ភ្នំពេញ៖ ក្នុងឱកាសឆ្លងឆ្នាំសកល ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ អន្តរជាតិជាង ៣,៥ លាននាក់ បានចេញដើរលេងកម្សាន្តនៅតាមបណ្ដារាជធានី-ខេត្ត។
យោងតាម ស្ថិតិរបស់ មន្ទីរទេសចរណ៍រាជធានី ខេត្ត បានបញ្ជាក់ថា ស្ថិតិទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងឱកាសឆ្លងឆ្នាំសកល នៅតាមបណ្ដារាជធានី-ខេត្ត ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចជា៖
– ទេសចរសរុបប្រមាណ ៖ ៣ ៥៣៥ ៣២៥នាក់
– ទេសចរជាតិ សរុបប្រមាណ ៖ ៣ ៤៨៨ ០៦៥ នាក់
– ទេសចរអន្តរជាតិ សរុបប្រមាណ ៖ ៤៧ ២៦០នាក់។
សូមបញ្ជាក់ថា ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៥នេះ តាមរយៈព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលបានរៀបចំឡើងដោយ ស.ស.យ.ក នៅយប់ឆ្លងឆ្នាំថ្មី ឆ្នាំសកលនេះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិរាប់លាននាក់ បានមកចូលរួមទស្សនាកម្សាន្តនូវទស្សនីយភាព ការសម្ដែងទស្សនីភាពនានា និងតន្រ្ដីយ៉ាងសប្បាយរីករាយ តាំងតែពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៤ រហូតដល់យប់បំណាច់ឆ្នាំឈានចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥៕ដោយ៖តារា