ថ្ងៃទី ១៦ ខែមករា នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានទៅទស្សនាខេត្តចំនួនបីនៅភាគខាងត្បូងបំផុត រួមមានខេត្តណារ៉ាធីវ៉ាត់ យ៉ាឡា និងប៉ាតានី ជាលើកដំបូង។ សន្តិសុខត្រូវបានបង្កើន ដើម្បីធានាសុវត្ថិភាពនៃដំណើរទស្សនកិច្ចនេះ ចំពេលមានការវាយប្រហារដោយហិង្សាជាញឹកញាប់នៅក្នុងតំបន់។
ឧត្តមសេនីយ៍ Phaisarn Sangnu មេបញ្ជាការយោធភូមិភាគទី៤ ក្រោមក្រសួងការពារជាតិថៃ បាននិយាយថា យោធា ប៉ូលិស និងអាជ្ញាធរមូលដ្ឋានកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងបង្កើនសកម្មភាពល្បាតនិងត្រួតពិនិត្យនៅតំបន់នោះ នាយករដ្ឋមន្ត្រី Paetongtarn នឹងធ្វើទស្សនកិច្ច និងធ្វើការ។ ក្រៅពីភ្នាក់ងារសន្តិសុខ ប្រជាជនក្នុងតំបន់ក៏ត្រូវបានលើកទឹកចិត្តឱ្យជួយផ្តល់ព័ត៌មាន ឬសញ្ញាគួរឱ្យសង្ស័យអំពីសកម្មភាពបំផ្លិចបំផ្លាញរបស់កងកម្លាំងឧទ្ទាមផងដែរ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachai ក៏បានបញ្ជាក់ផងដែរថា កងកម្លាំងមុខងារកំពុងត្រូវបានដាក់ពង្រាយ ដើម្បីធានាសុវត្ថិភាពដាច់ខាតសម្រាប់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី។
កន្លងមក អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Huangsap បាននិយាយកាលពីថ្ងៃទី ១៥ ខែមករា ថា លោកស្រី Paetongtarn នឹងធ្វើ ដំណើរចុះត្រួតពិនិត្យទៅកាន់ខេត្តចំនួនបីនៅភាគខាងត្បូងបំផុតគឺ ណារ៉ាធីវ៉ាត់ យ៉ាឡា និងប៉ាតានី។
ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីថៃនឹងមានកិច្ចប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាជនអំពីគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ព្រមទាំងវិធានការស្ដារសន្តិភាពក្នុងខេត្តភាគខាងត្បូង។ លើសពីនេះ លោកស្រី Paetongtarn ក៏នឹងមានការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសាសនា និងនិស្សិតមួយចំនួនអំពីកម្មវិធីអភិវឌ្ឍន៍សហគមន៍ផងដែរ។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Paetongtarn បានធ្វើឡើងក្នុងបរិបទនៃស្ថានការណ៍សន្តិសុខ និងសណ្ដាប់ធ្នាប់ដ៏ស្មុគស្មាញក្នុងខេត្តភាគខាងត្បូងបំផុត។ កាលពីថ្ងៃទី 13-14 ខែមករា មានការវាយប្រហារដោយហិង្សាចំនួនពីរទៅលើការអនុវត្តច្បាប់ រួមទាំងការបំផ្ទុះគ្រាប់បែកនៅខេត្ត Narathiwat ដែលបានសម្លាប់មន្ត្រីប៉ូលិសពីរនាក់៕ ដោយធីរីណា
រូបថត: Reuters