ខេត្តកណ្ដាល៖ រថយន្តTOYOTA PRIUS មួយគ្រឿងបើកលឈនដូចហោះ បណ្ដាលឲ្យបុករបាំងថ្មពុះចែកទ្រូងផ្លូវ ឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យមនុស្ស២នាក់ ស្លាប់ភ្លាមៗកន្លែងកើតហេតុ រីឯម្នាក់ទៀតរបួសធ្ងន់ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៣និង០០នាទី ។ ចំណុចខាងមុខទីស្នាក់ការបក្សប្រជាជនខេត្តកណ្ដាល នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្ត កណ្ដាល។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់មាន២នាក់ ទី១-ឈ្មោះ ខៃ សោភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ធី ស្រីលីន ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិរកាកោង ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកអ្នករងរបួសធ្ងន់ឈ្មោះ បានសុងហេង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកបើកបររថយន្តម៉ាក TOYOTA PRIUS ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ2BD-1735។
ប្រភពដដែលបន្តថា នៅវេលាម៉ោង ថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ2BD-1735 បើកបរដោយឈ្មោះ ប៊ានសុងហេង ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ(រងរបួសធ្ងន់) និងមានអ្នករួមដំណើរចំនួន ០២នាក់ ៖
ទី១ ឈ្មោះ ខៃ សោភ័ណ្ឌ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។ ទី២ ឈ្មោះ ធី ស្រីលីន ភេទស្រី អាយុ ២១ឆ្នាំ មានទីលំនៅភូមិរកាកោង ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល(ស្លាប់នៅកន្លែងកើតហេតុ)។
រថយន្តបើកបរមានទិសដៅពី ជើង ទៅ ត្បូង (តាខ្មៅ -កោះធំ) ពេលបើកមកដល់កន្លែងកើតហេតុ ក៏បានបុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តខ្ទៀតមកឆ្វេងដៃក្រឡាប់ឆេះតែម្ដង។ភ្លាមៗមានប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានជួយសង្រ្គោះអ្នកបើកបរទាញចេញពីរថយន្ត។ ចំណែកអ្នករួមដំណើរទាំងពីរនាក់បានឆេះស្លាប់នៅក្នុងរថយន្តតែម្ដង។
បច្ចុប្បន្នអ្នកបើកបររថយន្ត ត្រូវបានរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យជ័យជំនះ បញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសមៈ។ ការខូចខាត៖ រថយន្តចំនួន ០១គ្រឿង(ធ្ងន់) និងរបាំងថ្មទ្រូងផ្លូវចំនួន ០១ផ្ទាំង។
មូលហេតុករណីគ្រោះខាងលើ បណ្ដាលមកពី:
អ្នកបើកបររថយន្ត បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕
ដោយ៖ ស្អាងជ័យ