ភ្នំពេញ៖ តារាសម្តែងស្រីកូនមួយ អ្នកនាងសារ៉ាយ សក្កណា បានបើកដំណើរការហាងកែសម្ផស្សជាផ្លូវការហើយ ដោយសហការជាមួយអ្នកជំនាញផ្នែកសម្ផស្សពីសហរដ្ឋអាមេរិក។ កម្មវិធីសម្ពោធជាផ្លូវការនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៤ សីហា ឆ្នាំ២០១៦នេះ ក្រោមវត្តមានសិល្បកររួមអាជីពជាច្រើននាក់។
ហាងថ្មីរបស់តារាសម្តែងសារ៉ាយសក្កណាមានឈ្មោះថា ហ្ស៊ីណូ(XENO) ដែលស្ថិតនៅម្ដុំរង្វង់មូលទួលគោក។ ហាងថ្មីរបស់នាង គឺជាប្រភេទហាងកែសម្រស់ ប៉ុន្តែមិនមានសេវាកម្មវះកាត់នោះទេ គឺមានតែការទទួលដាំសក់ ថែរក្សាស្បែក និងលក់ផលិតសម្រស់ជាច្រើនប្រភេទដែលនាងអះអាងថា នាំមកពីប្រទេសថៃ និងព្យាបាលស្បែកតាមស្តង់ដារសហរដ្ឋអាមេរិក។
តារាសម្តែងស្រីល្បីឈ្មោះរូបនេះបញ្ជាក់ថា នេះជាអាជីវកម្មទ្រង់ទ្រាយខ្នាតធំទី២របស់នាង បន្ទាប់ពីនាងបានបោះទុនបើកហាងអាហារដ្ឋាននៅម្ដុំទួលគោកដូចគ្នា ហើយទទួលបានជោគជ័យមកទល់នឹងពេលនេះ។ នាងបញ្ជាក់ថា ហាងកែសម្រស់របស់នាងសម្រេចបើកបន្ទាប់ពីនាងទៅដល់អាមេរិក ហើយបានស្គាល់នឹងទាក់ទងអ្នកជំនាញជាជនជាតិអាមេរិក ដែលនាំឲ្យមានការសហការបោះទុននេះឡើង។
នាងមានគម្រោងនឹងឡើងចុះពីអាមេរិកមកកម្ពុជា ដើម្បីមើលហាងនេះ ប៉ុន្តែបើទោះជានាងមិនបានមកក៏ដោយ ក៏មានអ្នកជំនាញចំនួន៣នាក់ទៀត ដែលចាំមើលការខុសត្រូវ។ នាងមិនបញ្ជាក់ទុនចំណាយនៃការបើកដំណើរការនេះទេ ខណៈនាងលើកឡើងថាជាការបោះទុនរួមគ្នាជាមួយនិងមិត្តភក្តិហើយក៏មិនបោះទុនច្រើនពេកនោះដែរ ប៉ុន្តែប្រសិនបើដំណើរការហាងនេះរលូន និងលូតលាស់ខ្លាំងនាងអាចនឹងពិចារណារកទីតាំងល្អ ធំទូលាយជាងនេះ។
នាងបន្តដែរថា បើទោះបីជាមានហាងដែលត្រូវមើលការខុសត្រូវក្តីក៏នាងនៅតែបន្តការងារសិល្បៈដដែលប្រសិនបើការសម្តែងខ្សែភាពយន្តនោះមិនចំណាយពេលវេលាយូរព្រោះតែនាងមានភារៈមើលកូន មើលការខុសត្រូវហាង និងត្រូវឡើងចុះទៅអាអាមេរិកជាញឹកញាប់នោះ៕
ដោយ៖ វឌ្ឍនា