រឿង មិនព្រមរៀបការ (ត)

ចែករំលែក៖

ក្នុងរាត្រីរនោចខែវិសាខម៉ោងប្រហែលជា៩យប់ ព្រះចន្ទចាប់ផ្ដើមរះសន្សឹមៗពីទិសខាងកើត ដែលល្មមអាចឲ្យខ្ញុំឃើញផ្លូវបាន។ ខ្ញុំចាប់ទាញបង្វិចលើកឡើងបម្រុងនិងស្ពាយ ស្រាប់តែពុទ្ធោអើយ! មានដៃនរណាចាប់ទាញបង្វិចខ្ញុំជាប់ ខ្ញុំភ័យលោះព្រលឹង ស្រាប់តែឃើញមនុស្សជាច្រើនពួននៅកៀនទ្វារផ្ទះរបស់ខ្ញុំ ដោយខ្ញុំមិនដឹងថា ពួកគេមកតាំងពីថ្មើណានោះទេ។ អ្នកទាញបង្វិចរបស់ខ្ញុំនោះបានស្ទុះយកដៃមកបិទមាត់របស់ខ្ញុំជាប់។ពេលនោះហើយដែលខ្ញុំដឹងថាគឺសាមានមិត្តរបស់ខ្ញុំ។ ខ្ញុំខ្សឹបសួរសាមានថា តើឯងប្រុងធ្វើស្អី? សាមាន ខ្សឹបនៅក្បែរត្រចៀកខ្ញុំថា ខ្ញុំក៏រត់ទៅជាមួយឯងដែរ ខ្ញុំមិននៅរៀបការជាមួយយោធាពិការទាំងអស់នោះទេ។ គ្នាយើងទាំងអស់ក៏រត់ទៅជាមួយយើងដែរ ពួកគេនៅពួនឯមាត់ទ្វារផ្ទះយូរហើយ។ ខ្ញុំភ្ញាក់ព្រឺតហាក់បីដូចជាសប្បាយចិត្តបន្តិចនៅពេលឃើញមិត្តរបស់ខ្ញុំមករួមដំណើរជាមួយខ្ញុំដែរ។ មិត្តដែលរួមដំណើរជាមួយខ្ញុំមាន សាមី ហ៊ាន ឈាន វណ្ណា សារឹម និងសាមាន។ខ្ញុំដើរលបៗទៅរកពួកគេ។ យើងម្នាក់ៗសុទ្ធតែមានបង្វិចកាន់នៅជាប់ដៃរៀងៗខ្លួន។ យើងចាកចេញពីភូមិក្រូចទាំងកណ្ដាលយប់ដើរកាត់វាលស្រែដែលមានដីរឹងក្រញង់។ ឆ្លងផុតវាលស្រែបន្តិចពួកយើងបានមកដល់ព្រៃដែលបាំងពន្លឺព្រះខែមិនឲ្យយើងឃើញដីឡើយ។ ការធ្វើដំណើរដោយថ្មើជើងនៅពេលយប់មិនជាលំបាកនោះទេ ប៉ុន្តែអ្វីដែលយើងបារម្ភនោះ គឺយើងខ្លាចជួបក្រុមកងឈ្លប។ ប្រសិនបើយើងជួបក្រុមកងឈ្លប គឺពួកគេអាចនឹងបាញ់យើង។ យើងនាំគ្នាដើរបានបន្តិច ពួកយើងបានមកដល់ព្រៃបាំងពន្លឺចន្លុះដែលពួកកងឈ្លបកំពុងតែរកត្រីពេលយប់។យើងភ័យខ្លាំងណាស់ក៏នាំគ្នាឱនក្រាបពួនសម្ងំក្រោមគុម្ពឫស្សីស៊ប់ទ្រប់រង់ចាំឱ្យក្រុមកងឈ្លបទៅផុតសិន។ នៅពេលដែលយើងកំពុងតែសម្ងំ សាមាន មិត្តរបស់ខ្ញុំរកក្អក។ មិត្តម្នាក់ៗប្រហោងពោះអស់ហើយដោយនឹកថា ក្រុមកងឈ្លបនឹងចាប់សម្លាប់ចោលមិនខានឡើយ។ ខ្ញុំបានទាញបង្វិចខោអាវរុញទៅផ្ទប់មុខសាមានយ៉ាងរហ័ស ដើម្បីឲ្យសាមានក្អកដាក់បង្វិចខោអាវនោះ។ សាមានក្អកអស់ចិត្ត ទើបខ្ញុំទាញបង្វិចខោអាវរបស់ខ្ញុំចេញមកវិញ។ យើងពួនចាំនៅទីនោះទាល់តែក្រុមកងឈ្លបចេញទៅបាត់ ទើបយើងបន្តដំណើរទៅមុខទៀត។
