ឈប់យំទៅ…!ខ្ញុំបានខ្សឹបប្រាប់ខ្លួនឯងតិចៗ ប៉ុន្តែទឹកភ្នែកហាក់មិនស្ដាប់បញ្ជារបស់ខ្ញុំទាល់តែសោះ។ ទឹកភ្នែករបស់ខ្ញុំនៅតែរមៀលធ្លាក់ចុះមកលើផ្ទៃផ្ទាល់ទាំងពីររបស់ខ្ញុំឥតស្រាកស្រាន្ត គ្រប់ពេលវេលាដែលខ្ញុំបានឃើញដើមត្នោតមួយដើមនេះ។ រឿងរ៉ាវឈឺចាប់ខ្លោចផ្សាពីអតីតរបស់ខ្ញុំ តែងផុសចេញមកជានិច្ច។ យប់ស្ងាត់ផ្ទៃមេឃងងឹតឈឹង ប៉ុន្តែរឿងរ៉ាវនៅក្នុងចិត្តរបស់ខ្ញុំ បែរជាភ្លឺច្បាស់និងមានជីវិតរស់រវើក។
ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ១៩៧៥ ខ្ញុំនិងក្រុមគ្រួសាររបស់គូដណ្ដឹងខ្ញុំ ត្រូវខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញទៅកាន់ភាគខាងត្បូងនៃប្រទេសកម្ពុជា រួមជាមួយនឹងប្រជាជនខ្មែររាប់សែននាក់។ អាកាសធាតុក្តៅហួតហែងនាររដូវប្រាំង និងភាពណែនណាន់តាន់តាប់នៃវត្តមានរបស់មនុស្សដើរនៅតាមផ្លូវ គឺមិនអាចឲ្យយើងធ្វើដំណើរទៅមុខបានលឿនឡើយ បើទោះជាមានសំឡេងស្រែកគំរាមកំហែងពីសំណាក់កងទ័ពខ្មែរក្រហមក្តី។ ទិដ្ឋភាពនៅតាមដងផ្លូវ គឺជាទន្លេមនុស្សដែលពោរពេញដោយភាពក្រៀមក្រំ និងស្រងេះស្រងោចបំផុត។ មរណភាពការនិរាសព្រាត់ប្រាស់ ការលះបង់ និងការត្អូញត្អែររបស់ប្រជាជនកម្ពុជា ដែលត្រូវបានខ្មែរក្រហមជម្លៀស គឺជារូបភាពដ៏សែនសង្រេងចិត្តបំផុតដែលខ្ញុំបានឃើញជាប់តាមផ្លូវហូរហែ។
ប៉ុន្មានថ្ងៃក្រោយមកគ្រួសាររបស់ខ្ញុំបានធ្វើដំណើរមកដល់វត្តមួយស្ថិតនៅជាប់មាត់ទន្លេ ម្ដុំតាខ្មៅ។ យើងទាំងអស់គ្នាត្រូវកងទ័ពខ្មែរក្រហមបញ្ជាឲ្យចូលទៅសម្រាកនៅក្នុងវត្ត។ វត្តនោះមើលទៅមានសភាពទ្រុឌទ្រោមនិងបែកបាក់ជាអន្លើ ដោយសារតែការទម្លាក់គ្រាប់បែកនិងបោះបង់ចោល។ នៅក្នុងទីធ្លាវត្តខ្មែរក្រហមបានប្រើឧបករណ៍បំពងសំឡេងប្រកាសស្វែងរកមន្ត្រីរបបសាធារណរដ្ឋខ្មែរទៅបម្រើជាតិវិញ។ នៅក្រោមដើមស្វាយកណ្តាលវត្តមានតុមួយដែលមានកងទ័ពខ្មែរក្រហមប្រហែលជា 