រឿង ក្រោមមេឃតែមួយ (តចប់)

ចែករំលែក៖

មិត្តរិន ត្រូវខ្មែរក្រហមសម្លាប់នៅកន្លែងនេះ។ អ៊ំស្រីបានរៀបរាប់ប្រាប់ខ្ញុំថា កងឈ្លបបានចោទថានាងលួចត្នោតទុំរបស់អង្គការ។គាត់ឃើញនាងលួចផ្លែត្នោតទុំផ្ទាល់នឹងភ្នែកហើយបានយកផ្លែត្នោតទៅកប់នឹងដី ពេលដែលឈ្លប ម៉ៅ មកទាន់។ អ៊ំស្រីបានយកក្រមាជូតទឹកភ្នែកដែលហូរចុះបន្តិចទើបបន្តប្រាប់ខ្ញុំទៀតថា នោះហើយគឺជាកូនត្នោតរបស់មិត្ត រិន គាត់បានលើកដៃចង្អុលទៅកូនត្នោតកម្ពស់ត្រឹមជង្គង់ពណ៌បៃតងខ្ចី។ ខ្ញុំបានស្គាល់ច្បាស់ពីទីកន្លែងដែលខ្ញុំបានលាក់ផ្លែត្នោតទុំឲ្យប្រពន្ធរបស់ខ្ញុំ។ ខ្ញុំដើរទៅជិតហើយចាប់កាន់ស្លឹកត្នោតថ្នមៗព្រមជាមួយនឹងទឹកភ្នែករបស់ខ្ញុំបានហូរចុះមកឥតស្រាកស្រានឡើយ។
ថ្ងៃមួយមានសំឡេងជើងមនុស្សដើរលាន់ឮតិចៗនៅខាងក្រោយខ្នងខ្ញុំ ហើយស្រែកហៅខ្ញុំថា មិត្តខេន !។ ខ្ញុំស្រឡាំងកាំងចំពោះឈ្មោះនេះពីព្រោះជិត ៤០ ឆ្នាំកន្លងមកហើយដែលគ្មានអ្នកណាហៅឈ្មោះខ្ញុំបែបនេះទាល់តែសោះ។ ខ្ញុំខំបែរក្រោយហើយសម្លឹងទៅម្ចាស់សំឡេងយ៉ាងយកចិត្តទុកដាក់។ បុរសវ័យចំណាស់ដែលជាម្ចាស់សំឡេងនោះមានរាងកាយស្គាំងស្គម កែវភ្នែកដែលសម្លឹងមករកខ្ញុំគឺមានតែម្ខាងប៉ុណ្ណោះ។ លំនឹងនៃជំហរខ្លួនរបស់គាត់វិញត្រូវទប់ដោយឈើច្រត់វែងមួយនៅផ្នែកខាងឆ្វេង។ គ្រាដំបូងខ្ញុំមានអារម្មណ៍សង្វេគចំពោះបុរសចំណាស់ម្នាក់នេះ។ ប៉ុន្តែលុះពិនិត្យយូរទៅខ្ញុំស្រាប់តែមានភ្លើងកំហឹងឆាបឆេះឡើងមក។ ខ្ញុំបានស្ទុះទៅដាល់បុរសនោះពេញទំហឹងហើយស្រែកថា ឯងអាម៉ៅ ! អាឃាតករ ! ។ ម៉ៅបានដួលចុះទៅលើដី។ រីឯឈើច្រត់វិញក៏របូតចេញពីដៃដែរ។ សំឡេងស្រែកយំក៏ឮឡើងលាយឡំនឹងពាក្យ សូមទោស !។ ម៉ៅនិយាយបណ្ដើរស្រវារកឈើច្រត់របស់ខ្លួនបណ្ដើរ។ នៅពេលដែលខ្ញុំឃើញដូច្នោះ ខ្ញុំបានស្ទុះទៅកន្ត្រាក់ទាញឈើច្រត់ចេញពីដៃរបស់ម៉ៅដែលធ្វើឲ្យគាត់ដួលច្រងាប់ច្រងិលម្តងទៀត។ កំហឹងដែលបានលាក់ទុកជិត៤០ឆ្នាំនេះ បានពុះកញ្ជ្រោលឡើងនៅក្នុងទ្រូងរបស់ខ្ញុំ។ ខ្ញុំយាឈើច្រត់មួយទំហឹងបម្រុងវាយបំបាក់ករបស់ម៉ៅដើម្បីរំសាយកំហឹង ហើយ ម៉ៅ បាននិយាយឡើងថា បើចង់សម្លាប់ខ្ញុំសម្លាប់មកចុះ ខ្ញុំអត់ស្ដាយទេព្រោះខ្ញុំរស់ទទួលកម្មពៀររបស់ខ្ញុំច្រើនហើយដែរ។ នៅពេលដែលខ្ញុំឮម៉ៅនិយាយដូច្នេះ ខ្ញុំទច់ងក់រួចស្ទុះទៅក្របួចកអាវរបស់ម៉ៅហើយស្រែកថា