រឿងលោកផ្កាយពីរ លឹម ប៊ុនសេង យកកាំភ្លើងខ្លីវ៉ៃស្ត្រីរងគ្រោះដល់ថ្នាក់របួសឈាមហូរស្រោច ប្រព្រឹត្តកន្លែងប៉ុស្តិ៍រដ្ឋបាលនគរបាលប្រទះឡាង ខណ្ឌកំបូល គឺដឹងដល់ថ្នាក់ដឹកនាំនៅក្រសួងមហាផ្ទៃហើយ !

ចែករំលែក៖

ភ្នំពេញ ៖ រឿងលោកឧត្តមសេនីយ៍ទោ លឹម ប៊ុនសេង អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដែលជនរងគ្រោះចោទថាបានប្រព្រឹត្ត អំពើហិង្សាឈានដល់យកកាំភ្លើងខ្លីវ៉ៃដល់ថ្នាក់របួសឈាមហូរស្រោច នៅកន្លែងប៉ុស្តិ៍រដ្ឋបាលនគរបាលប្រទះឡាង ខណ្ឌកំបូល គឺបានដឹងដល់ថ្នាក់ដឹកនាំនៅក្រសួងមហាផ្ទៃហើយ ! នេះជាការបញ្ជាក់ពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ដោយលោកបណ្ឌិតបន្តថា ៖ រឿងនេះដឹងតាមអ្នកសារព័ត៌មានយើងផង ហើយឃើញមកដល់ក្រសួងក្នុងកំឡុងថ្ងៃទី៣-៤ ខែមករា ឆ្នាំ២០២៥ ដូច្នេះកៀកពេក ហើយអ្នកទទួលកំពុងចាត់ចែង ដូច្នេះនឹងគិតគូរឿងនេះ រកដំណោះស្រាយឱ្យគូភាគីតាមនីតិវិធី ។

សូមបញ្ជាក់ថា ៖ ស្ត្រីឈ្មោះ សាង ចំរើន អាយុ ៣២ ឆ្នាំ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ឃើញរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ៖ នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង៨និង៣០នាទី ក្រោយកូនចៅគាត់នាំចោរគាស់ទ្វារឱ្យនគរបាលប៉ុស្តិ៍ប្រទះឡាង ហើយ គាត់យល់ឃើញថា ការងាររបស់គាត់ត្រូវបានចប់ ក៏សុំសមត្ថកិច្ចត្រឡប់មកផ្ទះវិញដើម្បីចេញពីប៉ុស្តិ៍នៅផ្ទះ ប៉ុន្តែត្រូវបានអង្គរក្សរបស់លោក លឹម ប៊ុនសេង គាត់យកឡានមកបើកបិទចំពីក្រោយឡានប្ដីរបស់គាត់ ហើយលោកផ្កាយពីររូបនោះ សួរថាអ្នកណានាំចោរមកឱ្យនគរបាលប៉ុស្តិ៍  ? ភ្លាមៗនោះគាត់ លឹម ប៊ុនសេង 

ក៏យកកាំភ្លើងវាយមកលើគាត់ជាស្ត្រីយ៉ាងហូរឈាមស្រោច ប្ដីរបស់គាត់ក៏បានឃាត់និងទាញជនបង្កចេញ ប៉ុន្តែអង្គរក្សរបស់ពួកគាត់ ក៏បានវាយទៅលើប្ដីរបស់គាត់យ៉ាងធ្ងន់ធ្ងរ។ ស្ត្រីដដែលបានបញ្ជាក់ទៀតថា ៖ ពេលធ្វើសកម្មភាពរួច លោកផ្កាយពីរបានឲ្យអង្គរក្សរបស់គាត់ដែលមានឯកសណ្ឋានជានគរបាលចំនួនពីរនាក់ ដកទូរសព្ទរបស់ពួកគាត់ទុក ជៀសវាងថតជុំវិញសកម្មភាពដែលបានប្រព្រឹត្ត ដែលការដកទូរសព្ទនេះគឺជាការដកទូរសព្ទលើកទី២ ដើម្បីឆែកមើលថាបានថតរូប ឬថតសំឡេងអីឬអត់ ។ ពេលពិនិត្យឃើញថាមិនមានថតយ៉ាងលម្អិតហើយ ទើបគាត់ជិះឡានចេញពីកន្លែងកើតហេតុ(ប៉ុស្តិ៍រដ្ឋបាលនគរបាលប្រទះឡាង ) ចេញទៅផ្ទះគាត់។