5 នាក់អង្គុយរង់ចាំទទួលមន្ត្រីរបស់សាធារណរដ្ឋខ្មែរ។ ឧគ្បោសនស័ព្ទបានបន្លឺសំឡេងឡើងដដែលៗថា អ្នកទាំងឡាយណាដែលធ្លាប់ធ្វើការងារឲ្យរដ្ឋាភិបាលរបបសាធារណរដ្ឋខ្មែរ និងធ្លាប់ធ្វើទាហានឬអ្នកនយោបាយពីរបបចាស់សូមដើរចេញមកក្រៅជួរដើម្បីចុះឈ្មោះចូលធ្វើការ អង្គការត្រូវការអ្នកទាំងអស់គ្នាឲ្យចូលធ្វើការតែម្ដង។ ខ្ញុំមើលទៅកងទ័ពខ្មែរក្រហមទាំងអស់នោះដោយភាពរសាប់រសល់នៅក្នុងចិត្ត។ ភ្លាមៗនោះអ៊ំប្រុសឈ្មោះឧត្តមដែលជាឪពុកគូដណ្ដឹងរបស់ខ្ញុំបាននិយាយគ្នាជាមួយនឹងអ៊ំស្រីឈ្មោះបូរមី ដែលត្រូវជាប្រពន្ធរបស់គាត់ដើម្បីចុះឈ្មោះត្រឡប់ទៅភ្នំពេញវិញ។ គាត់ទាំងពីរនាក់ គឺជាគ្រូបង្រៀននិងជាមន្ត្រីក្រសួងឃោសនាការ ។ ខ្ញុំនឹងបុប្ផាដែលជាគូដណ្ដឹងបានក្រឡេកមើលមុខគ្នាដោយមិនទុកចិត្តហើយបានឃាត់គាត់។ ឪពុកម្ដាយរបស់បុប្ផា បានបោះបង់គំនិតទៅចុះឈ្មោះបន្តធ្វើមន្ត្រីនេះចោលដោយឃើញយើងទាំងពីរនាក់មិនគាំទ្រ។ នៅខាងមុខយើងជួរប្រជាជនត្រូវបានបែងចែកជាពីរក្រុម គឺក្រុមអតីតទាហាននិងអតីតមន្ត្រីរដ្ឋាភិបាលរបស់របបសាធារណរដ្ឋខ្មែរ។ ប្រជាជនដែលស្ម័គ្រចិត្តចូលបម្រើការវិញបានដើរសំដៅទៅរកតុនៅក្រោមដើមស្វាយដើម្បីចុះឈ្មោះចូលបម្រើការងារតាមតួនាទីរបស់ខ្លួន។ បេះដូងរបស់ខ្ញុំលោតខុសពីធម្មតា ប៉ុន្តែខ្ញុំមិនហ៊ាននិយាយអ្វីទាំងអស់។ ភ្លាមៗនោះកងទ័ពខ្មែរក្រហមម្នាក់បានមកកន្ត្រាក់ស្បោងមួយចេញពីស្មារបស់បុរសម្នាក់ដែលកំពុងឈរនៅក្នុងជួរជាមួយយើងហើយរលាក់របស់របរក្នុងស្បោងនោះចេញទៅលើដី។ កងទ័ពខ្មែរក្រហមបានរើសយកតែឯកសណ្ឋានទាហានលន់នល់ឡើងក្នុងចំណោមគំនរអីវ៉ាន់ដែលខ្ចាត់ខ្ចាយនៅលើដី។ កងទ័ពខ្មែរក្រហមបានចាប់ផ្ដើមនិយាយទិទៀនបុរសនោះហើយរុញគាត់ទៅឱ្យកងទ័ពខ្មែរក្រហមម្នាក់ទៀតដែលឈរនៅក្បែរនោះ។ បន្ទាប់មក