ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បញ្ជាក់ជុំវិញការផ្សាយព័ត៌មានរបស់ Facebook Page មានឈ្មោះ ស្រេង ដាវី

ចែករំលែក៖

ខេត្តក្រចេះ ៖ សេចក្តីបំភ្លឺព័ត៍មាន របស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ជុំវិញការផ្សាយព័ត៌មានរបស់ Facebook Page មានឈ្មោះ ស្រេង ដាវី ដែលបានផ្សាយថា « ក្នុងនាមប្រជាពលរដ្ឋ រស់នៅក្នុងភូមិតាម៉ៅកណ្តាល ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលបាននិយាយអំពីក្មេងៗ នៅក្នុងភូមិ មានការប៉ះទង្គិចរវាងគ្នា និងគ្នា ប៉ុន្តែសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនតែម្ខាង»។

ខាងក្រោមនេះជាសេចក្តីបំភ្លឺទាំងស្រុងរបស់ស្នងការដ្ឋាន ៖

អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមជម្រាបជូន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញសង្គម និងសាធារណជនឲ្យបានជ្រាបថា៖ បន្ទាប់ពីទទួលព័ត៌មាន គណនី Facebook: ស្រេង ដាវី ដែលបានផ្សាយផ្ទាល់ថា «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិតាម៉ៅ កណ្តាល ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ សូមនិយាយអំពីករណីក្មេងៗនៅក្នុងភូមិមានការប៉ះទង្គិច រវាងគ្នា និងគ្នា ប៉ុន្តែសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនតែម្ខាង ដូច្នេះសូមមន្ត្រីមានសមត្ថកិច្ចមេត្តាជួយរកយុត្តិធម៌ឲ្យ បានស្មើភាពគ្នាផង! ដោយក្តីគោរពពីប្រជាពលរដ្ឋ! សូមអរគុណ និងសូមធ្វើការបំភ្លឺដូចខាងក្រោម៖

១/ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២០និង០០នាទី៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ៅ នៃ អធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ បានទទួលបណ្ដឹងរាយការណ៍ពីប្រជាពលរដ្ឋ ថាមានករណី ហិង្សា នៅចំណុចភូមិតាម៉ៅក្រោម ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ។ ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ បានចុះដល់កន្លែងកើតហេតុធ្វើការ ពិនិត្យស្រាវជ្រាវ និងបាននាំខ្លួនអ្នកពាក់ព័ន្ធមកសួរនាំនៅអធិការដ្ឋាន។

២/ ក្រោយពីបានចុះត្រួតពិនិត្យស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងតាមការបំភ្លឺរបស់ (១) ឈ្មោះ វ៉ាត សុខា ភេទប្រុស អាយុ ២១ឆ្នាំ, (២)ឈ្មោះ សុខ ជីន ភេទប្រុស អាយុ ១៧ឆ្នាំ និង (៣) ឈ្មោះ ស្រេង ប៉ចិន ភេទប្រុស អាយុ ២០ឆ្នាំ ពួកគេទាំងបីពិតជាបានប្រើប្រាស់ហិង្សា និងវាយទៅលើទ្រព្យសម្បត្តិរបស់ អ្នកដទៃ ដោយប្រើប្រាស់ព្រនង់ឫស្សី និងដំបងឈើពិតប្រាកដមែន។ បច្ចុប្បន្នករណីនេះបានបញ្ជូន ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធីរួចហើយ។

៣/ ស្នងការដ្ឋាននគរបាលខេត្ត សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ពាក់ព័ន្ធទៅនឹងករណី ក្មេងទំនើងនៅក្នុងមូលដ្ឋានខេត្តក្រចេះ សមត្ថកិច្ចនឹងធ្វើការបង្ក្រាប ដោយអនុវត្តវិធានការតាមច្បាប់ ជាធរមាន។

អាស្រ័យហេតុនេះ សូម អ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print