ខេត្តស្វាយរៀង៖ បុរស២នាក់រងរបួសធ្ងន់ស្រាលខណៈដែលបើកម៉ូតូចេញពីផ្លូវលំឡើងលើកំណាត់ផ្លូវជាតិមិនប្រយ័ត្នក៏បុកនិងគោយន្តកន្ត្រៃចំពាក់កណ្ដាលទ្រុង។
ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ស្ថិតនៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូម៉ាកវ៉េវចិន ពណ៌បៃតង គ្មានស្លាកលេខ បើកបរដោយឈ្មោះ ទិត យ៉ត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិជុប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មុខរបរ កម្មកររោងចក្រ និងអ្នករួមដំណើរឈ្មោះ ឆើត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិឃុំជាមួយគ្នាបានបើកចេញពីផ្លូវលំពីទិសខាងជើងទៅកើតបានបុកគោរយន្តកន្ត្រៃ ពណ៌ក្រហម ស្លាកលេខគ្មាន ចំពាក់កណ្តាលទ្រុង ក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ឥន ណាគ្រី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងស្មាច ឃុំខ្សែត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ពេញទំហឹងបណ្ដាលឲ្យម៉ូតូនិងមនុស្សខ្ទាតធ្លាក់ស្រែតែម្ដង។
ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមកអន្តរាគមន៍យកភាគីខាងម៉ូតូមកកាន់មន្ទីរពេទ្យនិងធ្វើការវាស់វែងព្រមទាំងអូសយកវត្ថុតាងទាំង២គ្រឿងមកកាន់អធិការដ្ឋាននគរបាលស្រុកដោះស្រាយពេលក្រោយ។ មូលហេតុគឺម៉ូតូបើកបរមិនគោរពសិទ្ធអាទិភាពទើបជួបករណីគ្រោះថ្នាក់នេះកើតឡើង ៕
ដោយ៖ យឹម សុថាន
...