អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៦ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិននិងព្រះអង្គម្ចាស់ Albert II ប្រមុខរដ្ឋម៉ូណាកូបានថ្វាយនិងផ្ញើសារលិខិតទៅវិញទៅមកអបអរសាទរខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងម៉ូណាកូ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានថ្លែងក្នុងសារលិខិតថា ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៣០ ឆ្នាំមក ទំនាក់ទំនងរវាងប្រទេសទាំងពីរចិន និងម៉ូណាកូទទួលបានការអភិវឌ្ឍ យ៉ាងល្អប្រសើរ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ម៉ូណាកូ ហើយមានឆន្ទៈក្នុងការធ្វើការជាមួយព្រះអង្គម្ចាស់ Albert II ដើម្បីចាត់ទុកខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាចំណុចចាប់ផ្តើមថ្មីដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសចិននិងម៉ូណាកូទទួលបានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ក្នុងន័យផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរឡើងជូនដល់ប្រជាជននៃប្រទេសទាំងពីរ។
គេហទំព័រ «CCFR China state-controlled media » ព្រះអង្គម្ចាស់ Albert II បានបន្កបន្ទូលក្នុងសារលិខិតថា ប្រទេសម៉ូណាកូ និងប្រទេសចិនមានលក្ខណៈខុសប្លែកគ្នាទាំងទំហំផ្នែកដី វប្បធម៌ និងលក្ខខណ្ឌជាតិ ប៉ុន្តែយើងតែងតែប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក ការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នាទៅវិញទៅមក ហើយសម្រេចបាននូវកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងវិស័យការពារបរិស្ថាន មហាសមុទ្រ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងវិស័យផ្សេងៗទៀត។ ខ្ញុំមានឆន្ទៈធ្វើការជាមួយលោកប្រធានរដ្ឋ ដើម្បីជំរុញទំនាក់ទំនងម៉ូណាកូ -ចិនឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃ ប្រទេស ទាំងពីរ ៕
ដោយ ៖ សិលា