ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រី តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ, លោក-លោកស្រីអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំង លោក-លោកស្រី ថ្នាក់ដឹកនាំ និងមន្ដ្រីនាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាច្រើនរូបទៀត។

អញ្ជើញបើកអង្គសន្និបាត លោកឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត បានលើកឡើងថា ក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិទាំង ២៥រាជធានី-ខេត្ត បានខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ និងសម្រេចបាននូវ សមិទ្ធផលថ្មីៗជាច្រើន។

លោកឧត្ដមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណដល់ប្រតិបត្តិករទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (ជាពិសេសថ្នាក់ដឹកនាំ និងមន្ត្រីផ្តល់សេវាជួរមុខ) ដែលបានខិតខំបម្រើប្រជាពលរដ្ឋ ដោយមិនគិតពីការនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវ។

នាឱកាសនោះដែរ លោកឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត ក៏បានលើកទឹកចិត្តលោក លោកស្រី ដែលមានវត្តមានក្នុងអង្គសន្និបាត នាថ្ងៃនេះ សូមយកចិត្តទុកដាក់ស្វែងយល់ខ្លឹមសារនៃសន្និបាត និងចូលរួមជាមតិ ឬយោបល់ក្នុងកិច្ចពិភាក្សា ឱ្យបានផុសផុល ធ្វើយ៉ាងណាឱ្យអង្គសន្និបាតអាចប្រមូលធាតុចូលឱ្យបានច្រើន ដើម្បីដាក់ចេញជាទិសដៅ ក្នុងការពង្រឹងប្រសិទ្ធភាពលើការងារអត្តសញ្ញាណកម្ម។

សូមបញ្ជាក់ថា សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ លើការងារអត្តសញ្ញាណកម្ម ដោយមានគោលបំណងសំខាន់ៗចំនួន៣គឺ៖

ទី១- ពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៤ ដែលអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សម្រេចបាន និងបញ្ហាប្រឈមដែលត្រូវបន្តដោះស្រាយ ដោយដាក់ចេញនូវទិសដៅអនុវត្តនៅឆ្នាំ២០២៥។

ទី២- ចែករំលែកបទពិសោធន៍ល្អៗ លើការអនុវត្តការងារ និងការដោះស្រាយបញ្ហាប្រឈមនានាដែលកើត ឡើងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសការផ្តល់សេវាអត្តសញ្ញាណកម្ម ដោយមាន បទអន្តរាគមន៍ពីបណ្តាអ្នកពាក់ព័ន្ធមួយចំនួន។

និងទី៣- ផ្សព្វផ្សាយខ្លឹមសារលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សំខាន់ៗមួយចំនួន ដើម្បីជំរុញប្រសិទ្ធភាពលើ ការអនុវត្តការងារអត្តសញ្ញាណកម្ម ប្រកបដោយការទទួលខុសត្រូវ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print