ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលរៀបចំជាលើកដំបូងនៅកម្ពុជានោះនឹងចាប់ផ្ដើមដង្ហែក្បួនជាផ្លូវការ

ចែករំលែក៖

ភ្នំពេញ÷រសៀលថ្ងៃទី៣១ធ្នូនេះ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលរៀបចំជាលើកដំបូងនៅកម្ពុជានោះនឹងចាប់ផ្ដើមដង្ហែក្បួនជាផ្លូវការ តាមដងវិថីព្រះស៊ីសុវត្ថិ រហូតដល់បរិវេណសួនច្បារមុខព្រះបរមរាជវាំង។ព្រឹត្តិការណ៍នេះផ្ដួចផ្ដើមរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) ក្នុងគោលបំណង អបអរសាទរដល់សង្គមជាតិ ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ និងការលើកតម្កើងមោទនភាពជាតិ រួមទាំងទាក់ទាញទេសចរមួយផ្នែកផងដែរ។

នៅក្នុងព្រឹត្តិការណ៍នោះ ក៏មានការបង្ហាញក្បួនដង្ហែជាច្រើនសម្បូរបែបនិងការសម្ដែងសិល្បៈទស្សនីយភាពចម្រុះ ដែលមានសិល្បៈករល្បីៗជាច្រើនរូបចូលរួម។ ក្រោមគំនិតផ្ដួចផ្ដើមរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ស.ស.យ.ក មានការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅសួនច្បារទល់មុខព្រះបរមរាជវាំង នារាត្រីថ្ងៃឆ្លងឆ្នាំ២០២៤ចូលឆ្នាំថ្មីឆ្នាំ២០២៥។

លោក សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ស.ស.យ.ក និងជាសមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» បានមានប្រសាសន៍ឲ្យដឹងថា ៖ «អ្វីទៅជាសាទរកម្ពុជា? មានពាក្យ៣ជាគន្លឹះ ទី១គឺអត្តសញ្ញាណ ទី២ គឺមោទនភាព និងទី៣ គឺអបអរសាទរ ។ មានន័យថា ជាព្រឹត្តិការណ៍មួយដើម្បីអបអរសាទរដល់សង្គមមួយដ៏រស់រវើកដែលយើងកំពុងរស់នៅ ជាមួយអត្តសញ្ញាណដ៏វិសេស ជាមួយសន្ដានចិត្តដ៏សោមនស្ស ជាមួយអ្វីដែលយើងបានឆ្លង កាត់និងជ័យជំនះ បូកជាមួយមោទនភាពក្នុងនាមជាប្រជាជាតិខ្មែរតែមួយ»។

លោក សុខ សប្បាយណា បានបន្តទៀតថា ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ដែលនាំមកនៅស្នាមញញឹម បង្ហាញនូវភាពកក់ក្ដៅ នាំមកនៅការរួបរួម ហើយបង្ហាញមោទនភាព ក្រោមទង់នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងព្រឹត្តិការណ៍នេះដែរក៏មានកម្មវិធីធំៗចំនួន៦ ក្នុងការបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋដែលមកចូលរួមអបអរសាទរ។ «ទី១ ការដង្ហែក្បួនដោយមានមនុស្សចូលរួមចំនួនជាង៣ពាន់នាក់ ហើយមានយក្សជិត២០០ និងទីមោងជិត១០០ មកចូលរួម ។ មានស្គរធំមួយដែលមានទំងន់៣តោន មានរថយន្តធំៗ៣ ប៉េងប៉ោង៣ ប្រវែង១៤ម៉ែត្រ មានតុក្កតាធំ គោមយក្ស យកពីខេត្តសៀមរាប។ទី២ មានដង្ហែនិងបង្ហូតទង់ជាតិ ទី៣ ការសម្ដែងសិល្បៈទស្សនីយភាពចម្រុះ ទី៤ គឺជាការតុបតែងឱ្យមានភាពទាក់ទាញ ពោរពេញដោយភាពស្រស់បំព្រងភ្ជាប់ជាមួយនិងអត្តសញ្ញាណវប្បធម៌ខ្មែរ ទី៥ ឆ្លងឆ្នាំសកលរួមគ្នា និងទី៦ ការបាញ់កាំជ្រួចឆ្លងឆ្នាំជុំគ្នាផងដែរ»។ ព្រឹត្តិការណ៍សាទរកម្ពុជា នឹងចាប់ផ្ដើមដង្ហែក្បួននៅរសៀលថ្ងៃទី៣១ ខែធ្នូនេះរហូតដល់ម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយ មានសមាជិកចូលរួមហែក្បួនជាង៣ពាន់នាក់។

