២ថ្ងៃមុនឆ្លងឆ្នាំ ករណីក្មេងទំនើងស្បើយច្រើន!

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេល២ថ្ងៃចុងក្រោយនៃឆ្នាំ២០២៤ គឺនាថ្ងៃទី៣០ និង៣១ ខែធ្នូ ដែលមនុស្សជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរកំពុងត្រៀមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៥ ករណីក្មេងទំនើងទូទាំងប្រទេសបានថយចុះគួរឱ្យសម្គាល់ ពោលគឺមានតែ៦ករណីប៉ុណ្ណោះ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ ៦ករណីនេះ សមត្ថកិច្ចនគរបាលជាតិ បានក្រសោបឃាត់ខ្លួនក្មេងទំនើងបានចំនួន២៣នាក់ ដោយក្នុងចំណោមនោះ ក៏មានដែរករណីបង្ហោះវីដេអូទំនើងឌឺដងប៉ងប្រើហិង្សាដាក់គ្នាទៅវិញទៅមកលើបណ្ដាញសង្គម រហូតត្រូវបានសមត្ថកិច្ចស្រាវជ្រាវនិងចុះទៅចាប់ឃាត់ខ្លួនជាបន្តបន្ទាប់។

គួរកត់សម្គាល់ថា នៅមុនដំណាច់ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសមួលខ្ចៅបន្តឹង ដោយចេញបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំង បើកប្រតិបត្តិការបង្ក្រាបឱ្យម៉ឺងម៉ាត់និងចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារតែម្ដង បន្ទាប់ពីឃើញករណីនេះកម្រើកឡើងវិញ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំ តាមដាន និងតម្រង់ទិសបន្ថែមទៀតដើម្បីពង្រឹងប្រសិទ្ធភាពនៃការបង្ក្រាបករណីក្មេងទំនើង។

លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ករណីក្មេងទំនើង បានក្លាយជាប្រធានបទចោទខ្លាំងមួយក្នុងសង្គមកម្ពុជា ដែលបញ្ហានេះ នឹងមិនអាចដោះស្រាយបញ្ចប់ដោយមានត្រឹមតែយន្តការរាជរដ្ឋាភិបាល អាជ្ញាធរ ឬកងកម្លាំងនោះឡើយ ពោលគឺក៏ទាមទារចាំបាច់នូវការអប់រំ ណែនាំ និងតាមដានយ៉ាងសកម្មបំផុតពីឪពុក ម្ដាយ ឬអាណាព្យាបាល ចាស់ទុំក្នុងសហគមន៍ និងលោកគ្រូ អ្នកគ្រូជាដើម។ លោកបណ្ឌិត ក៏បានអំពាវនាវជាថ្មីទៀតដល់យុវជន យុវតីដែលបាននិងកំពុងជ្រុលខ្លួនក្លាយជាមុខសញ្ញាក្មេងទំនើង សូមកែប្រែឥរិយាបទ ងាកមកខិតខំរៀនសូត្រចំណេះដឹងទូទៅ និងជំនាញផ្សេងៗ ដើម្បីអនាគតខ្លួន សេចក្ដីសុខក្រុមគ្រួសារ និងសណ្ដាប់ធ្នាប់សង្គម៕

...


ដោយ ៖ កញ្ញា សេង សុខហ៊ុន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print