ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក ព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំជាវិសាមញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិក ព្រឹទ្ធសភាចូលរួមចំនួន ៥៩រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ និងអនុម័តលើសេចក្តីស្នើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
អនុលោមតាមប្រការ ៨២ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាបច្ចុប្បន្ន សមាជិក សមាជិកា ព្រឹទ្ធសភា ចំនួន ២៣រូប បានស្នើសុំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ ការធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងនេះ គឺផ្អែកលើគោលការណ៍នីតិកម្ម នៃការរៀបចំបទប្បញ្ញត្តិគតិយុត្ត ដែលឆ្លើយ តបយ៉ាងសមស្របទៅនឹងតួនាទីរបស់ព្រឹទ្ធសភាដែលជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ។
សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ មាន១៧ជំពូក ចែកចេញជា ៨៩ប្រការ ដោយបានចែងលម្អិតអំពី «នីតិវិធីនៃសម័យប្រជុំ និងសកម្មភាពផ្សេងៗនៃព្រឹទ្ធសភា ព្រមទាំង រចនាសម្ព័ន្ធ និងយន្តការនានានៃព្រឹទ្ធសភា និងវិធានផ្ទៃក្នុងមួយចំនួន។ ការរៀបចំបទប្បញ្ញត្តិ នេះ ក៏ធ្វើឱ្យមានភាពងាយស្រួលយល់ និងមានលំដាប់លំដោយ ប្រទាក់ក្រឡាគ្នាពីបទប្បញ្ញត្តិ មួយទៅបទប្បញ្ញត្តិមួយ និងមានព័ត៌មានគ្រប់គ្រាន់ ដែលអាចដឹងបានយ៉ាងឆាប់រហ័សនូវទំនាក់ ទំនងជាមួយបទដ្ឋានគតិយុត្តផ្សេងទៀត។
សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការទទួលខុស ត្រូវខ្ពស់របស់ព្រឹទ្ធសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងដើម្បីធានានូវការអនុវត្តមុខងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសឱ្យស្របទៅនឹងបរិបទនៃការរីកចម្រើននៅក្នុងសេដ្ឋកិច្ច សង្គម ការវិវត្តឥតឈប់ឈរនៃប្រព័ន្ធបច្ចេកវិទ្យា និងដើម្បីឆ្លើយតបទៅនឹងទស្សនវិស័យវែងឆ្ងាយ របស់ព្រឹទ្ធសភានីតិកាលទី៥។
តំណាងសមាជិកព្រឹទ្ធសភាហត្ថលេខី អញ្ជើញមកការពារសេចក្តីស្នើវិសោធនកម្មបទបញ្ជា ផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងសហការី។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានសំឡេងគាំទ្រចំនួន ៥៩សំឡេង នៃចំនួនសមាជិក ព្រឹទ្ធសភាទាំងមូល។
ការអនុម័តបទបញ្ជាផ្ទៃក្នុងនាថ្ងៃនេះ ក៏ជាពេលវេលាដ៏សំខាន់បំផុតមួយនៃប្រវត្តិសាស្ត្រ កម្ពុជាយើង ដោយហេតុថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នេះ កាលពី៤០ ឆ្នាំមុន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាឯកច្ឆន្ទ ជាប្រធាន ក្រុមប្រឹក្សារដ្ឋមន្ត្រី ក្នុងវ័យ ៣២ឆ្នាំ (ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា)។ សមាជិក សមាជិកា ព្រឹទ្ធសភា ក្នុងអង្គប្រជុំជាវិសាមញ្ញទាំងមូល បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងពិតជាមានមោទនភាពបំផុតដែលបានបំពេញ ការងារក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដែលជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមបំផុត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា