Update៖​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ជាអធិបតី​ភាព​ប្រគល់សញ្ញាបត្រជូនដល់និស្សិត និង​សិស្សថ្នាក់វិជ្ជាជីវៈសរុបចំនួន ១.១៥៧ អង្គ/នាក់ នៃសាកលវិទ្យាល័យធនធានមនុស្ស

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានអញ្ជើញជា​អធិបតីភាព​ចូលរួមប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១៥ ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៨ និងជំនាន់ទី​១៩ ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី២១ និងថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈជំនាន់ទី៣៧ ដល់និស្សិត និង​សិស្សថ្នាក់វិជ្ជាជីវៈសរុបចំនួន ១.១៥៧ អង្គ/នាក់ នៃសាកលវិទ្យាល័យធនធានមនុស្ស ។

សាកលវិទ្យាល័យធនធានមនុស្ស បានបំពេញបេសកកម្មយ៉ាងសកម្មក្នុងការចូលរួមចំណែកកសាងធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិត ទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួនស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលជានិច្ចកាលបានផ្ដល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព និងគុណភាព ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

...

ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យ៉ាងច្បាស់ថាធនធានមនុស្សជាកត្តាកំណត់ដ៏សំខាន់សម្រាប់និរន្តភាព និងចីរភាពរបស់ប្រទេសជាតិ ព្រោះថាធនធានមនុស្សអាចជួយឱ្យប្រទេសជាតិមានភាពរស់រវើក មានលទ្ធភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងសាកលលោក អាចចាប់យកបាននូវឱកាស និងបន្ថយនូវគម្លាតនានា ជាពិសេសគម្លាតខួក្បាលនិងជួយឱ្យមានឯករាជ្យភាពក្នុងការវិវត្តរីកចម្រើនដោយខ្លួនឯង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print