បុគ្គលដែលបើករថយន្តបុកម៉ូតូ បណ្តាលឲ្យឪពុកកូន៣នាក់ស្លាប់ និងស្រី្តជាម្តាយរបួសធ្ងន់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ហើយ

ចែករំលែក៖

ភ្នំពេញ៖អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថាតំណាងអយ្យការសម្រេចចោទប្រកាន់អ្នកបើកបររថយន្ត ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៤៤ឆ្នាំ (ឃាត់ខ្លួន) ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកដទៃ ស្លាប់ និងរបួស តាមបទប្បញ្ញត្តិមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ និង គ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ និង គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ បន្តតាមនីតិវិធី។

សូមរំលឹកថា កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៥ វេណេម៉ោង១៧និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចលើផ្លូវ៦០ម៉ែត្រប្រសព្វផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឡើង ដោយឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៤៤ឆ្នាំ ដែលបានបើកបររថយន្តមួយគ្រឿងម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2BS-1023 ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពស្រវឹង មានកម្រិតជាតិអាល់កុល០.៤៦ Mg/L និងបានរេចង្កូតមកឆ្វេងចូលចំណែកផ្លូវនៃយានម្ខាងទៀត ទៅបុកនឹងម៉ូតូ មួយគ្រឿងម៉ាក HONDA CLICK ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ 1II-2330 ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ហេង រតនា ភេទប្រុស អាយុ២៩ឆ្នាំ និងកូនចំនួន២នាក់ ដែលជាអ្នករួមដំណើរ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ នន ចន្ទលក្ខណា ភេទស្រី អាយុ២៤ឆ្នាំ ដែលត្រូវជាប្រពន្ធ រងរបួសធ្ងន់។ ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្ក និងកសាងសំណុំរឿង បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

បច្ចុប្បន្នជនត្រូវចោទ ជាអ្នកបើករថយន្តរូបនេះកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរបន្ត៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print