ភ្នំពេញ: កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនលោកស្រី ម៉ន ដានី ម្ចាស់បុរីម៉ន ដានី កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅច្រកព្រំដែន អូរស្មាច់ ខេត្តឧត្ដរមានជ័យ ពាក់ព័ន្ធករណីចេញសែកស្អុយប្រមាណ ៦០ម៉ឺនដុល្លារ។
ការចាប់ខ្លួនលោកស្រី ម៉ន ដានី គឺសមត្ថកិច្ចអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនចេញដោយលោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
បើយោងដីកាបង្គាប់ឲ្យនាំខ្លួនបានបញ្ជាក់ថា បានឃើញ មាត្រា ១៨៩ និងមាត្រាបន្តបន្ទាប់ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ១៨០០ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ។
បានឃើញ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ២៩៣៩ អ.យ.គ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ របស់តំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បានឃើញ សំណុំរឿងស៊ើបសួរលេខ៣២៧៧ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ។
ដែលចោទប្រកាន់លើឈ្មោះ ម៉ន ដានី ភេទស្រី អាយុ៣៨ឆ្នាំ (១៣ ខែសីហា ឆ្នាំ១៩៨៥) សញ្ជាតិខ្មែរ កាន់អត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ០៤០៤៧០៨៣៩(០១)មានអាស័យដ្ឋានភូមិតាអិន សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ និង ផ្ទះលេខបេ៤៨ ផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ពីបទៈមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការ ទូទាត់ប្រាក់។
បានឃើញ ដីកាបង្គាប់ឱ្យចូលខ្លួនលេខ ៥២៥ “រ” ព្រ.ទ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤
ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញគប្បីសម្រេច នាំខ្លួន ឈ្មោះ ម៉ន ដានី ភេទស្រី អាយុ៣៨ឆ្នាំ (១៣ ខែសីហា ឆ្នាំ១៩៨៥) សញ្ជាតិខ្មែរ មកចំពោះមុខចៅក្រមស៊ើបសួរដើម្បីបំភ្លឺការពិត។
ហេតុដូច្នេះសម្រេច
១. បង្គាប់ឱ្យនាំខ្លួន ឈ្មោះ ម៉ន ដានី ភេទស្រី សញ្ជាតិខ្មែរ ដែលមានអត្តសញ្ញាណខាងលើនេះ។
២.បង្គាប់មកកងកម្លាំងសាធារណៈ ឱ្យចាប់ និង នាំខ្លួន ឈ្មោះ ខាងលើនេះ មកប្រគល់ជូនសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
សូមជម្រាបថា លោកស្រី ម៉ន ដានី ម្ចាស់បុរីម៉ន ដានី ត្រូវបានតុលាការចេញដីកា អោយចាប់ខ្លួន ពាក់ព័ន្ធនិងការចេញសែក គ្មានប្រាក់ជាង៦០ម៉ឺនដុល្លារ៕ ដោយ៖ ជ្រោយពេជ្រ