អាជ្ញាធរម៉ិចស៊ិកបានបញ្ជាក់កាលពីថ្ងៃទី១៦ ខែមករា ថា មនុស្សយ៉ាងតិច៦នាក់បានស្លាប់ បន្ទាប់ពីយន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់នៅជិតទីក្រុង La Yesca នៃរដ្ឋ Nayarit ភាគខាងលិច។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រសួងសន្តិសុខ និងការពារពលរដ្ឋម៉ិចស៊ិក (SSPC) បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី ១៥ ខែមករា (ម៉ោងក្នុងតំបន់) ប៉ុន្តែដោយសារស្ថានភាពដីមានសភាពគ្រោះថ្នាក់ខ្លាំង ក្រុមអ្នកជួយសង្គ្រោះពិបាកទៅដល់កន្លែងកើតហេតុ ហើយបានមកដល់កន្លែងកើតហេតុនៅព្រឹកបន្ទាប់។ ការស៊ើបអង្កេតបឋមបង្ហាញថា បន្ទាប់ពីហោះឡើង យន្តហោះនេះត្រូវបានគេជឿថា បានចាប់ផ្តើមមានបញ្ហាមេកានិក ហើយបន្ទាប់មកបានធ្លាក់នៅជិតស្ពាន Camotlan ។
ជនរងគ្រោះរួមមានអ្នកបើកយន្តហោះ២នាក់ និងអ្នករួមដំណើរ៤នាក់ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបញ្ជូនសពជនរងគ្រោះទៅសមត្ថកិច្ចជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់។ មូលហេតុនៃគ្រោះថ្នាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