ខ្មែរកាត់សែស្រឡាយត្រៀមខ្លួនរួចរាល់ សម្រាប់ការសែនចូលឆ្នាំចិន បង្ហាញយ៉ាងច្បាស់ចំពោះចំណងមិត្តភាព រវាងប្រជាជននៃប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ ៖ ខណៈដែលពិធីបណ្យចូលឆ្នាំចិន ឆ្នាំម្សាញ់ ឆ្នាំ២០២៥ នឹងចូលមកដល់ នៅរយៈពេលប៉ុន្មានថ្ងៃទៀត ប្រជាពលរដ្ឋខ្មែរ ដែលកាត់សែស្រឡាយចិន ក៏ដូចជា អាជីវករ លក់ដូរទំនិញ សម្រាប់ការសែននេះ បាននិងកំពុងត្រៀមខ្លួន រួចរាល់ហើយ សម្រាប់ជំនឿសុំសេចក្តីសុខ សេចក្តីចម្រើន នេះ។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចាត់ទុកការចូលរួមរបស់ប្រជាជនកម្ពុជាអបអរពិធីបុណ្យចូលឆ្នាំចិន បង្ហាញយ៉ាងច្បាស់ចំពោះចំណងមិត្តភាព រវាងប្រជាជននៃប្រទេសទាំងពីរ។

កញ្ញា លី ចេង បានប្រាប់ថា នៅកម្ពុជា មានអ្នកកាត់សែស្រឡាយចិន រួមទាំង គ្រួសាររបស់កញ្ញា បានត្រៀមខ្លួនសែន និងជួបជុំគ្នា អំឡុងពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៥។

«សំខាន់ គឺ អត្ថន័យចូលឆ្នាំចិន គឺបានជួបជុំ រួបរួម ជាមួយនឹងបងប្អូនទាំងអស់គ្នា បានជុំគ្នា»

ឆ្លើយតបនឹងសំណួរថា តើហេតុអ្វីបានជាខ្មែរយើង នៅតែប្រកាន់ខ្ជាប់ការសែននេះ ជាទៀងទាត់ កញ្ញា លី ចេង បានប្រាប់ថា ជាតិសាសន៍អ្វីក៏ដោយ យើងមិនគួរមានការប្រកាន់ទេ ពូជសាសន៍នោះទេ ដោយសារតែយើងរស់នៅក្នុងផែនដីតែមួយ។

«ជាតិសាសន៍អ្វីក៏ដោយ គួរតែរួបរួមគ្នា ទាំងអស់គ្នា មិនថាចិន ឬ ខ្មែរ ក៏ដោយ»

ចំពោះកញ្ញាវិញ បានបន្តរៀបចំពិធីសែនចិននេះ រហូតមកដល់ពេលបច្ចុប្បន្ន ព្រោះឱពុកម្តាយ កាត់សែស្រឡាយចិន កាចៀវ ហៃណាំ ជាដើម។ សម្រាប់ត្រៀមខ្លួន គឺរួចរាល់ហើយព្រោះជាទម្លាប់ ដូច្នេះ មុនថ្ងៃមកដល់ បានរៀបចំរួចរាល់ ដូចជា សែនជីដូនជីតា សម្រាប់ឆ្លងចូលឆ្នាំថ្មី។

រីឯ អ្នកនាង រក្សា បានបញ្ជាក់ថា មកដល់ពេលនេះ តាមបណ្តាផ្សារ អាជីវករ មានការចាប់ផ្តើមលក់ទំនិញ ហើយពលរដ្ឋបានរៀបចំតុបតែងផ្ទះសម្បែង និងទិញរបស់របរ ខ្លះៗ ជាបណ្តើរហើយ។

«ភាគច្រើន ពួកគាត់សែនចូលឆ្នាំចិន ព្រោះជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិន អញ្ចឹង គាត់មានជំនឿ ទម្លាប់សែន តាំងពីជីដូនជីតា សាច់ញាត ពីមុនៗ យូរមកហើយ ដោយសារតែប្រជាពលរដ្ឋ វប្បធម៌ ក៏ដូចជា ទំនៀមទម្លាប់ចិន គឺមានការសាយភាយច្រើន ទៅតាមបណ្តាប្រទេសផ្សេងៗ យើងឃើញថា ប្រទេសណា ដែលមានប្រជាជនចិនទៅដល់គឺ ជាប់សែស្រឡាយ គឺគាត់សែន ចឹង មានន័យថា មិនមែនតែក្នុងប្រទេសចិន មិនមែនសម្រាប់តែប្រជាជនចិនទេ អ្នកដែលជាប់សែស្រឡាយចិន នៅបណ្តាប្រទេសផ្សេងៗ គឺគាត់មានទម្លាប់នៃការសែន»។

ទាំងកញ្ញា លី ចេង និង អ្នកនាង រក្សា បានប្រាប់បែបនេះ ក្នុងពេលចូលរួមកម្មវិធីអបអរនៃការមកដល់ពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៥ ខាងមុខ ដែលរៀបចំឡើង នៅភ្នំពេញ កាលពីចុងសប្តាហ៍។

ជុំវិញបុណ្យចូលឆ្នាំចិន នេះដែរ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ នាពេលនោះថា ពិធីបុណ្យចូលឆ្នាំថ្មីចិនត្រូវបានដាក់បញ្ជូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ របស់អង្គការយូណេស្កូ បង្ហាញច្បាស់ថា «បុណ្យចូលឆ្នាំថ្មីចិន បានក្លាយជាបុណ្យចូលឆ្នាំ ទូទាំងពិភពលោក រួម ទាំងកម្ពុជា។ ការណ៍នេះ ត្រូវបានលោក Wang Wenbin ចាត់ទុកថា ពិធីបុណ្យចូលឆ្នាំថ្មីចិន គឺជាពិធីបុណ្យសម្រាប់ជនជាតិចិន និង ជនជាតិកម្ពុជា ហើយជាការបង្ហាញយ៉ាងសំខាន់ ចំពោះចំណងមិត្តភាព រវាងប្រជាជន នៃប្រទេសទាំងពីរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print