ភ្នំពេញ៖ តារាកំប្លែងប្រុសល្បីឈ្មោះ នាយ ពាក់មី ដែលទើបនឹងប្រកាសវិលរកការសម្តែងខ្សែភាពយន្តជាថ្មី នឹងជួបជាមួយស្រស់ស្រីសាច់ខ្ចី កញ្ញា ម៉ុន ផលចរិយា ហៅអារីយ៉ា ក្នុងខ្សែភាពយន្តខ្នាតធំបែបកំប្លែងគឺរឿង ”កំពូលល្ងង់នៅអាស៊ី”។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីផលិតកម្ម GALAXY បានសំងំថតខ្សែភាពយន្តនេះខាងលើបានប្រមាណ៥០ភាគរយហើយនោះក្រោមការចូលរួមសម្តែងពីសំណាក់តារាសម្តែង តារាកំប្លែងជាច្រើនរូបមានដូចជាស្រីស្អាតសាច់សខ្ចី នាងម៉ុន ផលចរិយា ហៅអារីយ៉ា និងតារាដែលចូលរួមមួយចំនួនទៀត ដូចជា លោកម៉ា រ៉ាប៊ុណ្ណា, នាយគ្រឿន, DJ កណ្ដុរជាដើម។
លោក ឡេង ណាវ៉ាត់ត្រា ជាអ្នកចាត់ការទូទៅរបស់ផលិតកម្មGALAXY បានឲ្យដឹងថា រឿង” កំពូលល្ងង់នៅអាស៊ី” គឺជាវណ្ណកម្មដំបូងរបស់លោក ដែលកន្លងមកផលិតកម្មបង្កើតឡើងដោយក្រុមពលករខ្មែរធ្វើការនៅប្រទេសកូរ៉េមួយនេះ ផលិតតែបទចម្រៀងតែប៉ុណ្ណោះ។លោកថា ”រឿង នេះ គឺឆ្លុះបញ្ចាំងពីភាពកំប្លែងមនោសញ្ចេតនា កម្សត់ខ្លាំង ហើយក៏ឆ្លុះពីស្ថានភាពពិតពីសង្គមសព្វថ្ងៃផងដែរ គឺនិពន្ធដោយលោកផ្ទាល់ តែកែសម្រួលដោយនាយពាក់មី នឹងដឹកនាំដោយលោក ទួច ឧត្ដម្ភ ។ អតីតពលករកូរ៉េរូបនេះបញ្ជាក់ដែរថា រឿងហ្នឹងជាការនិពន្ធថ្មីសុទ្ធសាធ មិនមានការចម្លងពីបរទេសទេ ហើយមូលហេតុដែលលោកសម្រេចចិត្តផលិតរឿងបែបជាកំប្លែងនេះឡើង ព្រោះលោកយល់ថា ទីផ្សារក្នុងស្រុកគឺភាគច្រើនជារឿងកំប្លែង ហើយរឿងនេះក៏មានលក្ខណៈពិសេស គឺឈុតរន្ធត់ និងកំប្លែងច្រើន។ លោកថារឿង ”កំពូលអ្នកល្ងង់នៅអាស៊ី” បានចាប់ផ្តើមថតនៅក្បែរភ្នំរាប ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ ដែលគ្រោងចំណាយពេលផលិត៥ខែ និងស្ថិតក្រោមដើមទុនប្រមាណ៥ម៉ឺនដុល្លារអាមេរិក និងគ្រោងដាក់បញ្ចាំង នៅអំឡុងខែតុលា ឬ វិច្ឆិកា ឆ្នាំ២០១៦ ។ លោកថា សម្រាប់វណ្ណកម្មដំបូងនេះដោយលោកណាវ៉ាត់ត្រា សង្ឃឹមថា ទស្សនិកជននឹងផ្ដល់ការគាំទ្រ GALAXY ទាំងភាពយន្ដនិងចម្រៀងផងដែរ។ ជាមួយគ្នានោះខ្សែភាពយន្តដដែល ក៏គ្រោងយកទៅចាក់បញ្ចាំងនៅប្រទេសកូរ៉េ ដើម្បីឲ្យពលករខ្មែរទៅធ្វើការងារនៅទីនោះបានទស្សនាផងដែរ។
តារាកំប្លែងនាយ ពែកមីបានបញ្ជាក់ថា លោកពិតជារីករាយក្នុងការចូលរួមចំណែកផលិតខ្សែភាពយន្តបែបកំប្លែងខាងលើនេះ។ លោកថា លោកត្រូវសម្តែងរួមជាមួយតារាកំប្លែងមួយចំនួនទៀត ពិសេសគឺតួឯកស្រី កញ្ញា អារីយ៉ា ដែលទើបនឹងសម្តែងរួមគ្នាជាលើកដំបូង។ បើទោះបីជាលើកដំបូងនៃការជួបគ្នាជាមួយតួឯកស្រីខាងលើក្តីក៏ការសម្តែងរួមនេះគឺសហការគ្នាបានល្អ ហើយសូម្បីតែក្រុមការងារផលិត និងតារាសម្តែងទាំងអស់សុទ្ធតែសាមគ្គីគ្នាក្នុងការផលិតភាពយន្តនេះ។ លោកបន្តថា ខ្សែភាពយន្តនេះមានឈុតឆាកកំប្លែងច្រើនដែលរំពឹងថា អ្នកទស្សនាដែលនិយមចូលចិត្តឈុតបែបនេះនឹងពេញចិត្ត៕
ដោយ៖ វឌ្ឍនា