ភ្នំពេញ ៖ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ផ្ញើលិខិតរំលែកទុក្ខចំពោះមរណភាព លោកស្រីឧត្ដមសេនីយ៍ទោ ហ៊ុន សារិន ញ៉ឹកហួន ដែលបានទទួលមរណភាពនៅវេលាម៉ោង១១:០៩នាទីយប់ថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងការសោកស្តាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់លោកស្រី ឧត្តមសេនីយ៍ទោ ហ៊ុន សារិន ញ៉ឹកហួន ដែលជាការបាត់បង់នូវម្តាយ ម្តាយក្មេក និងជីដូនជាទីគោរពស្រលាញ់ប្រកបដោយ ព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវធនធានមនុស្សមួយរូបក្នុងកងយោធពលខេមរភូមិន្ទ។ លោកស្រី ឧត្តមសេនីយ៍ទោ ហ៊ុន សារិន តែងបានលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី រួមចំណែកបម្រើឧត្តមប្រយោជន៍ជាតិ។ ទន្ទឹមនឹងនេះ លោកស្រី ជាកុលធីតាដ៏ឆ្នើមមួយរូបប្រកបដោយគុណធម៌ និងជាឧត្តមភរិយា ដែលតែងតែរួម ដំណើរជាមួយ លោកនាយឧត្តមសេនីយ៍ ញឹក ហួន ដែលជាឥស្សរជនឆ្នើមមួយរូបដែលបានធ្វើពលិកម្ម គ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត និងបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ ជាពិសេស បានចូលរួមតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្ត នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សនៅកម្ពុជា នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។ លោកនាយឧត្តមសេនីយ៍ញឹក ហួន ក៏បានចូលរួមយ៉ាងសកម្មក្នុងការការពារបូរណរភាពទឹកដី ការធ្វើកំណែទម្រង់ និងអភិវឌ្ឍកងយោធពលខេមរភូមិន្ទ ឱ្យកាន់តែរីកចម្រើនជាលំដាប់។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធលោកស្រី ឧត្ដមសេនីយ៍ទោ ហ៊ុន សារិន ញ៉ឹកហួន បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមក្រុមគ្រួសារសពលោកស្រី ឧត្ដមសេនីយ៍ទោ ហ៊ុន សារិន ញ៉ឹកហួន ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំ៕ ដោយ៖ ស សម