ស្ថានទូតបារាំងប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍សម្រាប់ឆ្នាំ២០២៥-២០២៦

ចែករំលែក៖

ស្ថានទូតបារាំងប្រចាំកម្ពុជាមានសេចក្តីរីករាយប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ «France Excellence» សម្រាប់ឆ្នាំសិក្សា​​២០២៥–២០២៦។ កាលពីមុនមានឈ្មោះថាអាហារូបករណ៍រដ្ឋាភិបាលបារាំង(BGF) កម្មវិធី​អាហារូបករណ៍​ដ៏ឧត្តុង្គឧត្តមនេះបើកទូលាយសម្រាប់និស្សិត និងអ្នកស្រាវជ្រាវវ័យក្មេងកម្ពុជាទាំងអស់ ដែលមានបំណងទៅបន្តការសិក្សានៅប្រទេសបារំាង ថ្នាក់បរិញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត ដោយសិក្សាជាភាសាបារាំងក៏បាន ឬភាសាអង់គ្លេសក៏បាន។

អាហារូបករណ៍ប្រមាណ៦០នឹងត្រូវផ្តល់ជូនក្នុងក្របខ័ណ្ឌ

អាហារូបករណ៍ឆ្នាំនេះ (ទាំងអាហារូបករណ៍សម្រាប់ជ័យលាភីថ្មី និងការបន្តអាហារូបករណ៍ដល់អ្នកដែលធ្លាប់បានទទួលកន្លងមក)។ កាលពីឆ្នាំសិក្សា២០២៤–២០២៥ និស្សិតកម្ពុជា៥៦នាក់បានទទួលអាហារូបករណ៍ពីកម្មវិធីនេះ។ បេក្ខជនអាចដាក់ពាក្យសុំអាហារូបករណ៍សម្រាប់គ្រប់មុខជំនាញទាំងអស់ ប៉ុន្តែស្ថានទូតនឹងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើមុខជំនាញនីតិសាស្រ្ត វិទ្យាសាស្រ្តមនុស្សសាស្រ្ត និងសង្គម សុខាភិបាល កសិអេកូឡូហ្ស៊ី និងបរិស្ថាន វិទ្យាសាស្រ្តវិស្វករ និងសិល្បៈ។ ក្រៅពីនេះស្ថានទូតបារំាងក៏បានបង្កើតសហហិរញ្ញប្បទានអាហារូបករណ៍ជាមួយស្ថាប័នកម្ពុជាផងដែរ ក្នុងនោះ​មាន​ការផ្តល់អាហារូបករណ៍ដែលទទួលសហហិរញ្ញប្បទានជាមួយក្រសួងអប់រំ យុវជន និងកីឡា និងជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) ដើម្បីបណ្តុះបណ្តាលនិស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា (STEM) ក៏ដូចជាព័ត៌មានវិទ្យា និងទូរគមនាគមន៍។

បច្ចុប្បន្ន និសិ្សតកម្ពុជាជាង១៧០នាក់កំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំងតាមរយៈយន្តការនៃការ​ផ្តល់អាហារូបករណ៍ និងហិរញ្ញប្បទានពីប្រភពនានា រួមមានអាហារូបករណ៍ France Excellence,អាហារូបករណ៍ France Excellence Eiffel, កម្មវិធី Erasmus+ និងកម្មវិធីសញ្ញាប័ត្របណ្តុះបណ្តាលវេជ្ជសាស្រ្តជំនាញ/ជំនាញជាន់ខ្ពស់(DFMS/DFMSA)។​ តាំងពីឆ្នាំ២០១៤មក និស្សិតកម្ពុជាជាង១២០០នាក់បានទទួលអាហារូបករណ៍​ដើម្បីបន្តការសិក្សានៅប្រទេសបារាំង។

ស្ថានទូតបារាំងសូមលើកទឹកចិត្តនិស្សិតកម្ពុជាចាប់យកឱកាសនេះដើម្បីទៅសិក្សានៅប្រទេសបារាំង  ដើម្បីពង្រឹងចំណេះដឹង និងមានឱកាសការងារច្រើន។ ការសិក្សានៅប្រទេសបារំាងនៅតាមបណ្តាសាកលវិទ្យាល័យ ឬសាលាល្បីៗនឹងអនុញ្ញាតឱ្យនិស្សិតទទួលបានការអប់រំតាមប្រព័ន្ធឧត្តមសិក្សាល្អជាងគេ និងសម្បូរបែបជាងគេមួយនៅលើពិភពលោក។ កាលពីឆ្នាំ២០២៣–២០២៤ និស្សិតបរទេសជាង ៤៣០ ០០០ នាក់ ក្នុងនោះនិស្សិតកម្ពុជាជាង៨០០នាក់ បានចុះឈ្មោះសិក្សានៅក្នុងប្រព័ន្ធឧត្តមសិក្សាបារាំង ដែលធ្វើឱ្យបារាំងស្ថិតក្នុងចំណោមបណ្តាប្រទេស​​ដែលទទួលនិស្សិតបរទេសឱ្យទៅសិក្សាច្រើនជាងគេលើលោក។ ​

កាលបរិច្ឆេទផុតកំណត់ដាក់ពាក្យ គឺថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥។ បេក្ខជនទាំងអស់ត្រូវទាញយកពាក្យសុំអាហារូបករណ៍ និងអានឯកសារពន្យល់ដោយយកចិត្តទុកដាក់ ដែលមាននៅលើគេហទំព័រស្ថានទូតបារាំងប្រចាំកម្ពុជា និងនៅលើគេហទំព័រ Campus France Cambodge ។ ចំពោះរាល់ចម្ងល់ទាំងអស់ទាក់ទងនឹងការសិក្សានៅប្រទេសបារាំង និស្សិតអាចទាក់ទងការិយាល័យ Campus France Cambodge ដែលជាទីភ្នាក់ងារបារាំងសម្រាប់លើកកម្ពស់ឧត្តមសិក្សា និងជួយជ្រោមជ្រែងការបំពេញបែបបទទៅសិក្សានៅប្រទេសបារំាង៕  

ទំនាក់ទំនង ​៖

● Campus France Cambodge :

ស្តិនៅក្នុងមជ្ឈមណ្ឌលភាសានៃវិទ្យាស្ថានបារាំងនៅកម្ពុជា ផ្ទះលេខ១៨ផ្លូវ១៨៤ ភ្នំពេញ

ទូរស័ព្ទ : 076 268 8782 – អ៊ីមែល : [email protected]

www.cambodge.campusfrance.org  និងwww.facebook.com/campusfrancecambodge

● ស្ថានទូតបារាំងប្រចាំកម្ពុជា : https://kh.ambafrance.org/

ការិយាល័យព័ត៌មាននៃស្ថានទូតបារាំង

អគារលេខ១ មហាវិថីព្រះមុនីវង្ស ភ្នំពេញ   ទូរស័ព្ទ ៖ ០២៣ ២៦០ ០១០  អ៊ីមែល៖[email protected]

https://kh.ambafrance.org / www.facebook.com/france.cambodge/ https://twitter.com/FranceCambodge

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print