គាត់ត្រូវកងទ័ពខ្មែរក្រហមភ្ជង់នឹងកាំភ្លើងឱ្យដើរចេញទៅយ៉ាងស្ងប់ស្ងាត់ដោយមិនបានប្រឆាំងតបតវិញនោះឡើយ។ កងទ័ពខ្មែរក្រហមបានដើរសំដៅទៅកាន់គ្រួសារបន្តទៀតដែលកំពុងឈរនៅក្នុងជួរតែមួយ។ ការធ្វើដំណើររបស់យើងចេះតែទៅមុខបន្តិចម្តងៗតាមបណ្ដោយដងទន្លេបាសាក់ដោយមិនអាចកំណត់គោលដៅបាន។ យប់កន្លែងណាយើងត្រូវឈប់សម្រាកបង្កាត់ភ្លើងដាំបាយដាំទឹកនិងដេកនៅកន្លែងនោះជាបណ្ដោះអាសន្នសិន ពេលព្រឹកឡើង ទើបយើងបន្តដំណើរទៅមុខទៀតតាមការបញ្ជារបស់កងទ័ពខ្មែរក្រហម។ យូរៗទៅមនុស្សដែលធ្វើដំណើរជាមួយយើង កាន់តែមានចំនួនតិចទៅៗ ព្រោះគ្រួសារខ្លះត្រូវខ្មែរក្រហមបង្ខំឲ្យទៅទីតាំងទីលំនៅតាមសហករណ៍នានានៅក្បែរៗនោះ។ ចំណែកឯគ្រួសារខ្លះទៀតត្រូវខ្មែរក្រហមដឹកតាមកាណូត និងតាមឡានទៅទិសខាងជើងវិញ។ រយៈពេលប្រហែលជាពីរអាទិត្យក្រោយមកយើងបានមកដល់ស្រុកមួយជាប់ព្រំដែនវៀតណាម។
យើងមកដល់ណាហើយប៉ា?បុប្ផាបានសួរទាំងទឹកមុខក្រៀមក្រំលាយឡំនឹងភាពហត់នឿយ។
យើងមកដល់ស្រុកកោះធំហើយកូន។ អ៊ំ ឧត្តម តបទៅកូនស្រីទាំងកែវភ្នែកអាណិតអាសូរ។ បុប្ផាកំពុងតែចង់ដឹងផងថា តើខ្មែរក្រហមហ្នឹងឱ្យធ្វើដំណើរទៅមុខទៀតដែរឬទេ? ស្រាប់តែកងទ័ពខ្មែរក្រហមដែលមានវ័យក្មេងៗបានបញ្ជាឲ្យគ្រួសាររបស់យើងឈប់នៅក្នុងវត្តមួយទៀតនៅតាមដងផ្លូវនោះ។ នៅពេលទៅដល់ស្រុកកោះធំ ខ្ញុំបានឃើញខ្មែរក្រហមនៅតែបន្តប្រកាសរកអតីតមន្ត្រីរបបសាធារណរដ្ឋខ្មែរឲ្យទៅជួយកសាងប្រទេសជាតិ។ អ៊ំ បូរមី បានតឿនប្ដីរបស់គាត់ឲ្យទៅចុះឈ្មោះនឹងគេដើម្បីបានត្រឡប់ទៅភ្នំពេញវិញ។ ខ្ញុំនឹងបុប្ផាយល់ដូចគ្នាថា យើងមិនគួរទៅចុះឈ្មោះទេ
ព្រោះកាលយើងមកដល់តាខ្មៅយើងធ្លាប់បានឃើញខ្មែរក្រហមប្រកាសអ៊ីចឹងដែរ។ចំណែកប្រជាជនដែលបានចុះឈ្មោះត្រូវកងកម្លាំងខ្មែរក្រហមដកហូតអីវ៉ាន់ជាប់នឹងខ្លួនអស់រលីងហើយបំបែកចេញពីគ្រួសារ រួចដឹកតាមឡាន។ចេញទៅបាត់មិនដឹងថាទៅទីណានោះទេ។ (នៅមានត)