ម៉េចឯងពូកែនិយាយម៉្លេះអាម៉ៅ។ ខ្ញុំស្រែករួចហើយខ្ញុំបានច្រានម៉ៅឱ្យផ្ងារក្រោយទាំងយំផង។ ម៉ៅ នៅតែស្រវាក្រោកឈរឡើងដោយបញ្ចេញសំឡេងតិចៗមកកាន់ខ្ញុំថា កាលមុនដើម្បីអង្គការថ្នាក់លើ អ្វីៗក៏ខ្ញុំធ្វើបានដែរ ប៉ុន្តែឥឡូវនេះខ្ញុំដឹងខុសហើយខ្ញុំខុសធ្ងន់ណាស់ ហើយខ្ញុំមកនេះដើម្បីសុំការអត់ឱនពីមិត្តឯង។ ម៉ៅយំខ្សឹកខ្សួលតិចៗ។
ការអភ័យទោសឬអត់ គឺជាជម្រើសរបស់ខ្ញុំនៅពេលនេះ។ ខ្ញុំដើរថយក្រោយតិចៗដោយសម្លឹងទៅមើលដើមត្នោតដែលបានដុះ លូតខ្ពស់ទៅហើយ។ តាមចិត្តដែលខឹង ខ្ញុំចង់តែស្ទុះទៅច្របាច់កម៉ៅ ឲ្យស្លាប់ ឬហែករាងកាយរបស់ម៉ៅ ជាចំណែកៗ ដើម្បីឲ្យគាត់ឈឺចាប់មុននឹងស្លាប់ ដូចអ្វីដែលគាត់បានធ្វើមកលើប្រជាជនខ្មែរដែលគ្មានទោសពៃរ៍នៅក្នុងរបបខ្មែរក្រហម។ ប៉ុន្តែខ្ញុំគិតដែរថា ការធ្វើបែបនេះមិនខុសពីអ្វីដែលខ្មែរក្រហមបានធ្វើមកលើប្រជាជនខ្មែរនោះទេ។ ខ្ញុំចាប់ផ្ដើមថ្លឹងថ្លែងពិចារណាដោយផ្អែកលើការទូន្មានរបស់ព្រះពុទ្ធ គឺ ពៀរមិនរំងាប់ដោយការមិនចងពៀរ។ គិតរួចខ្ញុំបានដើរទៅលើក ម៉ៅ ឲ្យក្រោកឈរឡើងហើយទៅរើសឈើច្រត់ឲ្យ ម៉ៅ ទប់ខ្លួនបាន។ អតីតឈ្លបខ្មែរក្រហមនេះបានសម្លឹងមើលមុខខ្ញុំជាប់ជានិច្ចជាមួយនឹងទឹកភ្នែកដែលហូរស្រក់ធ្លាក់មក។ គាត់បានសួរមកខ្ញុំទាំងសម្ដីញ័រៗថា ព្រមអត់ទោសឱ្យខ្ញុំហើយឬ? ខ្ញុំសម្លឹងមើលមុខរបស់ម៉ៅហើយងក់ក្បាលតិចៗចំណែកឯឈ្លបម៉ៅ ស្រែកយំហើយឱបខ្ញុំជាប់។ ខ្ញុំសង្ឃឹមថា កុសលផលបុណ្យដែលបានមកពីការអភ័យទោសដល់ឃាតករដែលសម្លាប់ បុប្ផា ជាអតីតប្រពន្ធរបស់ខ្ញុំនេះនឹងបានដល់រូបនាង។ ខ្ញុំបានប្រាប់ឲ្យ ម៉ៅ ឆាប់ចាកចេញពីមុខខ្ញុំ ព្រោះខ្ញុំខ្លាចក្រែងទប់កំហឹងរបស់ខ្ញុំឆាបឆេះឡើងវិញនិងធ្វើឲ្យខ្ញុំប្ដូរគំនិតសងសឹកទៅលើ ម៉ៅ វិញ។
ស្រមោលរបស់ម៉ៅបានរសាត់ឆ្ងាយទៅស្របនឹងសំឡេងមាន់រងាវបានលាន់ឮចេញពីក្នុងភូមិដែលបញ្ជាក់ថា ថ្ងៃថ្មីបានមកដល់ហើយ។ ខ្ញុំបានដកដង្ហើមធំដើម្បីបញ្ចប់សុបិនទាំងភ្នែកស្រស់នារាត្រីកាលរបស់ខ្ញុំ។សំឡេងស្រួយស្រេះរបស់នារីម្នាក់បានលាន់ឮពីខាងក្រោយខ្នងហៅខ្ញុំថា បង ។ ខ្ញុំក្រឡេកទៅឃើញសុវិទ្យាដើរមករកខ្ញុំ។ នាងនិយាយទាំងកាន់ដៃរបស់ខ្ញុំថា តោះត្រឡប់ទៅផ្ទះវិញ។ បាទឱ្យបងសុំទោសផងដែលទុកអូននៅម្នាក់ឯង។ និយាយបណ្ដើរខ្ញុំយកដៃកៀសសក់ដែលគ្របលើផ្ទៃមុខរបស់ប្រពន្ធខ្ញុំបណ្ដើរ។ នាងនិយាយទាំងញញឹមស្រស់ដាក់ខ្ញុំថា នៅម្នាក់ឯងឯណាបង អូននៅជាមួយកូននិងម៉ែដែរទេតើ។
