ខេត្តសៀមរាប៖ ពិធីប្រារព្ធព្រឹត្តិការណ៍អបអរឆ្នាំថ្មីឆ្នាំសកល២០២៥ នៅក្រុងសៀមរាបនារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានបង្កើតបរិយាកាសរីករាយ និងទាក់ទាញប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិបាននាំគ្នាចូលរួមទស្សនាយ៉ាងច្រើនកុះករនៅបណ្ដាតំបន់កម្សាន្តនានាប្របដងស្ទឹងសៀមរាប ។
សូមជម្រាបជូនថា រាត្រីដំណាច់ឆ្នាំ២០២៤ ចូលឆ្នាំថ្មី២០២៥នេះ បានគ្របដណ្ដប់ដោយអាកាសធាតុត្រជាក់ល្មម ដោយមនុស្សម្នាប្រុសស្រីចម្រុះវ័យ ជាមួយសម្លៀកបំពាក់ចម្រុះ ពណ៌បានមកត្រៀមចូលរួមរាប់ថយក្រោយ ដើម្បីឆ្លងឆ្នាំ២០២៤-២០២៥ ។ ជាក់ស្ដែងគ្រាន់តែទ្រនិចនាឡិកាចង្អុលម៉ោងសូន្យ ដែលជាការឆ្លងឆ្នាំ២០២៤យ៉ាងពេញលេញ ឈានចូលឆ្នាំ២០២៥ សំឡេងកាំជ្រួច និងស្នូរហ៊ោរកញ្ជៀវ ទះដៃអបអរសាទរបានលាន់ឮរំពងឡើងបង្កើតជាសំនៀងតន្រ្តីនារាត្រីដ៏កក់ក្តៅ និងរីករាយក្រៃលែង ។
សូមជម្រាបថា ក្នុងឱកាសអបអរសាទរឆ្នាំថ្មីឆ្នាំសកល២០២៥ រដ្ឋបាលខេត្តបានរៀបចំកម្មវិធីមួយចំនួនដូចជា ការសម្តែងទស្សនីយភាពសិល្បៈកម្សាន្ត នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ,ការបើកឱ្យដំណើរការជាផ្លូវការផ្ការាំទឹករាំចាប់ម៉ោង១៩យប់រហូត ដល់ម៉ោង២៤៖០០នាទីនៅទីតាំងសួនផ្ការាំទឹករាំតាមដងស្ទឹងសៀមរាប ខាងជើងស្ពានថ្មអាងក្រពើ,ការបាញ់កាំជ្រួចឆ្លងឆ្នាំ នាពាក់កណ្តាលអធ្រាត្រ វេលាម៉ោង២៤៖០០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សាររាត្រីផ្លូវ៦០ម៉ែត្រ និងនៅទីតាំងខាងសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ៕ ដោយ៖តារា