លោក គង់ សុលីយ៉ា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍សាទរ កម្ពុជាបានបញ្ជាក់ថា៖ «ក្បួនដង្ហែចាំផ្ដើមពីវត្តភ្នំ រហូតមកដល់ព្រះបរមរាជវាំង យើងមានទីតាំងសម្ដែង២ ទី១នៅមុខវត្តឧណាលោម ទី២នៅមុខព្រះបុរមរាជវាំងតែម្ដង ហើយរយៈពេលហែក្បួនចន្លោះពី១ម៉ោងកន្លះទៅ២ម៉ោង ដោយមានចម្ងាយ១០០០ម៉ែត្រ ។ ក្បួនបែងចែកជា៣វគ្គ ១៤ផែន និង៣០ក្បួនដែលមានអ្នក ចូលរួមហែក្បួនប្រមាណជា៣០០០នាក់ ។ យើងមានក្បួនរថយន្តធំៗចំនួន៣ធំៗ ទី១ យាន្តស្គរជ័យ ទី២ យាន្តតន្ត្រីប្រជាប្រិយ ទី៣ យាន្តសាទរកម្ពុជា ហើយយើងក៏មានបាឡុងយក្សចំនួន៣ ទី១ យក្សល្ខោនបាសាក់ទី២ ស្វាបងសង្ហា ទី៣ អក្សរសាទរ កម្ពុជា ជាលក្ខណៈពោងយក្ស ដែលមានប្រវែង៨ម៉ែត្រ គុណ១០ម៉ែត្រ ហើយការបណ្ដែតអាចខ្ពស់ទៅដល់ជាន់ទី២ ឬទី៣ »។ ក្បួនដង្ហែទាំង៣០ក្បួនដែលដើរដោយថ្មើជើងនេះ នឹងបង្ហាញទស្សនីយភាពបណ្តាក់គ្នា សម្រាប់ឱ្យសាធារណជនទស្សនានៅលើកំណាត់វិថីព្រះស៊ីសុវត្ថិ រហូតដល់សួនមុខព្រះបរមរាជវាំង។ ក្បួនទាំងនេះសុទ្ធសឹងតែបង្ហាញពីវប្បធម៌ខ្មែរ បូកបញ្ចូលនូវការច្នៃប្រឌិត ប្លែកភ្នែក ក៏ដូចជា បង្កបរិយាកាសសប្បាយរីករាយ នាយប់ឆ្លងឆ្នាំសកលផងដែរ។ នេះជាការលើកឡើងរបស់លោកគង់ សុលីយ៉ា៖ «ក្បួនរបស់យើងជារួមមានការចូលរួមជាច្រើន ហើយក្នុង១វគ្គៗមានច្រើនផែន និងមានពណ៌ ចម្រុះ ការសម្ដែងសប្បាយរីករាយ គឺមិនមែនជាក្បួនគ្រាន់តែដង្ហែដើរទៅមុខនោះទេ គឺពួកគាត់មានការរាំកម្សាន្ត បង្ហាញជូនដល់សាធារណៈជន ដោយពួកគាត់មានការរៀបចំខ្លួន ឬក៏ជាឈុតសម្លៀកបំពាក់មកចូលរួមដោយខ្លួនឯងផ្ទាល់ ។ ហើយក្នុងថ្ងៃនេះដែរក៏មានស្តង់អាហារ ស្ដង់វត្ថុអនុស្សាវរីយ៍ជាច្រើន នៅតាមមាត់ទន្លេ»។ ប្អូនស្រីស្រីនិច្ច ជានិស្សិតឆ្នាំទី១នៃសកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍រំភើសប្បាយរីករាយ ហើយនឹងមកចូលរួមទស្សនាព្រឹត្តិការណ៍ជាក់ជាមិនខាន។ «ខ្ញុំគិតថាជាព្រឹត្តិការណ៍មួយដែលល្អ ហើយប្លែក ដែលខ្ញុំមិនដែលបានឃើញ គ្រាន់តែមើលតាមរយៈ ការសម ក៏សប្បាយភ្នែកដែរ ព្រោះមានកម្មវិធីជាច្រើនប្លែកៗបង្ហាញបណ្ដាក់គ្នា »។

ព្រឹត្តិការណ៍សាទរកម្ពុជាគឺបើកឱ្យសាធារណៈជនចូលរួមទស្សនាដោយសេរី ទាំងភ្ញៀវជាតិនិងអន្តរជាតិ។ នេះជាការបញ្ជាក់របស់លោកសុខ សប្បាយណា។ «ពិធីរបស់យើងគឺយើងស្វាគមន៍ទាំងអស់គ្នាដើម្បីចូលរួម មិនថានៅក្រៅប្រទេសឬក្នុងប្រទេសនោះទេ មិនថានៅតាមខេត្តទេ មកចូលរួមដោយសេរី ចូលរួមសាទរដោយអំណរសាទររួមគ្នា ចូលរួមឱ្យបានកុះករ

ក្ដីស្រលាញ់ដែលបុគ្គលនីមួយៗចែកជូនប្រទេសជាតិគឺជាក្ដីស្រលាញ់សម្រាប់ប្រទេស ជាតិ មោទនភាពរបស់បុគ្គលនីមួយៗ មោទនភាពរបស់អត្តសញ្ញាណរបស់យើងនីមួយៗគឺជាមោទនភាពរបស់ជាតិ ។ យើងចង់ជំរុញស្មារតីមួយដើម្បីបន្តបង្ហាញស្នាម ញញឹមមោទនភាពនិងក្ដីស្រលាញ់ចំពោះប្រទេសជាតិ តិចក្ដីច្រើនក្ដី យើងត្រូវការចូលរួមទាំងអស់គ្នា ដើម្បីជាតិ និងប្រជាជនរបស់យើង»។

ព្រឹត្តិការណ៍សាទរកម្ពុជា នឹងមានក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ ជាមួយការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលដក់ជាប់ក្នុងចិត្តចំពោះគំនិតច្នៃប្រឌិតបុរាណ និងសហសម័យ រួមទាំងទីងមោង គោមយក្ស ពោងយក្ស ស្តង់ម្ហូបអាហារ ២៥រាជធានីខេត្ត និងការសម្ដែងសិល្បៈទស្សនីយភាពចម្រុះ ដែលមានសិល្បៈករល្បីៗជាច្រើនរូបចូលរួមផងដែរ។ ក្នុងកម្មវិធីក្បួនដង្ហែ រួមមានការសម្តែងទស្សនីយភាពវប្បធម៌ ព្យុះហយាត្រា ឬកីឡា ជាមួយការតុបតែងសម្លៀកបំពាក់ និងគ្រឿង រចនាកាយ រួមជាមួយការច្នៃប្រឌិតបង្កើតយានក្បួនដង្ហែ ពោងបង្ហោះ និងការតុបតែងរចនា ឬគ្រឿងលម្អ ជាមួយពណ៌ បច្ចេកវិទ្យា និងពន្លឺ ក៏ដូចជាការបង្ហាញទេពកោសល្យសិល្បៈ ឬការច្នៃប្រឌិត ដោយមានកិច្ច សហការរវាងស្ថាប័ននិងក្រុមសសយក។

ព្រឹត្តិការណ៍នេះរៀបចំឡើងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីវេលាម៉ោង ៣:០០ រសៀល រហូតដល់ម៉ោង ១:០០ ទាបភ្លឺឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នៅបរិវេណសួរច្បារមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍«សាទរកម្ពុជា» ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូល ដែលក្នុងនោះតាមរយ:ការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា «សាទរកម្ពុជា» និងបង្ហាញក្នុងនាមជាប្រជាជាតិមានអាយុកាលដ៏យូរលង់ កម្ពុជាកំពុងឈរដោយមោទនភាព ពោរពេញដោយក្តីសង្ឃឹមនិងមានភាពជឿជាក់រួមគ្នាឆ្ពោះទៅកាន់អនាគតដ៏រុងរឿងរបស់ជាតិ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print