រឿង មួយថ្ងៃមួយយប់

ចែករំលែក៖

សូរសំឡេងកញ្ចែបានលាន់ឮឡើងយ៉ាងញាប់រន្ថាន់ចេញពីមាត់សមមិត្ត មឿន។ សមមិត្ត មឿនគឺជាប្រធានកងកុមារដែលពួកយើងហៅថា” សមមិត្តៗ “គ្រាន់តែស្នូរសំឡេងកញ្ចែចេញពីមាត់សមមិត្ត មឿន មិនទាន់ផុតផងពួកយើងរត់មកតម្រង់ជួរដោយនាំគ្នាមកអង្គុយរង់ចាំស្ដាប់ប្រធានកងស្ដីបន្ទោសឲ្យអំពីការធ្វើការងារជូនអង្គការ។ សមមិត្ត មឿន មានសក់ក្រញាញ់សម្បុរខ្មៅស្រអែមក្នុងសម្លៀកបំពាក់ពណ៌ខ្មៅបង់កក្រមា ពាក់មួកយោធា និងពាក់ស្បែកជើងកង់ឡានបានដើរក្រពាត់ដៃចុះឡើងខាងមុខជួររបស់យើងដែលមានគ្នាប្រមាណ ៣០នាក់។ បន្ទាប់ពីផ្ដើមពាក្យថា ” ខ្ញុំគឺថាសូមគោរព” រួចប្រធានមឿនស្រែកខ្លាំងៗថា ថ្ងៃនេះយើងនឹងវែកមុខរកខ្មាំងក្នុងកងឲ្យឃើញ ប៉ុន្តែបើសារភាពយើងនឹងលើកលែងទោសឲ្យ ។
ឮពាក្យនេះខ្ញុំ និងកុមារទាំងអស់មើលមុខគ្នាទាំងងឿងឆ្ងល់។ ពួកយើងនៅតូចៗមានអាយុប្រហែលពី ៧ ទៅ ៨ ឆ្នាំ មិនទាន់យល់អ្វីជាខ្មាំងច្បាស់នៅឡើយទេ។ ជារៀងរាល់ព្រឹកមុនពេលចេញទៅធ្វើការមេកងឲ្យពួកយើងអានអក្សរថា ខ្មាំងចក្រពត្តិកម្ទេចបុគ្គលនិយម” ។ ប្រយោគនេះពួកយើងចាំយ៉ាងស្ទាត់មាត់ ប៉ុន្តែមិនដឹងមានន័យយ៉ាងដូចម្ដេចទេហើយនៅពេលឮ ពាក្យថាខ្មាំងក្នុងកង ពួកយើងរឹតតែមិនយល់ថែមទៀត។ រំពេចនោះស្រាប់តែសមមិត្ត មឿន ស្រែកទៀតថាស្ងាត់ ! យើងរាប់ដល់៣ បើមិនសារភាពគឺត្រូវកម្ទេច។ ទោះជារាប់ដល់បីក៏គ្មានអ្នកណាសារភាពដែរព្រោះម្នាក់ៗយល់ថាខ្លួនមិនមែនជាខ្មាំងនោះទេ។ មួយស្របក់ក្រោយមកមិនមានអ្នកណាសារភាព សមមិត្ត មឿន ខឹងមុខឡើងក្រហម ភ្នែកក្រឡោត ដើរសំដៅមកកុមារម្នាក់ដែលអង្គុយខាងមុខបន្ទាប់ខ្ញុំ។ កុមារនោះខំប្រឹងឆ្លើយប្រកែកទាំងតក់ស្លុតថាអត់ទេ ខ្ញុំមិនមែនជាខ្មាំងទេ! នៅប្រកែកទៀត? ស្រែកចប់ពាក្យភ្លាមសមមិត្ត មឿន បានរុញកុមារនោះឲ្យដួលអុកគូទ រួចចាប់ទាញរបស់ដែលលាក់នៅក្នុងចង្កេះខោរបស់កុមារនោះយកមកលើកបង្ហាញ ហើយសមមិត្ត មឿនស្រែកទៀតថា ” នេះជាស្អី?” ។ ពួកយើងសម្លឹងគឺឃើញចុងអំពៅប្រមាណ ៣ ធ្នាប់ដៃនៅសល់ពីកុមារនោះហូប។ តើនេះឬគឺជាខ្មាំងរបស់អង្គការ ? បើដូចនេះមែនកុមារជិត ១០ នាក់នោះគឺជាខ្មាំងតាមពាក្យសមមិត្ត មឿនចោទប្រកាន់អស់ទៅហើយ។ នៅពេលភ្លាមៗកុមារចំនួន ៥ នាក់បានទាញកំពីងត្នោតដែលដុះឬស បន្តិចមកប្រគល់ឱ្យប្រធានកងកុមារ ខ្ញុំក៏យកដំឡូងជ្វាមួយដុំដែលសត្វស៊ីជិតអស់ឱ្យទៅដែរ។ នៅមានទៀតមិនទាន់អស់ទេ!