ខេត្តកំពង់ចាម ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានអ្នកនយោបាយចាស់មួយរូបនៅក្រៅប្រទេស តែងតែព្យាយាមញុះញង់ប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមឱ្យងើបបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងកៀរគរប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពផ្សេងៗដែលខុសទៅនឹងច្បាប់ផងដែរ។
នៅក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ដែលប្រារព្ធនៅស្រុកស្ទឺងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកផងដែរថា ដូចកាល «ព្រឹត្តិការណ៍ថ្ងៃ១៨សីហា» អ្នកនយោបាយនៅក្រៅប្រទេសរូបនោះ បានញុះញង់យុវជនឱ្យធ្វើសកម្មភាពខុសច្បាប់ក្រោមលេស ប្រឆាំងនឹងកិច្ចសហប្រតិបត្តិការ CLV-DTA ក្នុងគោលបំណងទុច្ចរិតដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា អ្នកនយោបាយចាស់នៅក្រៅប្រទេសនោះ មានចេតនាទុច្ចរិតក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល ដូចនៅប្រទេសបង់ក្លាដេស ហើយគិតថា នៅពេលផែនការផ្តួលរំលំរាជរដ្ឋាភិបាលបានសម្រេច ខ្លួននឹងអាចមានឱកាសមកដឹកនាំប្រទេសកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកផងដែរថា អ្នកនយោបាយចាស់រូបនោះ បានត្រឹមធ្វើជានាយករដ្ឋមន្រ្តីតាមហ្វេសប៊ុកតាំងពីឆ្នាំ២០១៣មក ហើយបុគ្គលនោះ ក៏តែងតែបរាជ័យជានិច្ចនៅក្នុងការបោះឆ្នោតម្តងៗ ដោយសារតែប្រជាពលរដ្ឋជឿជាក់និងគាំទ្រលើ សម្តេចតេជោ ហ៊ុន សែន និងគាំទ្រគណបក្សប្រជាជនកម្ពុជាជារៀងរហូត។
សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវទៅកាន់ប្រជាពលរដ្ឋដូច្នេះថា «កុំឱ្យដើរថយក្រោយ មានតែយើងបន្តដំណើរទៅមុខ យើងបន្តកសាងអភិវឌ្ឍន៍ បន្តថែរក្សាសុខសន្តិភាពជាមួយគ្នា បន្តដាក់ចេញនូវគោលនយោបាយ បម្រើប្រជាពលរដ្ឋតទៅទៀត ហើយសុំឱ្យប្រជាជនបន្តជឿទុកចិត្ត និងផ្តល់ការទុកចិត្ត ទៅដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលខ្ញុំថាមិនមែនល្អឥតខ្ជោះនោះទេ ប៉ុន្តែយើងខិតខំអស់លទ្ធភាព ដើម្បីឱ្យកាន់តែល្អប្រសើរ ឈានទៅរកការអភិវឌ្ឍបន្ថែមទៀត ជូនប្រជាពលរដ្ឋ សូម អ៊ុំ ពូ មីង បងប្អូន ជឿទុកចិត្តចុះ ហើយទី២៖ កុំចូលរួមជាមួយការអំពាវនាវណា ដែលនាំទៅដល់ការដុតប្រទេស ដុតស្រុក ដុតភូមិ ធ្វើឱ្យយើងបែកបាក់ឡើងវិញ តែប៉ុណ្ណឹងបានហើយ»។
សម្តេចបន្ថែមថា ក្រុមប្រឆាំងពូកែលាបពណ៌ ដែលពីមុនៗ នៅពេលមានអ្នកនិយាយគាំទ្រដល់រាជរដ្ឋាភិបាល លើឡើងពីសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចគេចោទថាជា «យួន» ឥឡូវគេថា «លក់ក្បាល» នេះជាការលាបពណ៌ដ៏អាក្រក់៕
ដោយ ៖ សិលា