ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យ និងសិក្សាពីស្ថានភាពផ្លូវ ៦០ម៉ែត្រ ដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឱ្យផ្លូវ៦០ម៉ែត្រ កាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍។
ដោយមានការចូលរួមដំណើរ ពីឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនផង នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្រោយចុះត្រួតពិនិត្យជាកើស្ដែងរួចក្រសួងសា ធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ បានឯកភាពគ្នាមួយ ដោយបានសម្រេចបង្កើនកម្លាំងប៉ូលីសជាមួយនឹងការរឹតបណ្តឹងការផាកពិន័យចំពោះ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍និងបើកបរលើសល្បឿនកំណត់នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យនិងខណ្ឌដង្កោ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃនេះថា៖ ការងារមន្ទីរសាធារណៈការ ត្រូវគូសគំនូសសញ្ញាចរាចរណ៍ជាថ្មីនិងដាក់ភ្លើងស្តុបថ្មីបន្ថែមទៀត ហើយក៏នឹងបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ ណ៍ និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ទាំងថ្ងៃ។
លោកប្រធានមន្ទីរបានបន្តថា៖ដាក់កាមេរ៉ាសុវត្ថិភាព ដាក់ផ្លាកសញ្ញាកំណត់ល្បឿន ដោយចាប់ពីភ្លើងស្តុបមែកសឺដែសដល់ស្ពានអាកាស «មរតកតេជោ»អាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែកសឺដែសកំណត់ល្បឿន៦០គីឡូម៉ែត្រ
ក្នុងមួយម៉ោង។
ក្នុងឱកាសនោះដែរឯកឧត្ដមរដ្ឋមន្ត្រីនិងឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ក៏បានចែកមួកសុវត្ថិភាព ដល់បងប្អូនប្រជា ពលរដ្ឋដែលបានឆ្លើយសំណួរបានត្រឹមត្រូវ ពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ ជាមួយនឹងការអំពាវនាវឲ្យបងប្អូនប្រជា ពលរដ្ឋទាំងអស់ត្រូវគ្រប់គោរពច្បាប់ចរាចរណ៍ដោយពាក់ មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ចៀសវាងឲ្យបាននៅហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់ចំនួនពីរករណីផ្ទួនៗគ្នាបណ្ដាលឲ្យមនុស្សស្លាប់៤នាក់លើបណ្តោយផ្លូវ៦០ម៉ែត្រនេះ៕. ដោយ សំរិត