ស្ត្រីដដែលបានបញ្ជាក់ថា, ជុំវិញបញ្ហានេះ គាត់ក៏បានដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលប្រទះឡាង ប្ដឹងទៅលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្តឹងទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ដោយឡែកស្វាមីស្ត្រីរងគ្រោះបានបញ្ជាក់ថា, ខ្ញុំឃើញហេតុការណ៍នេះដោយផ្ទាល់ ពិតជាមានការភិតភ័យដោយសារភាគីម្ខាងទៀតដែលជាជនបង្កបានប្រើប្រាស់កាំភ្លើង ហើយគាត់បានស្រែកសំឡុត ដឹងតែពាក្យថា ! បាញ់ចោល ..! បាញ់ចោល !!! , ។ ប្រពន្ធគាត់បានលើកឡើងថា ៖ ចំពោះពាក្យដែលគាត់(លោក លឹម ប៊ុនសេង) បានអះអាងនៅកន្លែងនគរបាលថាពួកខ្ញុំលើកគ្នាមកចំនួន ៩នាក់មកវ៉ៃគាត់ នោះគឺជារឿងមិនពិតទេ ។ ស្ត្រីជាភរិយាបានបញ្ជាក់ផងដែរថា, គាត់មានតែពីរនាក់ប្ដីប្រពន្ធ និងកូនចៅជាកម្មករចំនួន ៣នាក់ទៀតក្នុងនោះមានស្រីម្នាក់ សរុប ៥នាក់។ ផ្ទុយទៅវិញបែរជាលោកផ្កាយពីរបានចោទប្រកាន់គាត់ថាលើកគ្នាមក ៧នាក់ បូកទាំងគាត់ពីរនាក់ប្ដីប្រពន្ធទៀត ៩នាក់ មកប្រើអំពើហិង្សាលើគាត់ ដែលពាក្យទាំងនេះជាការឆ្លើយដោយគ្មានមូលហេតុ ហើយបំផ្លើសការពិតទាំងស្រុងប្រាប់ទៅនគរបាលប៉ុស្តិ៍ ដែលគាត់មិនអាចទទួលយកបាន។ 

បើយោងតាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ សាង ចំរើន កើតនៅឆ្នាំ ១៩៩៣ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរលេខ ០៦១២២៧៩៨១ (០១) ទីលំនៅបច្ចុប្បន្នផ្ទះលេខD53 ផ្លូវច សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាជនរងគ្រោះ សូមគោរពជូន លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបញ្ជាក់ថា ៖ សុំប្ដឹងឈ្មោះ លឹម ប៊ុនសេង ភេទប្រុស ជនជាតិខ្មែរ មានអាស័យដ្ឋានផ្ទះលេខ១១២-០២,១១២-០៣ ភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយចោទថា ៖ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស »ប្រព្រឹត្តនៅប៉ុស្តិ៍

នគរបាលរដ្ឋបាលប្រទះឡាង ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ វេលាម៉ោង ៨:៣០ នាទីយប់។ ស្ត្រីខាងលើរៀបរាប់ក្នុងពាក្យបណ្តឹងទៀតថា ៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៨ វេលាម៉ោង ៨:៣០ នាទីយប់មានករណីចោរលួច គាស់ផ្ទះយកឥវ៉ាន់នៅក្នុងផ្ទះកំពុងសាងសង់ជិតរួច នៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលកូនចៅប្តីគាត់ ចាប់បានក៏បញ្ជូនមកប៉ុស្តិ៍នគរបាលប្រទះឡាង ខណ្ឌកំបូល ក៏បានធ្វើកំណត់ហេតុនៅប៉ុស្តិ៍ ស្រាប់តែឈ្មោះ លឹម ប៊ុនសេង និងបក្សពួក០៣នាក់ទៀត ជិះ ឡានម៉ាក ESCALADE ពណ៌ខ្មៅ មានស្លាកលេខ កម្ពុជា LSB.9099 ក៏ស្រែកសួរថា “អាណាគេ នាំចោរមកប៉ុស្តិ៍ប្រទះឡាង” ហើយគាត់បានដកកាំភ្លើងពណ៌ខ្មៅមិនស្គាល់ម៉ាកមកភ្ជង់ទៅលើចោរអោយអង្គុយ ហើយគំរាមគាត់ និងកូនចៅនាងខ្ញុំ៣នាក់ទៀតមិនអោយទៅណានៅឲ្យស្ងៀម រួចឈ្មោះ លឹម ប៊ុនសេង បញ្ជាកូនចៅគាត់អោយដកទូរស័ព្ទពីគាត់ និងកូនចៅគាត់ អោយអស់ដើម្បីឆែកមើល(ខ្លាចថត) និងអង្គរក្សគាត់ចាំបិទទ្វាប៉ុស្តិ៍មិនអោយចេញក្រៅ។ បន្ទាប់ ពីបានឆែកក្នុងទូរស័ព្ទរួចហើយក៏បានប្រគល់ទូរស័ព្ទឲ្យពួកខ្ញុំវិញ។

