូរស័ព្ទតេមិនចូលទេ ហើយគាត់ជាមនុស្សចូលចិត្តស្រានិយាយមិនស្រាប់ទេ ។ បច្ចុប្បន្ន សព និងសម្ភារៈផ្សេងៗសមត្ថកិច្ចបានប្រគល់អោយស្រ្តីជាប្រពន្ធ ហើយស្រ្តីជាប្រពន្ធ(លុយ តន)បានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីសុំការស្រាវជ្រាវបន្ត ។
ទោះជាយ៉ាងណាក្ដី ប្រភពផ្សេងៗបានលើកឡើងដែរថា គេសង្ស័យតែជនរងគ្រោះ(ទ្រី ឈាង)ព្យាយាមធ្វើអត្ថឃាតខ្លួនឯងផងក៏មិនដឹង ហើយត្រង់រថយន្តគេសង្ស័យហក់ចូលរថយន្តទៀតផង ករណីនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងស្រាវជ្រាវហើយ ។
គួររំលឹកថា ហេតុការណ៍ដ៍ស្មុកស្មាញខាងលើ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង៩យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៥-១៧៦ ផ្លូវបំបែកវាងក្រុង ស្ថិតនៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ៕ ដោយៈ ប៉ឹម ពិន