ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យចំនួន០២នាក់ត្រូវបាន កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការឡោមព័ទ្ធទីតាំងសង្ស័យចំនួន០២កន្លែង ឃាត់ខ្លួន០២នាក់ រួមជាមួយវត្ថុតាងនឹងគ្រឿងញៀនជិត ២០កញ្ចប់ធំ អាវុធកែច្នៃ និងវត្ថុតាងជាច្រើនទៀត កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នៅក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន និងឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីកងអាវុធហត្ថក្រុងច្បារមន បានឱ្យដឹងថា ដោយមានការអនុញ្ញាតពី លោកមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការឡោមព័ទ្ធទីតាំងផ្ទះមួយកន្លែងនៅភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុក ចែកចាយ និងជួញដូរគ្រឿងញៀនដោយខុសច្បាប់។ ជនសង្ស័យឈ្មោះ ទិត្យ សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្នុងភូមិព្រៃប្រដាក់ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នៅក្នុងប្រតិបត្តិការនោះកម្លាំងជំនាញបានចាប់យកវត្ថុតាង រួមមាន ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៣កញ្ចប់(ធំល្មមចំនួន៣កញ្ចប់ តូចចំនួន១០កញ្ចប់) ទូរស័ព្ទចំនួន ២គ្រឿង និងម៉ូតូចំនួន០១គ្រឿង។
មន្ត្រីកងរាជអាវុធហត្ថបានបន្តថាក្រោយឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យ កម្លាំងមូលដ្ឋានក្រុងសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តនីតិវិធីឈានទៅឡោមព័ទ្ធទីតាំងផ្ទះជនសង្ស័យនៅភូមិព្រៃប្រដាក់ ឃុំធម្មតាអរ ស្រុកសំរោងទង ហើយឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ដែលមានឈ្មោះ ឃឹម វុត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅចំណុចចាប់ខ្លួន,ចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ៣កញ្ចប់ធំល្មម ទូរស័ព្ទចំនួន២គ្រឿង កាំភ្លើងកែឆ្នៃបាញ់គ្រាប់កង់មួយដើម និងវត្ថុតាងផ្សេងទៀតមួយចំនួន។
មន្ត្រីកងរាជអាវុធហត្ថក្រុងច្បារមន បានបញ្ជាក់បន្ថែមថា ក្រោយប្រតិបត្តិការត្រូវបានបញ្ចប់ ជនសង្ស័យទាំង ២ នាក់ រួមទាំងវត្ថុតាងត្រូវបាននាំខ្លួន និងយកមកកាន់ទី បញ្ជាការមូលដ្ឋានក្រុងច្បារមនសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការផ្លូវច្បាប់៕