ស្ត្រីរងគ្រោះបន្តថា ៖ មួយសន្ទុះក្រោយមកនាងខ្ញុំក៏បានចេញមកក្រៅហើយក៏បានប្រាប់ទៅឈ្មោះ លឹម ប៊ុន សេង ថា “បើអស់ការងារហើយខ្ញុំទៅផ្ទះហើយ” ស្រាប់តែគាត់បញ្ជាតៃកុងឡានគាត់បើកឡាន ម៉ាក ESCALADE ពណ៌ខ្មៅ មានស្លាកលេខ កម្ពុជា LSB.9099 មកឃាំងបិទពីក្រោយឡានគាត់ ហើយឈ្មោះ លឹម ប៊ុនសេង ជេរប្រមាថលើគាត់ ក៏បានដកកាំភ្លើងខ្លីពណ៌ខ្មៅមិនស្គាល់ម៉ាក

ភ្ជង់ពីក្រោយចំហៀងសៀតកា រួចក៏យកកាំភ្លើងវាយចំក្បាលពីក្រោយបណ្តាលឲ្យគាត់បែកក្បាល បែកឈាមដួលនៅលើដី ក៏មានប៉ូលីសប៉ុស្តិ៍មកជួយឃាត់ រួចមកឈ្មោះ លឹម ប៊ុនសេង ក៏បញ្ជាឲ្យកូនចៅគាត់មកដកហូត ទូរស័ព្ទពីគាត់ និងកូនចៅគាត់ម្តងទៀតមកឆែកខ្លាចមានការថតរូប រួចក៏ឲ្យមកវិញហើយឈ្មោះ លឹម ប៊ុនសេង និងបក្សពួកក៏បានជិះរថយន្តចេញទៅបាត់។

ស្ត្រីដដែលបន្តថា ៖ ហើយនៅប៉ុស្តិ៍នគរបាលប្រទះឡាង មិនបានអោយពាក្យបណ្ដឹងមកគាត់ទេដែលបាន ដាក់ពាក្យបណ្ដឹងនៅយប់កើតហេតុ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ គាត់ទៅតាមរក ពាក្យបណ្តឹងថតចម្លងក៏ប៉ុស្តិ៍មិនអោយថតចម្លងទេ ព្រោះអធិការខណ្ឌកំបូលមិនអោយថតចំលង ពាក្យបណ្តឹងទៅដើមបណ្តឹង ដែលជាជនរងគ្រោះទេ ទើបគាត់បានធ្វើពាក្យបណ្ដឹង មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញតែម្តង។ ក្នុងពាក្យបណ្តឹងនោះគាត់សំណូមពរផ្តន្ទាទោសឈ្មោះ លឹម ប៊ុនសេង និងបក្សពួក ទៅតាមផ្លូវច្បាប់។ សុំទាមទារសំណងជំងឺចិត្ត USD ៨០០០០ (ប្រាំបីម៉ឺនដុល្លាអាមេរិក)។

