Update : លៀសទម្ងន់១០តោន និង២៥០ការ៉ុងត្រូវបានសង្រ្គោះ ពីសំណាក់សមត្ថកិច្ចចម្រុះ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានឲ្យដឹងនាល្ងាចថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នេះថា ក្រុមការងារខណ្ឌរដ្ឋបាលជលផល ផ្នែករដ្ឋបាលជលផលក្រគរ សហការជាមួយ ក្រុមការងារបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប របស់យោធភូមិភាគទី-៥ កងទ័ពជើងគោក កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប  កងរាជអាវុធហត្ថស្រុកក្រគរ បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល បានប្រទះឃើញរថយន្ត១គ្រឿងកំពុងដឹកជញ្ជូនលៀស ដោយគ្មានលិខិតអនុញ្ញាត​ស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោកនាយខណ្ឌឲ្យដឹងទៀតថា ជាលទ្ធផលបង្រ្កាបបាន០២ករណី វត្ថុតាងរួមមាន បាឡា សំបកឈើ ទំហំ បណ្ដោយប្រវែង ១៥ម៉ែត្រ ទទឹង២ម៉ែត្រ និងជម្រៅ១.២ម៉ែត្រ មានផ្ទុកលៀសទម្ងន់១០តោនចំនួន០១គ្រឿង ។ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៏ទឹកប៊ិច ទ្រុងពណ៌ចំរុះ ពាក់ស្លាកលេខ 3B 4302 មានផ្ទុកលៀសចំនួន២៥០ការ៉ុង ០១គ្រឿង និងធ្វើការណែនាំអប់រំកម្មករបើកកាណូតចំនួន០៤នាក់ ដោយធ្វើកិច្ចសន្យាលាយលក្ខណ៍ជាអក្សរត្រឹមត្រូវ ។

នាយខណ្ឌរដ្ឋបាលជលផលដដែលឲ្យដឹងទៀតថា ចំពោះលៀសទាំងអស់ក្រុមការងារបានចាក់ចូលក្នុងទឹកបឹងទន្លេសាបវិញ ចំណែកមធ្យោបាយដឹកជញ្ជូន(កាណូត និងរថយន្ត)បានរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលជលផលក្រគរ ដើម្បីបន្តនីតិវិធី ដោយបានទទួលការអនុញ្ញាតពី លោក ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ។

បញ្ហាបទល្មើសធនធានធម្មជាតិ(ជលផល)នៅបឹងទន្លេសាប បច្ចុប្បន្ន ត្រូវបានគេសង្កេតឃើញកងកម្លាំងប្រដាប់ដោយអាវុធ(យោធា)កំពុងប្រត្តិបត្តិការយ៉ាងមមាញឹក ដោយកាប់បំផ្លាញចោលនូវឧបករណ៍ចាប់ត្រី(របាំងសាច់អួនក្រឡាល្អិតប្រវែង(វែង)ៗ និងចាក់លែងត្រីចំរុះល្អិតៗយ៉ាងសម្បើម ទើបតែពេលនេះឃើញបង្រ្កាបការដឹកជញ្ជូនលៀស ខណៈសកម្មភាពនេសាទ និងដឹកជញ្ជូនលៀស កើតមានយូរយារមកហើយពីសំណាក់មេឈ្មួញ បើមានការបង្រ្កាបពិន័យអន្តរការណ៍ដដែលៗ ឈ្មួញលៀសមុខដដែលៗ ម្ដងនេះក៍អាចជាករណីពិន័យដដែលៗមើលទៅ ។ ប្រជានេសាទភាគច្រើនសង្កេតឃើញមន្ត្រីថ្នាក់ជាតិ(ក្រសួងកសិកម្ម)ចុះមកផ្សព្វផ្សាយហាមដាច់ខាត មិនឲ្យធ្វើនេសាទអូសលៀសប្រើប្រាស់កញ្ចែងក្រឡាល្អិតនោះទេ ផ្ទុយទៅវិញនៅពេលយប់ៗលៀសល្អិតៗឡើងរថយន្តទាំងតោនៗ ថែមទាំងដឹកជញ្ជូននាំចេញទៅប្រទេសក្បែរខាងទៀតផង ដូចជាមិនយល់ ? ៕ ដោយៈ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print