ខេត្តសៀមរាប ៖ អាជ្ញាធរអប្សរា រួមជាមួយដៃគូដែលជាក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ នឹងរៀបចំព្រឹត្តិការណ៍ «សំណេរអង្គរ» លើកទី២ ដែលប្រារព្ធទៅ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ នៅបរិវេណស្ពានហាលខាងមុខប្រាសាទអង្គវត្ត ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ព្រឹត្តិការណ៍ «សំណេរអង្គរ»លើកទី២ នាពេលថ្មីៗនេះ លោក ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា កម្មវិធីសំណេរអង្គរលើកទី២ នេះ ពិតជាមានអត្ថន័យយ៉ាងទូលំទូលាយ ជាទីបំផុត។
កម្មវិធីនេះស្ដែងចេញនូវអារ្យធម៌ និងទំនៀមទម្លាប់មួយ នៃការសរសេរដោយផ្សាភ្ជាប់ទៅនិងសេចក្តីចងចាំឡើងវិញ។ ជាពិសេស គឺបំផុស និងជំរុញឡើងវិញនូវការសរសេរដើម្បីបង្កើនចំណេះដឹង ក៏ដូចជា ចលករមួយយ៉ាងសំខាន់ ក្នុងការបង្កើតនូវព្រឹត្តិការណ៍ផ្សេងៗ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ នៅតំបន់រមណីយដ្ឋានអង្គរផងដែរ។
ទាក់ទិនក្នុងរឿងនេះដែរ លោក លឹម ប៊ុនហុក រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាគណៈកម្មការរៀបចំសំណេរអង្គរបានប្រាប់ថា ការអភិរក្ស និងលើកតម្លៃអក្សរសាស្រ្តខ្មែរពិតជាមានសារសំខាន់ ពីព្រោះខ្មែរមានភាសានិងអក្សរសាស្ត្រដ៏យូរលង់ណាស់មកហើយ ។
ដោយសារតែខ្មែរមានអក្សរជាយូរលង់មកហើយ។
«នៅក្នុងប្រាសាទគ្រប់កន្លែង សុទ្ធតែមានសិលាចារិកទុក ហើយបានជា«សំណេរអង្គរ» ជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការជួយលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋសរសេរភាសាខ្មែរ ឱ្យបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ ការអានពាក្យខ្មែរឱ្យត្រឹមត្រូវ ព្រមទាំងស្វែងរកអ្នកដែលមានស្នាដៃសរសេរអក្សរខ្មែរបានស្អាតបំផុត»
គួរបញ្ជាក់ថា ព្រឹត្តិការណ៍សំណេរអង្គរ លើកទីពីរ មានបេក្ខជនចូលរួមប្រមាណ ១២២០នាក់ ដែលក្នុងនោះ មានទាំងកុមារអាយុ៦ឆ្នាំ និងមនុស្សចាស់ អាយុ៨០ឆ្នាំ ព្រមទាំង ព្រះសង្ឃ ជនបរទេស និងអនិកជនខ្មែរ ដែលរស់នៅបរទេសខ្លះទៀតផង ៕
(រូបភាពឯកសារ៖ សំណេរអង្គរ លើកទី២)