សូមជម្រាបថា ៖ បើយោងតាមពាក្យបណ្តឹងក៏ដូចជាការរៀបរាប់របស់ស្ត្រីរងគ្រោះ  ការបញ្ជាក់ពីប្តី ការបញ្ជាក់ពីសាក្សី ហើយប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ចបានឃើញ ដោយផ្ទាល់ទៀត អាចចាត់ទុកថាការប្រព្រឹត្តរបស់លោកឧត្តមសេនីយ៍ទោ លឹម ប៊ុនសេង អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ជាមួយអង្គរក្ស ជាបទល្មើសព្រហ្មទណ្ឌប្រព្រឹត្តជាក់ស្តែង ដូច្នេះមន្ត្រីនគរបាលយុត្តិធម៌ មានសិទ្ធឃាត់ខ្លួនជនបង្ក ដើម្បីសាកសួរ ធ្វើកំណត់ហេតុ ស្តាប់ចម្លើយតាមនីតិវិធី ប៉ុន្តែស្ត្រីរងគ្រោះថាសមត្ថកិច្ចមិនឃាត់ខ្លួនជនបង្ក ទើបជនបង្កនិងបក្ខពួកទៅផ្ទះអស់ ។ 

ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី យ៉ែម ចន្ទរ៉ាឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រទះឡាង បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»ថា ៖ ពិតជាមានហេតុការណ៍នេះមែន អ្វីដែលមិនបានឃាត់ខ្លួនជនបង្ក ទី១-លោកកំពុងជាប់រវល់នៅខាងលើ ទី២-មន្ត្រីរបស់លោកកំពុងជាប់ធ្វើកំណត់ហេតុសួរនាំជនសង្ស័យជាចោរ ទី៣-មន្ត្រីរបស់គាត់នៅខាងក្រៅបានឃើញមែន តែឃាត់មិនទាន់ ជនបង្កក៏គេចទៅបាត់។ លោកបន្តថា ៖ ចំពោះករណីនេះលោកកំពុងចាត់ការយ៉ាងយកចិត្តទុកដាក់នៅឡើយទេ។ ដោយឡែកលោក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌកំបូល បាននិយាយយ៉ាងខ្លីថា ៖ ខ្ញុំធ្វើកិច្ចការនេះហើយតាមនីតិវិធី ។ ចំពោះករណីមន្ត្រីនគរបាលយុត្តិធម៌មិនឃាត់ខ្លួនជនបង្ក លោកបញ្ជាក់ថា ៖ រឿងហ្នឹងក៏ខ្ញុំកំពុងធ្វើការ ទោះពាក្យបណ្តឹងមិនទាន់បញ្ជូនទៅថ្នាក់លើក៏លោកបានរាយការណ៍ទៅលើអស់ហើយ ។ 

ចំពោះលោកវរសេនីយ័ឯក សំ វិច្ឆិកា អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ រឿងនេះកំពុងចាត់ការយ៉ាងយកចិត្តទុកដាក់ ក្នុងនោះខាងជំនាញ ក៏បានធ្វើការជាមួយខាងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ពីព្រោះ ឈ្មោះ លឹម ប៊ុនសេង មានតួនាទីជាអនុប្រធាននាយកដ្ឋាននៅទីនោះ ។ 

ដោយឡែកលោកបណ្ឌិត ទូច សុឃ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ខែមករា ឆ្នាំ២០២៥ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន នគរវត្ត តាមប្រព័ន្ធតេឡេក្រាមយ៉ាងដូច្នេះថា, ករណីនេះពេលហេតុការណ៍កើតឡើង លោកមិនបាននៅកន្លែងកើតហេតុ មិនបានដឹងរឿងរ៉ាវទេ ! ដូច្នេះខ្ញុំមានការលំបាកក្នុងការបញ្ជាក់ ផ្លូវច្បាប់ដើម្បីត្រឡប់ជូនមកខាងអង្គភាពសារព័ត៌មានបងវិញ។

