បុរសជនជាតិព្នងម្នាក់ត្រូវដំរីជាន់ស្លាប់នៅឃុំស្រែព្រះ ស្រុកកែវសីមា

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បុរសជនជាតិព្នងម្នាក់បានស្លាប់ដោយសារដំរីជាន់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅចំណុចអូរច្រា ស្ថិតនៅភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

សពមានឈ្មោះ ព្លឹង គោញ  ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

តាមការបំភ្លឺពីកូនរបស់សព ឈ្មោះ គញ អនតូ ភេទប្រុស ដែលបានទៅរកឃើញសពឪពុកនៅចំណុចអូរច្រាបានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល៧និង០០នាទីព្រឹក ឪពុករបស់ខ្លួនបានចូលទៅក្នុងព្រៃម្នាក់ឯងដើម្បីទៅដាក់អន្ទាក់មាន់ព្រៃយកមកធ្វើម្ហូប ប៉ុន្តែ  រហូតដល់យប់ក៏មិនឃើញឪពុកខ្លួនត្រឡប់មកផ្ទះវិញដែរ រហូតដល់ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ខ្លួនបានទៅបបួលពូរបស់ខ្លួនឈ្មោះ លើម វន ដើម្បីទៅតាមរកឪពុករបស់ខ្លួនដែលបានបាត់។ពេលដែលខ្លួនកំពុងដើររកដល់ចំណុចអូរច្រា ស្ថិតនៅភូមិពូចា ឃុំស្រែព្រះ  ខ្លួនក៏បានរកឃើញសពរបស់ឪពុកបានដេកស្លាប់នៅលើដី  ភ្លាមនោះពូរបស់ខ្លួន ឈ្មោះ លើម វន ក៏បានទាក់ទងទៅប្រាប់ប្រជាការពារភូមិពូចា ឈ្មោះ លើម និ ដើម្បីឱ្យរាយការណ៍ទៅសមត្ថកិច្ច។

ក្រោយពេលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែព្រះ បានទទួលព័ត៌មានពីប្រជាការពារភូមិឈ្មោះ លើម និ តាមរយៈលេខទូរស័ព្ទនៅវេលាម៉ោង១០និង២៥នាទីថាមានករណីមនុស្សស្លាប់នៅចំណុចអូរច្រា ស្ថិតភូមិពូចា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែព្រះ ក៏បានចុះទៅដល់កន្លែងកើតហេតុ ដោយមានសមាសភាពចូលរួមពិនិត្យសាកសព និងពិនិត្យកន្លែងកើតហេតុមានដូចជា លោកមេភូមិ ប្រជាការពារ,ប្រពន្ធ,កូន និងបងប្អូនសាច់ញាតិនៃសព។

ក្រោយពេលពិនិត្យសាកសពចប់សព្វគ្រប់  កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែព្រះ សន្និដ្ឋានបានថា ឈ្មោះ ព្លឹង គោញ ពិតជាស្លាប់ដោយសារដំរីជាន់ពិតប្រាកដមែន មិនមែនជាករណីឃាតកម្មទេ ដោយមានស្លាកស្នាមជើងដំរីជាន់នៅចំណុចមុខ ជើង និងពោះ។

...

បច្ចុប្បន្នសពត្រូវបានប្រគល់ជូនទៅប្រពន្ធរបស់សព ឈ្មោះ ភ្យឺ ខូន  ដើម្បីធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print