កន្លងមកអាល្លឺម៉ង់បានរងការវាយប្រហារដោយកាំបិទនៅលើរថភ្លើងបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើននាក់ ប៉ុន្តែពេលនេះនៅក្នុងប្រទេសស្វិសក៏រងការវាយប្រហារដូចគ្នាដែរកាលពីថ្ងៃទី១៣ ខែសីហា កន្លងទៅ។
នៅពេលនេះប្រទេសសំខាន់ៗនៅក្នុងតំបន់អឺរ៉ុបដែលមានការយាមល្បាតតឹងតែងបំផុតក៏រងការវាយប្រហារបានជោគជ័យ ។ ប៉ុន្តែការវាយប្រហារនៅក្នុងប្រទេសស្វិសនេះឆ្លងកាត់ការស៊ើបអង្កេត អាជ្ញាធរស្វីសបានទាត់ចោលមូលហេតុដែលថាអំពើនេះជាអំពើភេរវកម្មធ្វើឡើងដោយជនជ្រុលនិយមអ៊ិស្លាម។
ការវាយប្រហារខាងលើបង្ករឡើងដោយបុរសម្នាក់បានយកសាំងទៅចាក់ខ្សែភ្លើងបង្កជាអគ្គិភ័យ ហើយបន្តយកកាំបិតចាក់អ្នកដំណើរជាច្រើននាក់។ អ្នកធ្វើដំណើរម្នាក់រួមទាំងជនដៃដល់បានស្លាប់នៅក្នុងហេតុការណ៍នេះ។
ករណីវាយប្រហារក្នុងរថភ្លើងគឺជាករណីដ៏កម្រក្នុងប្រទេសស្វីស ហើយការវាយប្រហារបែបភេរវកម្មរឹតតែកម្រទៅទៀតក្នុងប្រទេសនេះ។ ក្នុងរថភ្លើងស្វីសមួយខ្សែរពេលដែលរថភ្លើងធ្វើដំណើរជិតទៅដល់ស្ថានីយ៍ Salez ក្នុងតំបន់ Saint-Gall ភាគឦសានស្វីស ស្រាប់តែមានបុរសម្នាក់យកប្រេងសាំងមកជះទៅលើអ្នកដំណើរនៅក្នុងទូរថភ្លើង ហើយបានកេះដែកកេះបង្កជាអគ្គិភ័យ ។ បន្ទាប់មកទៀតជនដៃដល់បានស្ទុះយកកាំបិតទាំងខ្លួនត្រូវភ្លើងឆេះ ទៅចាក់អ្នកដំណើរជាច្រើននាក់ឲ្យរបួស។
ស្ត្រីអ្នកដំណើរម្នាក់អាយុ៣៤ឆ្នាំ បានទទួលមរណភាពដោយសារភ្លើងឆេះ រឺឯជនដៃដល់ត្រូវបានអ្នកដំណើរម្នាក់ដែលឈរចាំរថភ្លើងនៅស្ថនីយ៍ បានស្ទុះទៅទាញចេញមកខាងក្រៅ បន្ទាប់ពីបានឃើញភ្លើងឆេះសន្ធោសន្ធៅពេញខ្លួន។ ជនដៃដល់បានស្លាប់នៅមន្ទីរពេទ្យកាលពីព្រឹកថ្ងៃអាទិត្យទី១៤ ខែសីហា។ យ៉ាងហោចណាស់មានអ្នករបួសចំនួន៥នាក់ ដែលក្នុងនោះមានកុមារីម្នាក់អាយុ៦ឆ្នាំ ដែលរងរបួសធ្ងន់ដោយភ្លើងឆេះ និងដោយស្នាមចាក់នឹងកាំបិត។
ឆ្លងកាត់ការស៊ើបអង្កេតនគរបាលស្វីសបានឈានទៅឆែកឆេរផ្ទះរបស់ជនដៃដល់។ ជនដៃដល់ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិស្វីស ហើយមិនមានដើមកំណើតបរទេសទេ។ នគរបាលស្វីសបានបញ្ជាក់ផងដែរថា ជននេះមិនដែលធ្លាប់ប្រព្រឹត្តិបទល្មើសអ្វីទេពីមុនមក។ ដោយបានពិនិត្យទៅក្នុងរូបភាពកាមេរ៉ាសុវត្ថិភាពក្នុងរថភ្លើង ជននេះបានធ្វើសកម្មភាពតែម្នាក់ឯង ហើយទំនងមិនមានជាប់ពាក់ព័ន្ធនឹងក្រុមជ្រុលនិយមណាទេ។ មកដល់ដំណាក់កាលនេះ នគរបាលស្វីសបានទាត់ចោលហេតុផលភេរវកម្ម ហើយសន្និដ្ឋានថា ជនដៃដល់មិនមានបំណងសម្លាប់អ្នកដំណើរណាម្នាក់ដោយចំពោះនោះទេ៕
ប្រែសម្រួល៖ ម៉ែវ សាធី