ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានចេញសេចក្តីបញ្ជាក់ព័ត៌មានថា៖ ថ្មីៗនេះមានការផ្សព្វផ្សាយមតិយោបល់លើបណ្តាញទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងមន្ទិលសង្ស័យលើករណីដែលអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ធ្វើការប្រមូល និងកំណត់ចំនួនថវិកាវិភាគទានពីថ្នាក់ដឹកនាំ និងមន្ត្រី ដើម្បីទ្រទ្រង់លើចំណាយនៃការរៀបចំធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផែនការការងារឆ្នាំ២០២៥ នាពេលឆាប់ៗខាងមុខ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមធ្វើការបញ្ជាក់ជូនដល់សាធារណជនទាំងអស់ជ្រាបថា អគ្គនាយកដ្ឋានគ្រោងនឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផែនការការងារឆ្នាំ២០២៥ នៅក្នុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២៥ខាងមុខ។ ចំពោះការចំណាយលើការរៀបចំកម្មវិធីសន្និបាតខាងលើនេះ អគ្គនាយកដ្ឋាន មានកញ្ចប់ថវិកាសម្រាប់ទ្រទ្រង់ចំណាយបានគ្រប់គ្រាន់ ដោយមិនតម្រូវ ឬកំណត់ជាគោលការណ៍ ដើម្បីប្រមូល ឬរៃអង្គាសថវិកាវិភាគទានណាមួយពីថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋាននោះទេ។ ប៉ុន្តែផ្ទុយទៅវិញ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់មន្ត្រីខ្លួនតាមរយៈការកំណត់ជាគោលការណ៍ លើកទឹកចិត្ត និងផ្តល់ថវិកាសប្បុរសធម៌ជូនដល់មន្ត្រីគ្រប់រូប ប្រកបដោយមនោសញ្ចេតនាស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ ដូចជាការចូលរួមចំណងដៃអាពាហ៍ពិពាហ៍ ការសម្រាលកូន ពិធីបុណ្យសព ចំណាយព្យាបាលជំងឺ និងការចំណាយលើកម្មវិធីកម្សាន្តសប្បាយនានាជាដើម។ល។
ក្នុងន័យនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ពិតជាមានការហួសចិត្តចំពោះករណីខាងលើជាខ្លាំង ហើយក៏រីករាយចំពោះការលើកឡើងនូវមតិយោបល់ប្រកបដោយសុភវិនិច្ឆ័យខ្ពស់មកលើភាពត្រឹមត្រូវនិងសេចក្តីថ្លៃថ្នូររបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយមិនជឿលើការលើកឡើងដោយមិនសមហេតុផលនោះឡើយ។
អាស្រ័យដូចបានបញ្ជាក់ជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕ ដោយ៖តារា