ភ្នំពេញ ៖ បុរសម្នាក់បានដួលសន្លប់ស្ដូកស្ដឹងរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូស្គុបពីក្នុងល្បឿនលឿនវ៉ារថយន្ដកុងតឺន័រ មិនផុតទៅជ្រុលទៅបុករថយន្តដឹកទំនិញមួយគ្រឿងទៀតនៅខាងមុខចំពេញទំហឹង កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១០ ខែមករាឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវបេតុងព្រៃស ភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកស្គុបពីពណ៌ក្រហមលាយស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1L-1110 ជិះតាមផ្លូវបេតុងព្រៃសទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈពេលដែលដល់ចំណុចកើតហេតុ បានវ៉ារថយន្តកុងតឺន័រ តែវ៉ាមិនផុតក៏ជ្រុលទៅបុករថយន្ត ដឹកទំនិញដែលបើកបញ្ច្រាសគ្នា ចំពីមុខពេញទំហឹងបណ្តាលឲ្យ រថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ ចំណែកជនរងគ្រោះបានសន្លប់ស្ដូកស្ដឹង ហើយប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ។ភ្លាមនោះសមត្ថកិច្ចក៏បានទំនាក់ទំនងទៅខាងក្រុមរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកដង្កោ ដើម្បីដឹកទៅសង្គ្រោះ ពេលដែលក្រុមគ្រូពេទ្យបានចុះទៅដល់ ស្រាប់ជនរងគ្រោះក៏បានដឹងខ្លួនឡើងវិញផងដែរ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះដល់កន្លែងកើតហេតុក៏បានធ្វើការវាស់វែងយកម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោដើម្បីរងចាំធ្វេីការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