សុវិទ្យា គឺជាប្រពន្ធក្រោយរបស់ខ្ញុំ។ យើងបានរៀបការក្រោយពេលដែលខ្ញុំត្រឡប់មកពីស្រុកកោះធំទៅរស់នៅក្នុងទីក្រុងភ្នំពេញវិញ។ ថ្វីត្បិតតែនាងមានអាយុតិចជាងបុប្ផា ប៉ុន្តែនាងចេះគិតគូរបានវែងឆ្ងាយ ហើយនាងយល់ចិត្តខ្ញុំបានល្អទៀតផង។ខ្ញុំសម្លឹងមើលមុខនាងបន្តិចទើបនិយាយបន្តទៀតថា អូនបងបានអភ័យទោសឲ្យឃាតករដែលសម្លាប់បុប្ផាហើយ។ សុវិទ្យា ចាប់ដៃខ្ញុំយ៉ាងណែនរួចទើបនិយាយថា អូនស្មានទុកជាមុនហើយថា បងនឹងលើកលែងទោសដល់អតីតឈ្លបខ្មែរក្រហមម្នាក់នេះ។ ខ្ញុំមើលមុខនាងហាក់ដូចជាឆ្ងល់ហើយសួរថា តើអូនដឹងយ៉ាងម៉េច?

កន្លងផុតជិត៤០ឆ្នាំហើយបងស្មានតែម៉ៅស្លាប់បាត់ទៅហើយតើ។ ពូម៉ៅ មករកម៉ែនៅក្បាលព្រលប់នេះ ហើយម៉ែបានប្រាប់គាត់ឲ្យមករកបងនិយាយពីដំណើររឿងនេះប្រាប់មកដល់ខ្ញុំ”។ម៉ែប្រាប់អូនថា តាំងពីបែកអាពត ទៅពូម៉ៅ រត់ចោលស្រុករហូតគាត់ទៅរស់នៅក្នុងជំរំហើយត្រឡប់ពីជំរំមកវិញមិនហ៊ានចូលក្នុងស្រុកទេ ព្រោះគាត់ខ្លាចអ្នកភូមិនៅចងកំហឹងនឹងគាត់។ គាត់ទៅរស់នៅលាក់ខ្លួនក្នុងខេត្តប៉ៃលិនរហូតមក ហើយទើបតែមួយរយៈពេលនេះទេដែលគាត់ហ៊ានចេញចូលស្រុកកំណើតវិញ។គាត់ចង់ជួបបង និងអ្នករាល់គ្នាដើម្បីសូមអភ័យទោសចំពោះរឿងនេះ អូនគាំទ្រដល់ការសម្រេចចិត្តរបស់បង អូនជឿថា បងបុប្ផាក៏គាំទ្របងដែរ។ ខ្ញុំទាញសុវិទ្យាមកឱបជាប់នឹងដើមទ្រូង។ សុវិទ្យាបានលើកទឹកចិត្តដល់ខ្ញុំថាមានតែការអភ័យទោសទេដែលធ្វើឲ្យកំហឹងយើងបានស្ងប់។ ម្យ៉ាងវិញទៀតឥឡូវនេះយើងរស់នៅក្រោមមេឃតែមួយហើយ។ យើងលែងមានប្រជាជនថ្មី ប្រជាជនចាស់ប្រជាជនបដិវត្តន៍ ឬចក្រពត្តិ ឬអ្នកសក្តិភូមិអ្វីទៀតហើយ។ សុវិទ្យាស្ងាត់បន្តិចរួចនិយាយថា បងយើងគិតត្រឡប់ទៅភ្នំពេញវិញ ចាំឆ្នាំក្រោយចាំមកទៀតណា៎ ។
ខ្ញុំសម្លឹងមើលដើមត្នោតជាគ្រាចុងក្រោយរួចទើបដឹកដៃសុវិទ្យា ចាកចេញទៅ។ ខ្ញុំសប្បាយចិត្តដែលបានធ្វើអំពើល្អបែបនេះ ទោះបីជាខ្ញុំមិនអាចបំភ្លេចអតីតកាលដ៏សែនជូរចត់នេះបានមែន ប៉ុន្តែខ្ញុំមិនអនុញ្ញាតឲ្យអតីតកាលមកបំផ្លាញអនាគតរបស់ខ្ញុំបានឡើយ៕ (ចប់ដោយបរិបូណ៌)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print