លោកបណ្ឌិតបន្តថា, ត្រង់សំណួរសួរថា ហេតុអីមន្ត្រីនគរបាលយុត្តិធម៌មិនធ្វើការឃាត់ខ្លួនជនបង្កដែលបានប្រព្រឹត្តនូវកន្លែងប៉ុស្តិ៍រដ្ឋបាល ឬមិនវ៉ៃខ្នោះភ្លាមៗនៅពេលនោះ ! ចំណុចនេះគឺខ្ញុំមិនបានមើលឃើញ ហើយក៏មិនស្ថិតនៅក្នុងហេតុការណ៍ ! អាចនិយាយបានថា ពេលដែលលោកអនុប្រធាននាយកដ្ឋានគាត់បានប្រព្រឹត្តនៅកន្លែងនោះហើយ លោកបានដាក់អាវុធ ដាក់ខ្លួន ឬចូលខ្លួនតាមនីតិវិធីផ្សេងៗ ឱ្យសមត្ថកិច្ចមូលដ្ឋានលោក កសាងសំណុំរឿងបញ្ជូនទៅតាមឋានានុក្រម មកកាន់អង្គភាព នោះអាចមិនឃាត់ខ្លួន ឬមិនវ៉ៃខ្នោះ ប្រសិនបើគាត់បានដាក់ខ្លួនឲ្យសមត្ថកិច្ចមានចំណាត់ការតាមផ្លូវច្បាប់។ ប៉ុន្តែផ្ទុយមកវិញបើសិន បុគ្គលនោះបានប្រព្រឹត្ត អំពើហិង្សា មកលើអ្នកទន់ខ្សោយ មកលើអ្នកដែលគ្មានកំហុស ប្រព្រឹត្តអំពើបៀតបៀនមកលើយើងមិនដឹងអី មិនខុសអីទេ ការពិតគឺថាសមត្ថកិច្ចមូលដ្ឋាន ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ត្រូវតែឃាត់ខ្លួន វ៉ៃខ្នោះ ប្រសិនបើបុគ្គលនោះ មិនព្រមដាក់ខ្លួនឲ្យសមត្ថកិច្ចចាត់ចែងតាមនីតិវិធី ដែលគេហៅថាដោយសន្តិវិធី។

ចំពោះស្ត្រីដែលបានបញ្ជាក់ថា, ដាក់ពាក្យបណ្ដឹងមកកាន់លោកអភិសន្តិបណ្ឌិត លោកបណ្ឌិតទូចសុខៈ បានបញ្ជាក់ថា, ខ្ញុំក៏បានទទួលតាមរយៈបងប្អូនអ្នកសារព័ត៌មានយើងដែរ ឃើញថាចុះហត្ថលេខាដាក់ពាក្យបណ្ដឹងនោះក្នុងកំឡុងថ្ងៃទី៣ ទី៤ អញ្ចឹងមានន័យថា គិតមកត្រឹមថ្ងៃសុក្រចុងសប្តាហ៍គឺយើងមានរយៈពេលខ្លី ប៉ុន្តែមន្ត្រីធ្វើការលឿនដោយខាងមន្ត្រីរដ្ឋបាលរបស់ក្រសួង លោកត្រូវមាននីតិវិធីតាមលំដាប់ ជាហូរហែរ ទម្រាំមកដល់លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ក្នុងករណីមកដល់ដៃលោកអភិសន្តិបណ្ឌិត គឺគាត់មិនព្រងើយកន្តើយទេ លោកនឹងពិនិត្យមើលពាក្យបណ្ដឹងហ្នឹង អាចនឹងចារជូនទៅ ខាងអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រួតពិនិត្យករណីហ្នឹងថាតើវា ពិតឬមិនពិត ដើម្បីស្វែងរកយុត្តិធម៌ជូនគូភាគីទាំងសងខាង ពេលខ្លះលោកអភិសន្តិបណ្ឌិតអាចនឹងប្រគល់ឲ្យខាងអគ្គាធិការដ្ឋាន ចុះអង្កេត ឬចុះធ្វើអធិការកិច្ច ក៏មាន។ ប៉ុន្តែមកដល់ពេលនេះជារួម យើងអត់ទាន់ហ៊ាននិយាយថា ភាគីណាខុស ភាគីណាត្រូវ ពីព្រោះស្ថិតក្នុងការអង្កេតស្រាវជ្រាវ បឋមដែលយើងត្រូវពិនិត្យ ដើម្បីរកឲ្យឃើញថាតើពិតជាមានការប្រព្រឹត្ត អញ្ចឹងឬមួយយ៉ាងណា? ។ 

ក្នុងករណីនេះ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» មិនអាចធ្វើការទំនាក់ទំនងបានទេពី លោកឧត្តមសេនីយ៍ទោ លឹម ប៊ុនសេង អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ដោយទូរសព្ទចូលគ្មានអ្នកទទួល ហើយតាមប្រព័ន្ធតេឡេក្រាមលោកមិនបើកមើល ៕ 

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print