ភ្នំពេញ÷ នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ការគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រី ព្រមទាំងមន្ទីរមុខងារសាធារណៈទាំងអស់ ក្នុងការពង្រឹងការងារស្នូល និងការអនុវត្តផ្អែកលើច្បាប់អនុញ្ញាតជាធរមាន។
ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ក្នុងគោល ដៅផ្តល់កម្លាំងចិត្ត និងថាមពលក្នុងការបំពេញការងារ ប្រកបដោយភាពត្រឹមត្រូវ អង់អាច ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី ជាពិសេសមន្ទីរមុខងារសាធារណៈទាំងអស់ តាម រយៈការគាំទ្រជាប់ជាប្រចាំ អនុលោមគោលការណ៍ច្បាប់ ឆ្ពោះទៅការសម្រេចបាន«អភិបាលកិច្ចល្អ» ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ។
ក្រោយបានស្តាប់របាយកាណ៍ ក៏ដូចជាមតិយោបល់ចូលរួមពីអង្គប្រជុំរួចមក ឧបនាយករដ្ឋមន្ត្រីប្រធានអង្គប្រជុំ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្មក្នុងស្មារតីទទួល ខុសត្រូវ ហើយសម្រេចបាននូវសមិទ្ធផលគួរកត់សម្គាល់ទាំងក្នុងក្របខណ្ឌការងារប្រចាំថ្ងៃ និងក្នុងក្របខណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងរយៈពេល ១ឆ្នាំ ៦ខែកន្លងមក ដោយទទួលបានការសាទរគួរជាទីមោទនៈពីសំណាក់មហាជន និងប្រជាពលរដ្ឋ ព្រមទាំងអង្គភាពស្ថាប័ននៃរាជរដ្ឋាភិបាល។
ឆ្លៀតឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី ខេត្តទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ នឹងឈានមកដល់ក្នុងពេលខាងមុខនេះ៕