ប្រហែលជាសមមិត្ត មឿន ដឹងថានៅមិនទាន់អស់។ កុមារីពីរនាក់បងប្អូនធ្វើទឹកមុខបង្ហាញភាពស្ទាក់ស្ទើរ។ ពេលឃើញកែវភ្នែកសមមិត្ត មឿន សម្លឹងចំកុមារទាំងពីរនាក់បងប្អូននោះពួកគេក៏ដើរមកតិចៗលូកដៃទាញចង្កេះសំពត់បង្ហាញកូនកង្កែបពីរក្បាលមកដាក់ជាមួយយើងនៅមុខសមមិត្តមិត្តប្រធាន។ ក្រោយពីសមមិត្តមឿនសម្លឹងមួយត្រួសដោយសន្និដ្ឋានថា អស់ហើយគាត់បាននិយាយឆ្ការដៃឆ្ការជើងថា” បើសមមិត្តណាគ្មានគំនិតស្មោះត្រង់នឹងអង្គការ ក្បត់សមូហភាពភ្លេចគុណអង្គការរំដោះ ឲ្យរួចផុតពីរបបជិះជាន់សក្កិភូមិមូលធននិយមនោះ សមមិត្តគឺជាខ្មាំង។ ទង្វើនេះមិត្តបានប្រព្រឹត្តជាលើកទីមួយ ខ្ញុំគ្រាន់តែព្រមានប្រសិនបើមានលើកទីពីរអង្គការនឹងកម្ទេចចោល” ។ សមមិត្ត មឿន និយាយពាក្យហូរហែជាច្រើនរហូតដល់យើងស្ដាប់លែងចូល ព្រោះយើងចាប់ផ្ដើមឃ្លាន។ការប្រជុំបានបញ្ចប់ហើយកុមារទាំងអស់បានស្រែកស្រុះគ្នាថា ” កុមារគឺជាកូនអង្គការ ដឹងគុណអង្គការ ជយោកម្ពុជាប្រជាធិបតេយ្យមហាលោតផ្លោះមហាអស្ចារ្យ” រួចយើងនាំគ្នាទះដៃបញ្ចប់និងប្រកាសរំសាយការប្រជុំ។ បន្ទាប់មក កុមារនាំគ្នាដើរសំដៅទៅរករោងបាយយ៉ាងប្រញាប់ប្រញាល់។
អង្គការបានបែងចែករោងបាយរួមជាបីផ្នែក គឺមាននៅដើមភូមិកណ្ដាលភូមិ និងចុងភូមិ។ រោងបាយរបស់ខ្ញុំនៅឯចុងភូមិហើយកុមារដទៃទៀតនៅរោងបាយផ្សេងៗទៅតាមការបែងចែករបស់អង្គការ។ ថ្ងៃលិចយូរណាស់ហើយប៉ុន្តែ រោងបាយរបស់ខ្ញុំមិនទាន់មានអង្ករដាំបបរទេ។ ចំណែកឯទឹកក្នុងខ្ទះទាំង ៤តម្រៀបគ្នាពុះកញ្ជ្រោលរង់ចាំអង្ករ។ ចុងភៅចេះតែបោះអុសបញ្ចូលក្នុងចង្ក្រាន។ ទោះជាមិនទាន់ឮស្នូរជួងដល់ម៉ោងបាយក៏ដោយ អ្នកស្រុកដើរមកជាបន្តបន្ទាប់តម្រៀបជាពីរជួរវែង និងខ្លី កុមារខ្លះអង្គុយយ៉ាងស្ងៀមស្ងាត់ ខ្លះដើរចុះឡើងមើលខ្ទះបបរ។ ចំណែកក្មេងតូចៗអាយុចន្លោះពីរទៅបីឆ្នាំយំទារកអាហារ។តាម្នាក់ដែលជាជនជាតិចិននិយាយមិនច្បាស់បានរអ៊ូដាក់ចុងភៅ ហើយមីងចុងភៅទ្រាំពុំបានក៏ស្រែកសម្លុតទាំងយារដៃកាន់វែកមករកតាចិន។ តាចិនឈប់និយាយហើយដើរមកអង្គុយនៅតុទាំងទឹកមុខមួរម៉ៅ។ ទិដ្ឋភាពពេលនោះគួរឱ្យសង្វេគណាស់ មិនថាខ្ញុំឬប្រជាជនផ្សេងទៀតទេគឺមានរូបរាងស្គមកំព្រឹង ពោះកំប៉ោងមុខហើមធំជាងខ្លួនដែលរាល់ថ្ងៃមានតែសេចក្តីស្រេកឃ្លានប៉ុណ្ណោះ។ ក្មេងៗឃ្លានអាហារស្រែកយំគាំងលែងឮសំឡេងក៏មានដែរ។ ចំណែកចាស់ៗខ្លះក្រាបក្បាលលើតុដោយសេចក្តីហេវហត់។ រំពេចនោះស្នូររទេះគោងេតៗនិងសំឡេងដេញគោកាត់រោងបាយ។ មីងចុងភៅចាប់ទាញល្អីដើរសំដៅទៅកន្លែងភស្តុភានៅក្បែរនោះ។ បន្តិចក្រោយមកមីងចុងភៅត្រឡប់មកវិញដោយយកអង្ករមកមិនដល់ពាក់កណ្ដាលល្អីផង។ មីងចុងភៅយកត្រឡោកដូងវាល់អង្ករ២ត្រឡោកដាក់ក្នុងខ្ទះដែលមានទឹកកំពុងពុះស្រាប់។ ស្នូរជួងបាយបានបន្លឺឡើងជាសញ្ញាប្រាប់ថាបបរឆ្អិនហើយ។ ខ្ញុំមិនទាន់ចូលអង្គុយហូបបបរទេ រង់ចាំមើលអារុន ពុក និងម៉ែ។អារុន ទើបតែមានអាយុ ៥ ឆ្នាំ។អង្គការមិនទាន់ឲ្យអារុនចូលក្រុមកុមារឡើយ។ អារុន មានសាច់ឈាមគ្រាន់បើជាងកុមារដទៃទៀត។

អារុនតែងដើរតត្រុកក្នុងភូមិឬតាមស្រែរកចំណីអាហារបន្ទាប់ពីអ្នកភូមិចេញទៅធ្វើការអស់។ ប្រធានភូមិហៅពុកម៉ែរបស់ខ្ញុំទៅណែនាំចំនួនពីរបីលើករួចមកហើយដោយសារតែអារុន ។ នៅពេលមកដល់ អារុន មកអង្គុយតុក្បែរខ្ញុំ។ ចុងភៅសែងឆ្នាំងបបរដើរតាមតុហើយដួសមួយវែកដាក់ក្នុងចានដែលមានតាមតុរួចជាស្រេចរួចប្រាប់ថា ” ពេលនេះរបបបបរបានតែមួយវែកទេ” ។ បបរចំនួនមួយវែកគឺពេញចានល្មមប៉ុន្តែគ្រាប់អង្ករវិញគឺមិនបានមួយស្លាបបាយផង។ ធម្មតាយើងបានស្ងោរទឹកប្រហុកលាយជាមួយនឹងស្លឹកផ្ទីមកច្របល់លាយចូលគ្នាបន្ថែម។ ពុក ម៉ែ របស់ខ្ញុំដើរមកសំដៅតុខ្ញុំ និងអារុនដោយកាន់ចានបបរមកជាមួយផង។ ពុកហុចមកឱ្យខ្ញុំ ឯម៉ែហុចឱ្យអារុន ដែលមានកាកបបរបន្តិចលាយស្លឹកផ្ទី ហើយគាត់និយាយថាហូបរួចប្រញាប់ទៅផ្ទះ។ ខ្ញុំមិនតបទៅគាត់វិញទេ គឺគ្រាន់តែងក់ក្បាលគិតពីហូបបបរ ហើយក៏មិនខ្វល់ពីកុមាររួមតុកំពុងសម្លឹងមើលមុខខ្ញុំឡើយ។ (នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print