ខ្សឹបដាក់ត្រចៀក៖ មួយថ្ងៃកម្ពុជា​នាំចូល​ត្រី​ពីប្រទេសវៀតណាមជាង៣០០តោន

ចែករំលែក៖

បើទោះបីជាច្បាប់ហាមឃាត់យ៉ាងណាក្តី ប៉ុន្តែតម្រូវការចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាត្រូវការត្រីពីប្រទេសជិតខាង(វៀតណាម)ក្នុង មួយថ្ងៃមិនតិចជាង៣០០តោននោះទេ។ ក្រោមលេសនៃតម្រូវការនេះពួកឈ្មួញបន្តនាំត្រីខុសច្បាប់ចូលដោយសេរី រីឯសមត្ថកិច្ចជំនាញរដ្ឋបាលជលផលជាអ្នកសោយសុខកើបផលប្រយោជន៍រៀងរាល់ថ្ងៃមិនតិចម៉ឺនសែនដុល្លារនោះឡើយ ។

សកម្មភាពឈ្មួញនាំត្រីខុសច្បាប់ពីប្រទេសវៀតណាមកាត់តាមច្រកព្រំដែនខេត្តព្រៃវែង, កណ្តាល, តាកែវ, កំពតយកមកចែកចាយក្នុងរាជធានីភ្នំពេញយ៉ាងគគ្រឹក គគ្រេងក្រោមក្រសែភ្នែកមន្ត្រីរដ្ឋបាលជលផល។ ភាគច្រើននៃត្រីទាំងនោះត្រូវបាននាំចូលដោយខុសច្បាប់ ហើយដើម្បីថែទាំសារធាតុត្រីពួកឈ្មួញបានប្រើប្រាស់សារធាតុគីមីធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។ ទោះជាយ៉ាងនេះក្តីក៏គេមិនដែល ឃើញមន្ត្រីជំនាញទប់ស្កាត់សកម្មភាពខុសច្បាប់ទាំងនេះដែរ។ ពួកគេទទួលបានផល ប្រយោជន៍ពីឈ្មួញដឹកត្រីល្បីៗដូចជាឈ្មោះ តូម ជនជាតិវៀតណាមនេះជាដើម ។

ថ្មីៗនេះក្រសួងកសិកម្មបានចេញវិធានការទប់ស្កាត់ការនាំត្រីពីប្រទេសជិតខាង និងអំពាវនាវឲ្យប្រជាពលរដ្ឋចិញ្ចឹមត្រីរ៉ស់ ត្រីឆ្តោឡើងវិញដើម្បីបំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។ ប៉ុន្តែពួកសមត្ថកិច្ចជំនាញមិនបានព្យាយាមដោយយកចិត្តទុក ដាក់ក្នុងការបង្ហាត់បង្រៀនណែនាំប្រជាពលរដ្ឋឲ្យចិញ្ចឹមត្រីរ៉ស់ត្រីឆ្តោនោះទេ ប៉ុន្តែបែរ ជាបន្តឃុបឃិតជាមួយពួកឈ្មួញក្នុងការនាំត្រីពីប្រទេសវៀតណាមដោយខុសច្បាប់ទៅវិញ។ ការបង្រៀនឲ្យប្រជាពលរដ្ឋមានជំនាញចិញ្ចឹមត្រីនោះមានន័យថា គឺកាត់ បន្ថយការនាំត្រីពីបរទេស។ បើកាត់បន្ថយការនាំត្រីពីបរទេសគឺកាត់បន្ថយផល ប្រយោជន៍ខ្លួនឯង ។

ពួកឈ្មួញល្បីៗដូចជាឈ្មោះ តូម ជាដើម កំពុងតែរីកថ្លើមក្នុងការនាំត្រីខុសច្បាប់ ច្រើនប្រភេទយកមកចែកចាយលក់ក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃ។ ឈ្មួញម្នាក់នេះ អាចនាំត្រីរ៉ស់ និងត្រីចាបមិនតិចជាង៥០តោនក្នុងមួយថ្ងៃ ។ ទង្វើបែបនេះមិនត្រឹមតែ បំផ្លាញសុខភាពប្រជាពលរដ្ឋប៉ុណ្ណោះទេប៉ុន្តែជាយុទ្ធសាស្ត្រយូរអង្វែងដែលខ្ទប់លទ្ធភាពនៃការចិញ្ចឹមត្រីក្នុងស្រុកមិនឲ្យដំណើរការ ។ ដូច្នេះរដ្ឋបាលជលផលគួរចាត់វិធានការចំពោះការនាំត្រីដោយខុសច្បាប់ពីប្រទេសជិតខាងឲ្យបានម៉ឺងម៉ាត់ ៕

1111

...


1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print