នាពេលយប់ ព្រះចន្ទបំភ្លឺមេឃាមូលក្រឡង់បង្ហាញនូវផ្ទៃមេឃដ៏ធំល្វឹងល្វើយប្រកបទៅដោយតារារយពាន់ត្រចះត្រចង់ ក៏ប៉ុន្តែវាខុសពីអ្វីដែលយើងកំពុងតែឃើញនៅលើផែនដីដែលគ្មានសេរីភាពទៅវិញ។ សំឡេងសត្វកណ្ដូបនិងសត្វចង្រិតបន្លឺឡើងច្រេកៗយំពាសពេញវាលស្រែ។ នៅលើមេឃទីទុយទទះស្លាបហើរពាសពេញព្រៃ និង ពាសពេញវាលស្រែប្រណាំងគ្នានឹងខ្លែងស្រាកដែលហើរផង ស្រែកផង។ សំឡេងសត្វទាំងអស់នោះ បានធ្វើឲ្យយើងភ័យតក់ស្លុតម្ដងម្កាលដែរ។ យើងនាំគ្នាដើរអស់ប្រហែល ៣ ទៅ ៤ ម៉ោងទើបយើងបានមកដល់មន្ទីរសន្តិសុខបាក់អាយ ។
ឈប់សិន! ក្រុមខាងណា? មកពីទីណា? ហើយទៅណាទាំងកណ្ដាលយប់បែបនេះ? ។ សំឡេងស្រែករបស់មនុស្សប្រុសបានបន្លឺឡើងនៅខាងមុខយើង។
ខ្ញុំភ័យបុកពោះសាជាថ្មីម្ដងទៀត ដោយគិតថា ជីវិតម្ដងនេះត្រូវផ្ញើទៅលើចុងកាំភ្លើងកងឈ្លបនេះហើយមើលទៅ។ នៅពេលដែលកងឈ្លបពិនិត្យតាមពន្លឺខែឃើញសុទ្ធតែជាស្រីៗបែបនេះ កងឈ្លបក៏ស្រែកឡើងថា ” សុទ្ធតែស្រីៗតើនាំគ្នាទៅណា? “។
ខ្ញុំធូរស្បើយក្នុងចិត្តបន្តិចមកវិញនៅពេលដែលឮសំឡេងកងឈ្លបប្រែពីសម្លុតខ្លាំងៗ មកជាសំឡេងល្មមៗវិញ។ ខ្ញុំក៏ឆ្លើយទៅកាន់កងឈ្លបនោះថា ចា៎ ពូ ពួកខ្ញុំជានារីពេទ្យ ពួកខ្ញុំរត់ចេញពីមន្ទីរពេទ្យនៅក្រូច មកមន្ទីរបាក់អាយ ដើម្បីគេចផុតពីការរៀបការនៅថ្ងៃស្អែកនេះពូ!។ ខ្ញុំឆ្លើយតាមត្រង់តែម្ដងព្រោះខ្ញុំគិតថា ហេតុផលផ្សេងទៀតគ្មានប្រសិទ្ធភាពទេមើលទៅ។ កងឈ្លបទាំងពីរនាក់បានកាន់កាំភ្លើងដើរសំដៅមករកពួកខ្ញុំហើយនាំគ្នាសើច។
រត់គេចពីរៀបការ? មានន័យថាក្បត់អង្គការហើយ ត្រូវមានទោសទៅ..ទៅក្នុងមន្ទីរជាមួយពួកខ្ញុំរង់ចាំការកាត់ទោសពីប្រធានសន្តិសុខ។ កងឈ្លបនោះស្រែកមកម្ដងទៀត។ (នៅមានត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print