អាជ្ញាធរខណ្ឌទួលគោក​ បន្តចុះចាត់វិធានការចំពោះអ្នកបំពានផ្លូវ​សាធារណៈ​នៅតំបន់ផ្សារនាគមាស​ ដែលបង្កការកកស្ទះ

ចែករំលែក៖

ភ្នំពេញ៖ លោក ស៉ឹម សុផង់ អភិបាលរង​ រដ្ឋបាលខណ្ឌទួលគោក ទទួលបន្ទុកបរិស្ថានអនាម័យ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ​នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះចាត់វិធានការ រៀបចំសណ្ដាប់ធ្នាប់និងបាញ់ថ្នាំកំណាត់ព្រំ នៅកំណាត់ផ្លូវលេខ២៣១ជាប់ផ្សារនាគមាស ចាប់ពីចំណុចផ្លូវលេខ២៣០ ដល់មហាវិថីមុន្នីរ៉េត(២១៧) ចំពោះ រថយន្តដែលយកផ្លូវសាធារណៈ ជាកន្លែងផ្ទេរទំនិញ និងក្រុមអាជីវកតាំងលក់បន្លែ ផ្លែឈើ លើផ្លូវ បង្កការកកស្ទះចរាចរណ៍ ដល់អ្នកធ្វើដំណើរ មិនអាចឆ្លងកាត់បាន។

សូមជម្រាបថា​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះចាត់វិធានការរដ្ឋបាល និងកំណត់ព្រំឲ្យលក់ដូរ នៅកំណាត់ផ្លូវលេខ២៣១ ផ្សារនាគមាស មិនអនុញ្ញាតឲ្យយកទ្រូងផ្លូវ ផ្ទេរទំនិញបង្កការកក់ស្ទះទៀតឡើយ។

នាឱកាសនោះដែរ​ លោកអភិបាលរង​ បានបញ្ជាក់ថា កំណាត់ផ្លូវលេខ២៣១ជាប់ផ្សារនាគមាស ចាប់ពីចំណុចផ្លូវលេខ២៣០ ដល់មហាវិថីមុន្នីរ៉េត(២១៧) អាជ្ញាធរបានណែនាំនិងជូនដំណឹងជាច្រើនលើកច្រើនសាមក ហើយ តែក្រុមអាជីវក ទាំងនោះហាក់មិនចូលរួមសហការជាមួយអាជ្ញាធរ តែពេលនេះអាជ្ញាធរបានចុះលើកយកសម្ភារៈកល់តាំងលក់ មិនអនុញ្ញាតឲ្យបន្តយកផ្លូវតាំងលក់បែបនេះទៀតទេ។ចំពោះរថយន្តផ្ទេរទំនិញ បើនៅតែបំពាន នោះអាជ្ញាធរនឹងយករថយន្តទៅរក្សារទុកនៅសាលាខណ្ឌ។

គួររម្លឹកដែរថា​ អាជ្ញាធរខណ្ឌទួលគោក​ កាលពីពេលថ្មីៗមកនេះ​ បានចុះអនុវត្តវិធានរដ្ឋបាលចំពោះអាជីវកលក់ដូរ លើកំណាត់ផ្លូវលេខ២៣០ ដោយអនុវត្តបានល្អប្រសើរ អាចធ្វើចរាចរណ៍ងាយស្រួលជាង ដោយអាជ្ញាធរអនុញ្ញាតឲ្យក្រុមអាជីវក លក់ពេលយប់បណ្ដោះអាស្នន នៅចិញ្ជើមផ្លូវតែត្រូវរក្សាសណ្ដាប់ធ្នាប់ ហើយព្រឹកឡើង នៅវេលាម៉ោង៦ព្រឹកត្រូវតែរើចេញឲ្យអស់ បរិស្ថានអនាម័យត្រូវតែស្អាត៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print