Bentancur របស់ Tottenham ត្រូវសែងចេញពីទីលានក្រោយពីរបួសពេលប៉ះ Liverpool

ចែករំលែក៖

ខ្សែបម្រើ Rodrigo Bentancur របស់ក្លិប Tottenham ត្រូវបានសែងចេញពីទីលានត្រឹមតែ៦នាទីប៉ុណ្ណោះក្នុងការប្រកួតពានរង្វាន់ League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយជាមួយក្រុម Liverpool។

កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយវ័យ២៧ឆ្នាំរូបនេះបានដួល ខណៈពេលដែលគាត់មិនមានការប៉ះទង្គិចនោះទេ នៅពេលដែលគាត់បានដួល ដោយមុខគាត់បានផ្ទប់នឹងទីលានវាលស្មៅ។

Bentancur ត្រូវបានព្យាបាលនៅលើទីលានប្រហែល៩នាទី និងបានដាក់អុកស៊ីសែន មុនពេលគាត់ត្រូវបានជំនួសដោយខ្សែប្រយុទ្ធ Brennan Johnson។ ក្រោយមកត្រូវបានគេបញ្ជាក់ថា គាត់ដឹងខ្លួន និងនិយាយចេញ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យបន្ថែមទៀត។

គ្រូបង្វឹកក្រុម Tottenham លោក Ange Postecoglou បានប្រាប់ទូរទស្សន៍ Sky Sports បន្ទាប់ពីការប្រកួតថា “ខ្ញុំមិនមានព័ត៌មានទាំងអស់ទេ។ ការយល់ដឹងរបស់ខ្ញុំគឺគាត់ដឹងខ្លួន ហើយគាត់ដឹងខ្លួននៅពេលគាត់ទៅដល់បន្ទប់ផ្លាស់សំលៀកបំពាក់។ យើងបាននាំគាត់ទៅមន្ទីរពេទ្យដើម្បីពិនិត្យគាត់។ វាជាការព្រួយបារម្ភ និងតែងតែជាការព្រួយបារម្ភ ប៉ុន្តែតាមអ្វីដែលខ្ញុំដឹង សង្ឃឹមថាគាត់នឹងមិនអីទេ”។

គួរបញ្ជាក់ថា ការប្រកួតនៅកីឡដ្ឋាន Tottenham Hotspur បានបញ្ចប់ក្នុងលទ្ធផល ១-០ ដោយក្រុម Spurs បានយកឈ្នះ Liverpool ក្នុងជើងទី១ នៃពានរង្វាន់ League Cup បន្ទាប់ពីគ្រាប់បាល់ស៊ុតបញ្ចូលទីចុងម៉ោងរបស់កីឡាករ Lucas Bergvall។ ការប្រកួតជើងទី២នឹងធ្វើឡើងនៅទឹកដីរបស់ Liverpool វិញម្តងនៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ ៕ (រូបភាព ៖ BBC)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print